ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួន ព្រលានយន្តហោះនេះ បានបន្ថែមបន្ទប់រង់ចាំ និងកន្លែងសម្រាកពិសេសសម្រាប់អ្នកដំណើររង់ចាំជើងហោះហើរ ដែលជាផ្នែកមួយក្នុងការរួមចំណែកជួយប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់ តាមរយៈការបញ្ចូលនូវប្រណិតភាពនៃសេវាកម្ម ផលិតផល និងវប្បធម៌របស់កម្ពុជា។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចាត់ទុកដឹកជញ្ជូនតាមផ្លូវអាកាសជាសរសៃឈាមនៃការតភ្ជាប់សកលដ៏សំខាន់សម្រាប់ជួយគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ ជាក់ស្តែង រដ្ឋមន្ត្រីរូបនេះ បានចាត់ទុកការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបដ៏សំខាន់មួយនៃការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាប់យកកាលានុវត្តភាពថ្មីៗនៅលើឆាកអន្តរជាតិ។ បន្ថែមលើនេះ ការដាក់ឱ្យដំណើរការកន្លែងរង់ចាំពិសេស Plaza Premium First និង Plaza Premium Lounge នៅក្នុងអាកាសយានដ្ឋានអន្តរជាតិនេះ ជាការរួមចំណែកក្នុងការជួយជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍ដ៏ទាក់ទាញនៅក្នុងតំបន់ តាមរយៈការផ្តល់សេវាកម្ម និងម្អូបអាហារដ៏សម្បូរបែបរបស់កម្ពុជាដល់អ្នកដំណើរ។
ជាមួយគ្នានេះលោកជំទាវ ចម និម្មល បានចាត់ទុកការសហការរវាងក្រុមហ៊ុនអាកាសចរណ៍ អ្នកផ្គត់ផ្គង់ម្ហូបអាហារនៅអាកាសយានដ្ឋាន សណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ គឺជាការរួមចំណែកមួយក្នុងការជួយលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបានលើកទឹកចិត្តដល់ដៃគូសហការទាំងអស់ចូលរួមប្រើប្រាស់ទំនិញក្នុងស្រុកដូចជាវត្ថុអនុស្សាវរីយ៍ អាហារ និងភេសជ្ជៈ ជាពិសេសផលិតផលកសិកម្ម ដែលបានបង្កប់នូវប្រពៃណី និងឧត្តមភាពដែលឆ្លុះបញ្ចាំងពីប្រណិតភាព និងមោទនភាពវប្បធម៌ជាតិ។
គួរជម្រាបថា កិច្ចសហការរវាងក្រុមហ៊ុន Plaza Premium Group និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់ជូននូវបទពិសោធន៍អាកាសយានដ្ឋានដ៏ល្អឥតខ្ចោះរបស់កម្ពុជា ដែលគាំទ្រដល់ការរីកចម្រើនរយៈពេលវែងនាពេលអនាគត។ អាកាសយានដ្ឋានអន្តរជាតិនេះ មានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់១៣លាននាក់ ក្រោយដាក់ឱ្យដំណើរការដំណាក់កាលទី១ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់ នាពេលអនាគត៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា