អត្ថបទក្រុមហ៊ុន

ក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកវគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម


ចាប់តាំងពីមានឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះឥទ្ធិពលជាពិសេសដល់កុមារមកពីគ្រួសារក្រីក្របំផុតដែលភាគច្រើនរងការលំបាកដោយសារការបាត់បង់ចំណូល និងការងារ ។
ក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកវគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម

ការសិក្សាបានបង្ហាញថា ការផ្ដល់អាហារតាមសាលារៀនជួយឱ្យសិស្សផ្តោតអារម្មណ៍និងរៀនសូត្រឆាប់ចាំនិងចេះច្រើន និងរួមចំណែកឱ្យមានលទ្ធផលនៃការអប់រំប្រសើឡើង ព្រមទាំងជួយសម្រួលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ ខណៈដែលក្រសួងអប់រំ យុវជន និង កីឡា បង្កើតកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ហើយបានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក និងអំពាវនាវដល់ស្ថាបនឯកជន ឬអង្គការផ្សេងៗទៀត ចូលរួមផ្ដល់ស្បៀងអាហារជូនក្រុមគ្រួសារងាយរងគ្រោះ ជាពិសេសកុមារតាមសាលារៀនដែលប្រឈមការខ្វះខាតស្បៀងសម្រាប់ការបរិភោគ។

ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងដើម្បីឆ្លើយតបទៅនឹងកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជារបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលមានដូចជា អង្ករ ត្រីខ ទឹកសុីអៀវ កន្ទេល មុង ភួយ ខ្នើយ សាប៊ូដុសខ្លួន ច្រាស និង ថ្នាំដុសធ្មេញ ម៉ាស់ កាតាប សៀវភៅសរសេរ ខ្មៅដៃ និង ការ៉ូឡាចំនួន ២០០០ម៉ែត្រការ៉េ រួមទាំងថវិកាមួយចំនួនទៀត ឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម អតីតជាសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់សិស្សានុសិស្សពិការភ្នែក និងគថ្លង់ក្រីក្រជាច្រើននាក់ ដែលកំពុងរស់នៅ និងសិក្សានៅក្នុងសាលាផ្ទាល់ ហើយនេះក៏ជាលើកទីពីរហើយសម្រាប់ជំនួយឧបត្ថម្ភ ខណៈកាលពីឆ្នាំ ២០១៩ កន្លងទៅក្រុមហ៊ុនបានរៀបចំកម្មវិធី «កាតាបផ្ដល់ក្តីសង្ឃឹម» នៅក្នុងសាលាម្ដងរួចទៅហើយ ។

លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេសកំពង់ចាម បានលើកឡើងថា៖ «កុមារគ្រប់រូបមានសិទ្ធិរៀនសូត្រ មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈឬស្ថានភាពបែបណានោះឡើយ។ ហើយការផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ការរៀនសូត្ររបស់កុមារ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ ខណៈពួកគេគឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។ ជាក់ស្ដែង សិស្សពិការភ្នែក និងគថ្លង់ជាច្រើននាក់បាននឹងកំពុងតែបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ហើយខ្លះទៀតបច្ចុប្បន្នកំពុងបម្រើការងារជាមន្រ្តីនៅស្ថាប័នរដ្ឋ គ្រូបង្រៀនផ្នែកភ្លេង និងបុគ្គលិកនៅតាមក្រុមហ៊ុននានានៅទីក្រុងភ្នំពេញ ។ល។» លោកក៏បានសំដែងនូវអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំ ដែលតែងតែគិតគូក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសគាំទ្រដល់កុមារពិការភាពផ្សេងៗឱ្យបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតសង្គម គ្រួសារ និងខ្លួនឯង។ ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវទៅដល់សប្បុរសជនទាំឡាយ ចូលរួមផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅដល់កុមារ និងសិស្សានុសិស្សពិការភ្នែក និងគថ្លង់ឱ្យដូចក្មេងៗដែលមានកាយសម្បទាល្អ ព្រោះនេះគឺជាវាសនាដែលធម្មជាតិផ្ដល់ឱ្យពួកគេ។

លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ «ពិការភាពមិនមែនជាឧបសគ្គរារាំងដល់ភាពជោគជ័យរបស់មនុស្សម្នាក់ៗទេ គឺយើងខ្លួនឯងទេដែរជាអ្នកកំណត់អនាគត និងភាពជោគជ័យរបស់ខ្លួន។ លោកបានលើកឧទាហរណ៍បញ្ជាក់ពីបុគ្គលពិការភាពដែលទទួលបានជោគជ័យក្នុងក្ដីស្រមៃរបស់ពួកគេ ដែលមានដូចជា លោក Nick Vujicic ជនជាតិ អូស្ត្រាលី អាមេរិកាំង គ្មានដៃ គ្មានជើង បច្ចុប្បន្នគឺជាវាគ្មិនបង្កើតកម្លាំងចិត្ត ដែលបណ្តុះជីវិតដល់មនុស្សរាប់លាននាក់ទូទាំងពិភពលោក ជាអ្នកប្រកាសដំណឹងល្អ អ្នកនិពន្ធ និងជាប្រធានអង្គការមិនស្វែងរកកម្រៃ Life Without Limbs។ លោក Hirotada Ototake ជនជាតិជប៉ុន កើតមក គ្មានដៃ គ្មានជើង បច្ចុប្បន្នក្លាយជាអ្នកនិពន្ធ និងអ្នកជម្រុញកម្លាំងចិត្តដ៏ល្បីនៅជប៉ុន និងពិភពលោកផងដែរ។ ដោមានការតាំងចិត្ត និងតស៊ូព្យាយាមជំនះនូវរាល់ការលំបាកក្នុងជីវិត លោកទាំងពីរត្រូបានគេស្គាល់ថាជាវីរៈជនល្បីៗលើលោកដែលសុទ្ធតែជាជនពិការ តែទទួលបានជោគជ័យយ៉ាងខ្លាំងក្លាក្នុងជីវិត និងលើឆាកអន្តរជាតិ ហើយពួកគេសុទ្ធតែបានក្លាយជាគំរូនៃការតស៊ូ និងក្តីសង្ឃឹមក្នុងជីវិតសម្រាប់មនុស្សរាប់រយលាននាក់លើលោក។»

លោកក៏បានជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់ខិតខំរៀនសូត្រឱ្យពូកែ ដើម្បីកសាងស្នាដៃដ៏អស្ចារ្យដល់ប្រទេសជាតិ និងពិភពលោក ក៏ដូចជាសម្រាប់គំរូដ៏ល្អដល់កុមារពិការភាពដ៏ទៃ និងជំនាន់ក្រោយៗទៀតផងដែរ។ ទន្ទឹមនឹងនោះ លោកក៏សូមថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលបានខិតខំបំពេញការងារដឹកនាំ បង្ហាត់បង្រៀនដោយមិនគិតពីភាពនឿយហត់ ដល់សិស្សានុសិស្សពិការភាពជាច្រើននាក់។ ហើយជាលទ្ធផលរួមទាំងអស់គ្នា គឺបានសម្រេចចេញជាផ្លែផ្កាជាបន្តបន្ទាប់ ដោយសិស្សពិការភ្នែក និងគថ្លង់ជាច្រើននាក់បានឈានទៅក្ដីស្រមៃរបស់ពួកគេ។

សូមបញ្ជាក់ផងដែរ វិទ្យាល័យអប់រំពិសេសកំពង់ចាមមានទីតាំងស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ អតីតជាសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម របស់អង្គការគ្រួសារថ្មី ដែលបាន បង្កើតឡើងក្នុងឆ្នាំ២០០២ និងបានសម្ភោធជាផ្លូវការដោយ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នៅឆ្នាំ២០០៣ ហើយត្រូវបានប្តូរ ឈ្មោះទៅជា វិទ្យាល័យអប់រំពិសេសកំពង់ចាម ចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ តាមប្រកាសលេខ ១៣០៨ អយក.ប្រក ចុះថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វិទ្យាល័យអប់រំពិសេសកំពង់ចាម បានសម្ពោធខ្លោងទ្វារថ្មី ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារសិក្សាដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារចិនក្នុងតម្លៃជិត២ពាន់លានដុល្លារ នៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះ

បើទោះបី នៅអំឡុងវិបត្តិកូវីដ១៩ វិស័យកសិកម្ម បានជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់ តែវិស័យនេះនៅតែអាចឈរបានយ៉ាងរឹងមាំ និងបង្កើតឱកាសកាន់ត…

ទិន្នផលវារីវប្បកម្មកម្ពុជាសម្រេចបានជិត៣ម៉ឺនតោន ធ្លាក់ចុះជាង៧៥% នៅឆមាសទី១ឆ្នាំ២០២២

វិស័យវារីវប្បកម្មរបស់កម្ពុជា នៅតែជួបប្រឈមនឹងបញ្ហាជាច្រើននៅមួយរយៈចុងក្រោយកន្លងមកនេះ ពិសេសអំឡុងពេលកូវីដ១៩តែម្ដង ដែលវាបានធ្វើឲ្យទិន្នផលនៃវិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ