មន្ត្រីក្រសួងព័ត៌មាន

មន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានជំនឿទុកចិត្ត និងការផ្តល់តម្លៃ


ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត ដូចជារូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហរស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈ ឬការរាយការណ៍ព័ត៌មានដោយអសីលធម៌ ខុសគន្លងវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីសីលធម៌ល្អ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃ។
មន្ត្រីក្រសួងព័ត៌មាន
ដោយ

ទាំងនេះសុទ្ធសឹងជាទង្វើដែលអ្នកសារព័ត៌មានមិនត្រូវធ្វើដាច់ខាត ព្រោះជាទង្វើប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ សង្កេតឃើញថា ទង្វើបំពានក្រមសីលធម៌វិជ្ជាជីវៈបានកើតឡើងជារឿយៗក្នុងសង្គមកម្ពុជាទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន ដោយសារតែការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេសគឺការអនុវត្តការងារដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួន។

តាមរយៈទង្វើទាំងនេះ បានធ្វើឱ្យតម្លៃរបស់អ្នកសារព័ត៌មានដែលបានបំពានក្រមសីលធម៌ទាំងនោះធ្លាក់ចុះ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀត ដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលអាក្រក់ដល់អាជីពសារព័ត៌មានទាំងមូល។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា គ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផង សុទ្ធតែមានក្រមសីលធម៌ដែលអ្នកប្រកបអាជីពនោះត្រូវប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានមានសិទ្ធិសេរីភាពពេញលេញក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះត្រូវផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបានបន្តថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថា ការផ្សព្វផ្សាយរបស់ខ្លួនមិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ជាងនេះទៀត អ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការធានាថា ការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ អ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃអ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយឈរលើស្មារតីនៃលទ្ធផលសិក្ខាសាលាស្តីពីការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានអំពាវនាវដោយគូសបញ្ជាក់បន្ថែមថា ការគោរពក្រមសីលធម៌ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានមានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាតក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន និងកសាងបន្ថែមនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិនអះអាងថា ចិននឹងនៅតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជាគ្រប់កាលៈទេសៈ

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានប្រកាសជំហរយ៉ាងច្បាស់កាលពីថ្ងៃទី២២ ខែមេសា ថា មិនថាស្ថានការណ៍អន្តរជាតិបានប្រែប្រួលយ៉ាងណាក…

តាមដាន និងព្យាបាលភ្នែករបស់អ្នកឲ្យបានទាន់ពេលវេលា ជៀសវាងវិប្បដិសារីទៅថ្ងៃក្រោយ

ភ្នែក ជាសរីរាង្គចក្ខុវិញ្ញាណ ឬជាសរីរាង្គនៃគំហើញ ដែលអនុញ្ញាតឲ្យមនុស្សម្នាក់ៗមើលឃើញនូវអ្វីៗជុំវិញខ្លួន ក៏ដូចជាពិភពលោកដ៏ស្រស់ត្រកាស ប៉ុន្ដែ ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ