ការប្រកាសបើកតំបន់សម្បទានស្វែងរុករករ៉ែស៊ីម៉ងត៍នេះ ធ្វើឡើងក្រោយកម្ពុជាកំពុងត្រូវការរោងចក្រផលិតស៊ីម៉ងត៍បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលមានទំហំជាងការផ្គត់ផ្គង់។ ម្យ៉ាងទៀត ការបើកយុទ្ធនាការនេះ គឺដើម្បីឈានទៅកាត់បន្ថយ ឬឈប់នាំចូលស៊ីម៉ងត៍ពីប្រទេសដទៃនាពេលអនាគតផងដែរ។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ ដែលមានសមត្ថភាពអាចផលិតស៊ីម៉ងត៍បាន៩លានតោនក្នុងឆ្នាំ ខណៈកម្ពុជាមានតម្រូវមានស៊ីម៉ងត៍ប្រមាណ១៤លានតោនក្នុងមួយឆ្នាំ។
ក្រសួងរ៉ែនិងថាមពលកាលពីពេលថ្មីៗបានប្រកាសបើកតំបន់សម្បទានស្វែងរុករករ៉ែមួយកន្លែងទំហំ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល តំបន់ដែលក្រសួងបានប្រកាសបើកជាសាធារណៈនេះ គឺផ្តោតលើការស្វែងរកធនធានរ៉ែ ដែលបម្រើឲ្យផលិតកម្មផលិតស៊ីម៉ងត៍តែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា គោលបំណងនៃការប្រកាសនេះ គឺដើម្បីឲ្យក្រុមហ៊ុនជាតិ និងអន្តរជាតិដែលមានបំណងចង់ធ្វើអាជីវកម្មផលិតស៊ីម៉ងត៍នៅកម្ពុជាបានដឹងដំណឹងមួយនេះ ហើយវាជំហានមួយដែលក្រសួងតែងតែធ្វើមុនឈានដល់ការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនណាមួយ ដើម្បីស្វែងរកធនធានរ៉ែនៅកម្ពុជា។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា កត្តាដែលជំរុញឲ្យក្រសួងធ្វើបែបនេះ គឺបន្ទាប់ពីក្រសួងមើលឃើញពីតម្រូវការប្រើប្រាស់ស៊ីម៉ងត៍នៅក្នុងស្រុកចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយ គួបផ្សំបច្ចុប្បន្នការផលិតស៊ីម៉ងត៍ក្នុងស្រុកមិនទាន់អាចឆ្លើយតបនឹងទាន់តម្រូវការនៅឡើយ។ កត្តាបានជំរុញឲ្យកម្ពុជាត្រូវនាំចូលស៊ីម៉ងត៍ពីប្រទេសនានា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានជាង៩លានតោនក្នុងមួយឆ្នាំ ខណៈកម្ពុជាមានតម្រូវការស៊ីម៉ងត៍សម្រាប់ប្រើប្រាស់ប្រមាណ១៤លានតោនក្នុង១ឆ្នាំ។
ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានអះអាងថា តាមការសិក្សាបឋមរបស់មន្ត្រីជំនាញ តំបន់ដែលក្រសួងបានប្រកាសបើកខាងលើវាមានសក្តានុពល និងវត្ថុធាតុដើមសម្រាប់បម្រើឲ្យការផលិតស៊ីម៉ងត៍រួចទៅហើយ គ្រាន់តែមិនដឹងថា តើបរិមាណនេះអាចឈានដល់ការបើករោងចក្រផលិតស៊ីម៉ងត៍បាន ឬយ៉ាងណាតែប៉ុណ្ណោះ។ កត្តានេះវាទាមទារឲ្យក្រសួងត្រូវបើកយុទ្ធនាការស្វែងរកក្រុមហ៊ុនមួយ ដើម្បីសិក្សាវាយតម្លៃ និងរុកធនធានរ៉ែឲ្យបានជាក់លាក់។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា សម្រាប់ការផ្តល់អាជ្ញាបណ្ណរុករកធនធានរ៉ែដំបូងក្រសួងកំណត់ពេលឲ្យ៣ឆ្នាំ ហើយក្រោយសិក្សារួចក្រុមហ៊ុននឹងត្រូវសម្រេចចិត្តថាត្រូវបន្ត ឬបោះបង់ចោល។ ទន្ទឹមនឹងនេះក្រសួងរ៉ែ និងថាមពលស្នើឲ្យក្រុមហ៊ុនជាតិ និងអន្តរជាតិដាក់ពាក្យចូលរួមប្រជែងទាំងអស់គ្នា ខណៈការទទួលពាក្យផុតកំណត់ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២៕