ជើងឯក World Cup

តើជើងឯក World Cup ឆ្នាំ២០២២នេះនឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានលានដុល្លារ?


ការប្រកួត FIFA World Cup ឆ្នាំ២០២២នៅប្រទេសកាតា បាននិងកំពុងធ្វើឡើងហើយ តាំងតែពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកាមកម្ល៉េះ។ ការប្រកួតកីឡាលំដាប់ពិភពលោក៤ឆ្នាំម្ដងនេះ គឺជាព្រឹត្តិការណ៍កំពូលមួយដែលអាចរកចំណូលបានខ្ពស់បំផុត តួយ៉ាង សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបំណែកនូវកំណត់ត្រាប្រាក់ចំណូលដែលរកបានពីការរៀបចំកម្មវិធីដល់ទៅ ៧ពាន់៥រយលានដុល្លារអាមេរិកឯណោះនៅឆ្នាំ២០២២នេះ ខណៈដែលប្រាក់រង្វាន់សម្រាប់ផ្ដល់ជូនក្រុមជាម្ចាស់ជើងឯក ក៏មានរាប់សិបលានដុល្លារផងដែរ។
ប្រាក់រង្វាន់ World Cup នៅកាតាឆ្នាំ២០២២!

សម្រាប់ការប្រកួត World Cup ឆ្នាំនេះ មានប្រទេសចំនួន៣២ដែលឡើងមកដល់ជុំចុងក្រោយ បន្ទាប់ពីប្រកួតជម្រុះអស់ជាច្រើន រួមមានក្រុមធំៗដូចជា អាហ្សង់ទីន បារាំង និងប្រេស៊ីលជាដើម សុទ្ធតែបានកំណត់គោលដៅចង់កាន់កាប់ជើងឯកនៅក្នុងឆ្នាំនេះ ដើ​ម្បីជាមុខមាត់និងមោទនភាពរបស់​ប្រទេសជាតិរៀងៗខ្លួន នៅក្នុងវិស័យកីឡាបាល់ទាត់។ ក្រៅតែពីមុខមាត់ ទោះបានជ័យលាភីឬមិនបានក៏ដោយ ក្រុមនីមួយៗក៏នឹងទទួលបានប្រាប់ឧបត្ថម្ភពី សហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងដែរទាំងក្រុមជើងឯក និងមិនបានជើងឯក។ តើ​ចំពោះ​ក្រុមជើងឯកលើកពាន World Cup នៅឆ្នាំនេះវិញ តើនឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានលានដុល្លារដែរ?

ក្រុមកីឡាចំនួន ៣២ ក្រុមនឹងធ្វើការប្រកួតមួយខែពេញ សរុបមាន៦៤ប្រកួត នៅរដូវ World Cup ឆ្នាំ២០២២នេះ ហើយគេនឹងអាចរកឃើញម្ចាស់ជើងឯក បាល់ទាត់ពិភពលោកនៅចុងខែធ្នូនេះ។ បើតាមការចុះផ្សាយរបស់គេហទំព័របាល់ទាត់ដ៏ល្បី Goal.com ជើងឯកបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០២២នេះ នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៤២លានដុល្លារអាមេរិក កើនឡើងប្រមាណ៤លានដុល្លារបើធៀបនឹងប្រាក់រង្វាន់ជើង​ឯកកាល​ពី World Cup ឆ្នាំ២០១៨​ ដែលបានធ្វើឡើងក្នុងប្រទេសរុស្ស៊ី។

គួរកត់សម្គាល់ថា ព្រឹត្តិការណ៍ដែលរៀបចំឡើងអស់២២លើកមកហើយនេះ គឺប្រាក់រង្វាន់សម្រាប់ជើងឯក គឺមានការកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ ១៩៨២ អ៊ីតាលីដែលជាជើងឯកទទួលបានប្រាក់រង្វាន់​ត្រឹមតែ ២លាន២សែនដុល្លារប៉ុណ្ណោះ ខណៈទើបតែចាប់ពីឆ្នាំ២០០៦មកទេ ដែលជើងឯកចាប់ផ្តើមទទួលបានប្រាក់ច្រើនជាង១០លានដុល្លារជាលើកដំបូង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០០៦នោះ អ៊ីតាលីដែលជាជើងឯកទទួលបានរង្វាន់២០លានដុល្លារ ហើយក៏បន្តកើនឡើងជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្ន។

ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ សម្រាប់ក្រុមប្រទេសដែលរងជើងឯក មានន័យថា​ចំណាត់ថ្នាក់លេខ២គឺនឹងទទួលបាន ៣០លានដុល្លារ ចំណាត់ថ្នាក់លេខ៣បាន ២៧លានដុល្លារ និងលេខ៤ទទួលបាន ២៥លានដុល្លារ។ ក្រៅពីនោះ ក្រុមដែលឡើង​មកដល់វគ្គ១៦ក្រុមចុងក្រោយ​នឹងទទួលបាន១៣លានដុល្លារ និងក្រុមដែលឡើងដល់វគ្គ៨ក្រុមចុងក្រោយ ទទួលបាន១៧លានដុល្លារ។ សម្រាប់ក្រុមដែលត្រូវហាលអាវ ពោលគឺធ្លាក់ចេញតាំងពីវគ្គជម្រុះក្នុងពូល នឹងទទួលបានប្រាក់លើកទឹកចិត្ត៩លានដុល្លារ។ នេះបើតាមគេហទំព័រ Goal.com ដដែល។

ក្នុងចំនួនទាំងនេះ បានសេចក្តីថា ប្រទេសដែលឡើងដល់វគ្គ៤ក្រុមចុងក្រោយនៅ World Cup ឆ្នាំនេះ​ទទួលបានប្រាក់ច្រើនជាង​ម្ចាស់ជើងឯកកាលពីឆ្នាំ២០០៦ទៅទៀត។

យើងអាចនឹងភ្ញាក់ផ្អើលពីទឹកប្រាក់ដែលសហព័ន្ធបាល់ទាត់ពិភពលោកផ្តល់ឱ្យក្រុមដែលបានចូលរួម និងឈ្នះជើងឯក។ ប៉ុន្តែគួរកត់សម្គាល់ថា FIFA ក៏ទទួលបានប្រាក់ចំណេញមិនតិចដែរ ពីការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងមួយនេះ។

បើតាមការចុះផ្សាយ​ចុងក្រោយមួយកាលពីថ្ងៃទី២០ខែវិច្ឆិកា ដោយទីភ្នាក់ងារសារព័ត៌មាន AP សហព័ន្ធបាល់ទាត់ពិភពលោក FIFA ទទួលបានប្រាក់ចំណូលខ្ពស់បំផុតបំណែកកំណត់ត្រា ចំនួន ៧ពាន់៥ រយលានដុល្លារក្នុងរយៈពេល៤ឆ្នាំនៃកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា។

ទោះយ៉ាងណា យើងនឹងបានដឹងថាក្រុមមួយណាជាជើងឯក ហើយទទួលបានប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់នេះនៅចុងខែធ្នូខាងមុខ ខណៈចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំ ១៩៣០ មកទល់នឹងពេលនេះ ប្រទេសប្រេស៊ីល គឺជាអ្នកគ្រងជើងឯកច្រើន​ជាង​គេដល់ទៅ ​៥ដង។ អ៊ីតាលី និង​អាល្លឺម៉ង់​តាមពីក្រោយ ដោយធ្លាក់ឈ្នះជើងឯកម្នាក់៤សម័យកាល៕




អត្ថបទបន្ទាប់


ក្រសួងរ៉ែប្រកាសស្វែងរកក្រុមហ៊ុនឯកជន ដើម្បីរុករក និងផលិតស៊ីម៉ងត៍នៅខេត្តកំពត

ព័ត៌មាន
ក្រសួងរ៉ែ និងថាមពលបានបើកយុទ្ធនាការស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាព និងគុណវុឌ្ឍិ ដើម្បីសិក្សាស្វែងរកធនធានរ៉ែ ដែលបម្រើឲ្យការផលិតស៊ីម៉ងត៍លើត…

ទីបំផុត លោក អានវ៉ា អ៊ីប្រាហ៊ីម បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីហើយ ក្រោយរង់ចាំអស់ជាង២០ឆ្នាំ

ព័ត៌មាន
លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីហើយ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកានៅចំពោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ