សារព័ត៌មាន VN Express បានរាយការណ៍ថា ព្យុះនេះបានបង្កើនកម្លាំងនៅតាមផ្លូវទៅកាន់ភាគកណ្តាលប្រទេសវៀតណាម ដោយវាត្រូវបានគេរំពឹងថានឹងបង្កឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំងនៅតំបន់ដីគោកចាប់ពីរសៀលថ្ងៃព្រហស្បតិ៍ ។
លោក ម៉ៃ វ៉ាន់ ឃៀម (Mai Van Khiem ) នាយកមជ្ឈមណ្ឌលជាតិព្យាករណ៍អាកាសធាតុ និងជលសាស្ត្រ វៀតណាម បានព្រមានថា ចលនាល្បឿនរបស់ព្យុះនេះអាចនឹងបោកខ្ទប់តំបន់ ក្វាងង៉ៃ និង ចាឡៃ ( Quang Ngai-Gia Lai )ធ្ងន់ធ្ងរ ហើយនឹងធ្វើដំណើរដល់ព្រំដែនវៀតណាម និង ឡាវ នៅថ្ងៃសុក្រនៅក្នុងល្បឿនពី ៧៥ទៅ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
បន្ទាប់មក ព្យុះនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយយ៉ាងឆាប់រហ័សទៅជាសម្ពាធត្រូពិច និងទីបំផុតក្លាយជាប្រព័ន្ធសម្ពាធទាបលើភាគខាងកើតប្រទេសថៃ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ព្យុះនេះ និង ព្យុះទី២៦ គឺព្យុះ ហ្វុងវង់ អាចធ្វើឲ្យកម្ពុជារងឥទ្ធិពលកម្រិត ២០% ហើយវាអាចបង្ករជាភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងប៉ះពាល់ដល់ផ្ទៃដីនៅតំបន់ទំនាប់កណ្តាល២០% តំបន់ខ្ពង់រាប ២៥% ហើយតំបន់មាត់សមុទ្ររង្វង់៤០ % ខណៈដែលរលកសមុទ្រអាចមានកំពស់ ពី កន្លះម៉ែត្រទៅដល់ ២,៥០ ម៉ែត្រកន្លះ ។