វិស័យហិរញ្ញវត្ថុ

ភ្នាក់ងារ Moody's កាត់បន្ថយទស្សនវិស័យកំណើនមកអវិជ្ជមានចំពោះធនាគារចិន ហុងកុង និងម៉ាកាវ ខណៈរដ្ឋាភិបាលចិនថាគ្មានអីត្រូវបារម្ភ


ទីភ្នាក់ងារសេវាកម្មវិនិយោគរបស់ក្រុមហ៊ុន Moody's កាលពីថ្ងៃពុធ បានបង្ហាញពីការទម្លាក់ចំណាត់ឥណទានអង្គភាពជាច្រើន ដែលគាំទ្រដោយរដ្ឋាភិបាលចិន ដែលផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធនាគារគ្រប់គ្រងដោយរដ្ឋ និងតំបន់នៃទីក្រុងហុងកុង និងម៉ាកាវ ផងដែរ។
វិស័យហិរញ្ញវត្ថុ
ដោយ

ការកាត់បន្ថយទស្សនវិស័យកំណើននេះ កើតឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារនេះបានកាត់បន្ថយទស្សនវិស័យចំពោះចំណាត់ថ្នាក់ឥណទានរដ្ឋរបស់ប្រទេសចិន ក្រោយមើលឃើញ និងព្រួយបារម្ភកាន់តែខ្លាំងឡើងលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសនេះ ក្នុងការដោះស្រាយជាមួយនឹងការកើនឡើងបំណុលដែលលាក់កំបាំង ចំពេលមានការធ្លាក់ចុះមិនធ្លាប់មានក្នុងវិស័យអចលនទ្រព្យ។​

ក្រុមហ៊ុន Moody's បានបន្ទាបចំណាត់ថ្នាក់ភ្នាក់ងារផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលក្នុងស្រុកចិនចំនួន២៦ ខណៈផ្លាស់ប្តូរទស្សនវិស័យភ្នាក់ងារផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល ចំនួន២២ផ្សេងទៀតទៅរកភាពអវិជ្ជមានពីមានស្ថិរភាព។ លោក Stephen Tang អ្នកវិភាគនៅក្រុមហ៊ុន Moody's ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយនៅក្នុងរបាយការណ៍មួយថា សកម្មភាពវាយតម្លៃថ្មីនេះ ត្រូវបានជំរុញជាចម្បងដោយការផ្លាស់ប្តូរទស្សនវិស័យទៅជាអវិជ្ជមានពីស្ថិរភាពលើចំណាត់ថ្នាក់ឥណទានរបស់រដ្ឋាភិបាលចិន។

ក្នុងនោះ ទស្សនវិស័យការវាយតម្លៃរបស់ធនាគាររដ្ឋរបស់ចិន ចំនួន៨ ក៏ត្រូវបានផ្លាស់ប្តូរទៅជាអវិជ្ជមានពីស្ថិរភាពផងដែរ។ ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូលនៃប្រទេសចិន គឺស្ថិតក្នុងចំណោមធនាគារបីផ្នែកគោលនយោបាយ។ នៅសល់ប្រាំទៀត គឺជាធនាគារផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មសំខាន់ៗដូចជា ធនាគារកសិកម្មនៃប្រទេសចិន (ABC) ធនាគារចិន (BOC) ធនាគារសំណង់ចិន (CCB) ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) និងធនាគារសន្សំប្រៃសណីយ៍នៃប្រទេសចិន។

ក្រៅពីនោះ ក្រុមហ៊ុនរដ្ឋធំៗផ្សេងទៀត និងតំបន់រដ្ឋបាលពិសេសពីររបស់ចិន គឺទីក្រុងហុងកុង និងម៉ាកាវ ក៏រងផលប៉ះពាល់ផងដែរ។ ក្រុមហ៊ុន Moody's បានកែសម្រួលទស្សនវិស័យចុះមកអវិជ្ជមានពីមានស្ថិរភាពសម្រាប់ហុងកុង និងម៉ាកាវ។ ការព្រមានទម្លាក់ចំណាត់ថ្នាក់នេះ ហាក់មានឥទ្ធិពលតិចតួចលើទីផ្សារមូលបត្របំណុលរបស់ប្រទេសចិន កាលពីថ្ងៃពុធ ដោយទិន្នផលគោលរយៈពេល១០ឆ្នាំនៅសល់យ៉ាងច្រើនប្រហែល២,៧%។

ខណៈប្រាក់យន់បានធ្លាក់ចុះបន្តិចបើធៀបនឹងប្រាក់ដុល្លារ។ តាមលោក Tai Hui ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារប្រចាំតំបន់អាស៊ី នៅក្រុមហ៊ុន J.P. Morgan Asset Management បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកមិនខ្វល់ច្រើនចំពោះការទម្លាក់ចំណាត់ថ្នាក់នោះទេ ដោយសារតែលោកក៏មានការទម្លាក់ចំណាត់ថ្នាក់នៅសហរដ្ឋអាម៉េរិក ក្នុងខែវិច្ឆិកា ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ។

ស្របពេលជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានច្រានចោលការព្រួយបារម្ភរបស់​ Moody's នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា សមាមាត្រនៃបំណុលរបស់រដ្ឋាភិបាលទៅនឹងផលិតផលក្នុងស្រុកសរុប គឺមាន៥០,៤% ក្រោមបន្ទាត់ព្រមាន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំនួន៦០%។ រដ្ឋាភិបាលហុងកុង ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដែរ ដោយវាយបកប្រឆាំងនឹងការទម្លាក់ទស្សនវិស័យទៅអវិជ្ជមានរបស់ក្រុមហ៊ុន Moody ដែរ។ ក្រុមហ៊ុន Moody's បានព្យាករ​ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង៤% នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជាមួយនឹងអត្រាធ្លាក់ចុះជាមធ្យម៣,៨% ក្នុងមួយឆ្នាំៗនៅចន្លោះឆ្នាំ២០២៦ ដល់២០៣០។

ភ្នាក់ងារនេះបាននិយាយថា ការផ្លាស់ប្តូរប្រជាសាស្រ្ត និងកត្តារចនាសម្ព័ន្ធផ្សេងទៀតនឹងបន្ថយអត្រាកំណើនសក្តានុពលរបស់ប្រទេសចិន មកនៅប្រហែល៣,៥% ត្រឹមឆ្នាំ២០៣០។ ជាមួយនឹងភាពចាស់ជរានៃចំនួនប្រជាជនរបស់ប្រទេសចិន ការកើនឡើងនៃការចំណាយសុខុមាលភាពអាចនាំឱ្យមានឱនភាព​​កាន់តែច្រើន និងការចេញបណ្ណបំណុលរដ្ឋ ដែលវានឹងដាក់សម្ពាធបន្ថែមទៀតដល់ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសចិន។ ក្រុមហ៊ុន Moody's ក៏បានព្រមានអំពីហានិភ័យបទប្បញ្ញត្តិនៅក្នុងប្រទេសចិន ដោយចង្អុលទៅការបង្រ្កាបរបស់រដ្ឋាភិបាលនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងការអប់រំរបស់ខ្លួនផងដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលមីយ៉ាន់ម៉ានឹងបញ្ឈប់ការកំណត់អត្រាប្តូរប្រាក់បរទេស ដោយទុកឱ្យ ធនាគារឯកជន និងឈ្មួញប្ដូរប្រាក់សម្រេចខ្លួនឯង

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធទី៦ ខែធ្នូថា ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ានឹងលែងកំណត់អត្រាប្តូរប្រាក់សម្រាប់រូបិយប័ណ្ណបរទេសទៀត…

ចិនលែងខ្វល់ពីអាម៉េរិកលើការរិតត្បិតសម្ភារសៀគ្វីដែលជាគ្រឿងសំខាន់សម្រាប់ផលិតរថយន្តអគ្គិសនី

ព័ត៌មាន
ដោយសារតែតម្រូវការបន្ទះសៀគ្វីអេឡិចត្រូនិក ចេះតែកើនឡើងគួបផ្សំនឹងការរិតត្បិតរបស់អាម៉េរិក ក្រុមហ៊ុនផលិតរថយន្តរបស់ចិន កំពុងតែប្រកាសផ្គត់ផ្គង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ