
លោកស្រី ផូឡា ខាំមីង (Paula Comings) ប្រធានផ្នែកលក់រូបិយប័ណ្ណនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក US Bancorp បានទម្លាយឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់បរទេសកាន់តែច្រើនបានស្នើសុំការទូទាត់ទំនិញជារូបិយប័ណ្ណជាតិរបស់ពួកគេជំនួសការទូទាត់ជាប្រាក់ដុល្លារអាម៉េរិក។ លោកស្រីថា បណ្ដាក្រុមហ៊ុនអាម៉េរិក ទទួលបានដំណឹងនេះ ពីបណ្ដាក្រុមហ៊ុនបរទេសដែលជាដៃគូសហការដែលចូលចិត្តការទូទាត់ទំនិញជាប្រាក់អឺរ៉ូ លុយយន់ ចិន ឬប្រាក់ដុល្លារកាណាដា ដើម្បីបញ្ចៀសហានិភ័យនៃការប្រែប្រួលអត្រាប្ដូរប្រាក់នៃលុយដុល្លារអាម៉េរិក។
ប្រធានផ្នែកលក់រូបិយប័ណ្ណរូបនេះបានគូសបញ្ជាក់ថា កាលពីមុនប្រាក់ដុល្លារអាម៉េរិក ត្រូវប៉ាន់ខ្លាំងណាស់ ពោលគឺជាជម្រើសកំពូលសម្រាប់ការទូទាត់។ ប៉ុន្តែនៅឆ្នាំនេះប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃ ៨% ដែលធ្វើឱ្យតម្លៃទំនិញគ្មានស្ថិរភាព ហើយពិបាកនឹងចំណេញ។ ដោយសារតែបែបនេះហើយបានជាក្រុមហ៊ុននាំចេញបរទេសកាន់តែច្រើនលែងចង់បានការទូទាត់ទំនិញជាលុយដុល្លារអាម៉េរិក។
ក្រុមអ្នកវិភាគនៅធនាគារអាម៉េរិក Citigroup ជឿថា ការផ្លាស់ប្តូរខ្លាំងអាចនឹងកើតមានទៅបាន លុះត្រាតែបណ្ដាក្រុមហ៊ុនពាណិជ្ជកម្មនៅអាស៊ី និងតំបន់អាម៉េរិកឡាទីន រួមគ្នាផុសផុលកាន់តែខ្លាំងក្នុងការចៀសវាងការទូទាត់ជាលុយដុល្លារអាម៉េរិក ដែលជំរុញដោយភាពតានតឹងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។
ទោះបីយ៉ាងណាប្រាក់ដុល្លារអាម៉េរិក នៅតែគ្របដណ្ដប់ច្រើនលើសលប់ក្នុងការធ្វើពាណិជ្ជកម្ម ពោលគឺគ្របដណ្ដប់ស្ទើរតែទាំងស្រុងនៅទ្វីបអាម៉េរិក និងគ្របដណ្ដប់៧៥% នៅអាស៊ី-ប៉ាស៊ីហ្វិក៕
ដោយ: តែម សុខុម