យោងតាមទិន្នន័យរបស់ក្រុមហ៊ុនអន្តរជាតិ IFI Claims Patent Services ដែលជាក្រុមហ៊ុនឯកទេសខាងវិភាគទិន្នន័យប៉ាតង់ និងទស្សនវិស័យកម្មសិទ្ធិបញ្ញាបង្ហាញថា នៅក្នុងឆ្នាំ២០២៤ មានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ ដែលទទួលបានប៉ាតង់បើកអាជីវកម្មនៅលើទឹកដីសហរដ្ឋអាម៉េរិកច្រើនជាងក្រុមហ៊ុនចិន ដែលនេះមិនរាប់បញ្ចូលក្រុមហ៊ុនអាម៉េរិក នោះទេ។ ទិន្នន័យដដែលបានបង្ហាញថា បណ្ណប៉ាតង់ដែលបណ្ដាក្រុមហ៊ុនរបស់ប្រទេសចិន ទទួលបានសម្រាប់ការបើកអាជីវកម្មនៅលើទឹកដីសហរដ្ឋអាម៉េរិក មានរហូតដល់ទៅ២ម៉ឺន៨ពាន់២៥៨ប៉ាតង់ ដោយកើនឡើង៣២% បើធៀបនឹងឆ្នាំ២០២៣ ដែលជាកំណើនខ្ពស់លើសប្រទេសណាៗទាំងអស់។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលជាគូប្រជែងដ៏ស្វិតស្វាញ គឺជាហត្ថលេខីនៃសន្ធិសញ្ញាប៉ាតង់ និងកម្មសិទ្ធិបញ្ញាអន្តរជាតិសំខាន់ៗដែលតម្រូវឱ្យផ្ដល់ឱកាសស្មើភាពចំពោះអ្នកដាក់ពាក្យសុំស្នើសុំបណ្ណប៉ាតង់បើកអាជីវកម្មទាំងអស់ និងទទួលស្គាល់ជាអន្តរជាតិនូវប៉ាតង់នៃបណ្ដាប្រទេសផ្សេងៗ។
ចាប់តាំងពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ មក មហាយក្សចិន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងច្បាប់កម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីបំពេញតាមស្តង់ដារពិភពលោក និងបានជំរុញសកម្មភាពប៉ាតង់របស់ខ្លួន។ ទិន្នន័យផ្លូវការបានបង្ហាញថា ប៉ាតង់អាជីវកម្មដែលបណ្ដាក្រុមហ៊ុនចិន ទទួលបានសរុបនៅលើទឹកដីសហរដ្ឋអាម៉េរិក បានកើនឡើងពីកម្រិតមិនដល់១% ក្នុងឆ្នាំ២០១០ ឈានរហូតដល់ជិត៩% នៅក្នុងឆ្នាំ២០២៤៕
ដោយ: តែម សុខុម