
បច្ចុប្បន្នស្ថានភាពនៅតាមព្រំដែនមិនមានភាពតានតឹងគួរឱ្យកត់សម្គាល់នោះទេ បើទោះបីកម្លាំងរបស់ថៃ តែងតែធ្វើសកម្មភាពគឃ្លើននៅមួយរយៈចុងក្រោយក៏ដោយ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានអះអាងថា បច្ចុប្បន្នស្ថានភាពនៅតាមព្រំដែនកម្ពុជា ជាមួយថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មិនមានការប៉ះទង្គិចប្រដាប់អាវុធ និងមានភាពតានតឹងគួរឱ្យកត់សម្គាល់នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋជាង២០គ្រួសារបានចាកចេញពីលំនៅឋានទៅកាន់មណ្ឌលសុវត្ថិភាព ដោយសារពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុដែលបណ្ដាលឱ្យពលរដ្ឋសម្រេចភៀសសឹកឡើងវិញនេះក៏ព្រោះតែពលរដ្ឋទទួលបានព័ត៌មានមិនប្រក្រតីលើបណ្ដាញសង្គមច្រើន ដែលធ្វើឱ្យពួកគេកើតមានអារម្មណ៍ភ័យខ្លាចហើយនាំគ្នាជម្លៀសពីទីលំនៅដោយខ្លួនឯង មិនមែនជាវិធានការរបស់រដ្ឋបាលខេត្តនោះទេ។
មិនខុសគ្នានោះទេ លោក គឹម ចាន់បញ្ញា អ្នកនាំពាក្យខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោយពលរដ្ឋមានភាពភ័យខ្លាច និងមិនអាចស្នាក់នៅជិតតំបន់ដែលកំពុងមានជម្លោះជាមួយថៃ ហើយស្របពេលពលរដ្ឋទទួលបានព័ត៌មានមិនផ្លូវការច្រើនផងនោះ បានធ្វើឱ្យពួកគេសម្រេចចិត្តជម្លៀសខ្លួនសារថ្មីម្ដងទៀត។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ នៅថ្ងៃទី២៤ និង២៥ ខែកញ្ញា មានពលរដ្ឋជិត១០០គ្រួសារបានវិលត្រឡប់មកមណ្ឌលសុវត្ថិភាពវិញ ដែលចំនួននេះរដ្ឋបាលខេត្តអាចគ្រប់គ្រងស្ថានភាពបាន។
យ៉ាងណាមិញអ្នកនាំពាក្យខេត្តឧត្តរមានជ័យ និងព្រះវិហារ ស្នើដល់ពលរដ្ឋកុំឱ្យមានភាពភ័យខ្លាចដោយត្រូវជឿជាក់លើរដ្ឋាភិបាល និងតាមដានរាល់ព័ត៌មានដែលមានប្រភពច្បាស់ការ និងច្បាស់លាស់៕
អត្ថបទ៖ ជា ម៉ារ៉ា