
ក្រុមហ៊ុនស្រាវជ្រាវមួយបានព្យាករថា ហាងសរុបរហូតដល់ទៅ១៥.០០០កន្លែង នៅសហរដ្ឋអាម៉េរិក ប្រឈមហានិភ័យបិទទ្វារ នៅក្នុងឆ្នាំ២០២៥។ ការព្យាករនេះ ធ្វើឡើងក្រោយហាងជាង៧.៣០០កន្លែងបានបិទទ្វារក្នុងឆ្នាំ២០២៤ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២០ មក។ ហាងលក់រាយខ្នាតយក្សមួយចំនួនដូចជាហាង Macy's ហាង Joann ហាង Walgreens និងហាង Kohl’s ជាដើម កំពុងរងផលប៉ះពាល់ដោយភាពតានតឹងផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបថរបស់អតិថជនជាអ្នកប្រើប្រាស់ និងការរាំងស្ទះក្នុងឧស្សាហកម្ម។
ក្រោយបើកដំណើរការអស់រយៈពេល៨០ឆ្នាំ នៅសហរដ្ឋអាម៉េរិក ហាងលក់រាយ Joann Fabrics and Crafts បានបង្កការភ្ញាក់ផ្អើលខ្លាំងបំផុតនៅក្នុងពិភពនៃវិស័យលក់រាយ នៅពេលដែលក្រុមហ៊ុននេះប្រកាសថា ខ្លួននឹងបិទហាងទាំងអស់៨០០កន្លែងរបស់ខ្លួន នៅក្នុងរដ្ឋចំនួន៤៩ នៅទូទាំងសហរដ្ឋអាម៉េរិក ដោយសារជួបវិបត្តិហិរញ្ញវត្ថុ និងមិនសូវមានអ្នកទិញ។
ចំណែកក្រុមហ៊ុនលក់រាយល្បីឈ្មោះមួយទៀតរបស់អាម៉េរិក គឺហាង Macy's កំពុងបង្រួមខ្លួនក្រោមយុទ្ធសាស្ត្រថ្មី ដោយគ្រោងបិទទ្វារហាង៦៦កន្លែង ក្នុងឆ្នាំ២០២៥ នេះ ហើយគ្រោងបិទទ្វារហាង១៥០កន្លែងផ្សេងទៀត នៅត្រឹមឆ្នាំ២០២៦ ដើម្បីងាកទៅផ្ដោតលើហាងសំខាន់ៗនៅទីតាំងល្អៗចំនួន៣៥០កន្លែងរបស់ខ្លួន និងបង្កើនប្រាក់ចំណេញ។
ទន្ទឹមនេះ ឧស្សាហកម្មថ្នាំពេទ្យរបស់សហរដ្ឋអាម៉េរិក ក៏កំពុងប្រឈមការប្រែប្រួលខ្លាំងគួរឱ្យភ្ញាក់ផ្អើលដែរ ដោយក្រុមហ៊ុនហ្វាម៉ាស៊ីដ៏ធំ Walgreens បានប្រកាសថា ខ្លួននឹងបិទហាងចំនួន១,២០០កន្លែងនៅសហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល៣ឆ្នាំទៀត ដោយចំនួន៥០០កន្លែងនឹងបិទទ្វារនៅឆ្នាំសារពើពន្ធ២០២៥។
បើតាមក្រុមហ៊ុនស្រាវជ្រាវ Coresight Research បានឱ្យដឹងថា នៅមានក្រុមហ៊ុនលក់រាយជាច្រើនទៀតបានបិទទ្វារហាងរបស់ពួកគេជាបន្តបន្ទាប់នៅសហរដ្ឋអាម៉េរិក។ ការបិទហាងធំៗនៅសហរដ្ឋអាម៉េរិកនេះ គឺដោយសារការប្រកួតប្រជែងខ្លាំងពេក និងអតិផរណា។
កត្តាសំខាន់ៗមួយចំនួនផ្សេងទៀត ដែលធ្វើឱ្យហាងបិទទ្វារច្រើនបែបនេះ រួមមាន ការរីករាលដាលនៃពាណិជ្ជកម្មអេឡិចត្រូនិក ការចំណាយប្រតិបត្តិការកាន់តែច្រើនឡើង ការប្រកួតប្រជែងកាន់តែខ្លាំង និងការប្រែប្រួលឥរិយាបថរបស់អ្នកប្រើប្រាស់នៅក្រោយសម័យជំងឺកូវីដ-១៩៕
អត្ថបទ៖ សុខ មង្គល