ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា គ្រោះទឹកជំនន់ដែលបានកើតឡើងសាជាថ្មី បានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មសរុបជាង៦ម៉ឺនហិកតា ក្នុងនោះខូចខាតទាំងស្រុងមានជាង២ម៉ឺន២ពាន់ហិកតា។ ក្នុងចំណោមដំណាំកសិកម្ម ដែលរងផលប៉ះពាល់ទាំងនេះ មានដំណាំស្រូវជាង៥ម៉ឺន ៣ពាន់ហិកតា ក្នុងនោះខូចខាតជិត២ម៉ឺនហិកតា។
គ្រោះជំនន់ទឹកភ្លៀងនេះដែរ បានបង្កផលប៉ះពាល់ដល់ដំណាំប្រភេទបន្លែជាង១ពាន់ហិកតា ក្នុងនោះ បណ្តាលឱ្យខូចខាតជាង៣រយហិកតា ដោយទំហំផលប៉ះពាល់នៅឆ្នាំនេះមានការកើនឡើងជាង៣ពាន់ហិកតាបើធៀបនឹងឆ្នាំ២០២២ ដែលមានជាង៤ពាន់៨រយហិកតា ខណៈការខូចខាតកើនឡើងជាង៦រយហិកតា ដែលមានជិត១ពាន់ហិកតា។ ជាមួយគ្នានេះដំណាំប្រភេទឧស្សាហកម្មជាង១ម៉ឺន២ពាន់ហិកតា ក៏បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំនេះផងដែរ ក្នុងនោះរងការខូតខាតជិត៣ពាន់ហិកតា។
ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗ បានបញ្ជាឲ្យបណ្ដាថ្នាក់ដឹកនាំក្រសួង-អាជ្ញាធររាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ និងចុះតាមដាន និងដោះស្រាយឱ្យបានទាន់ពេលវេលានៅក្នុងករណីមានបញ្ហាទឹកជំនន់កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឱ្យថ្នាក់ដឹកនាំក្រសួងត្រៀមស្បៀង និងបរិក្ខារចាំបាច់សម្រាប់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ផងដែរ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញឱ្យឃើញថា មកទល់ពេលនេះ ក្រសួងបានផ្ដល់ស្រូវពូជជាង១រយតោនដល់កសិកររងគ្រោះជាង១ពាន់គ្រួសារ សម្រាប់ដាំដុះស្តារឡើងវិញនៅស្រុកចំនួន៥ គឺស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងក្រុងក្រចេះ ក្នុងខេត្តក្រចេះ។ ទិន្នន័យបានបង្ហាញថា មានបណ្ដាខេត្តចំនួន១៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលខេត្តទាំងនោះ រួមមាន៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ បាត់ដំបង ក្រចេះ ពោធិ៍សាត់ កំពង់ចាម ប៉ៃលិន កណ្ដាល សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ៕