កម្ពុជាកំពុងជំរុញការនាំចេញចំណីអាហារទៅអាមេរិក

កម្ពុជាកំពុងជំរុញការនាំចេញចំណីអាហារទៅអាមេរិក ខណៈស្ដង់ដារគុណភាព និងអនាម័យជាកត្តាស្លាប់រស់ដែលត្រូវពង្រឹងបន្ថែម


បើតាមការគូសបញ្ជាក់របស់អ្នកជំនាញ បញ្ហាស្តង់គុណភាព និងអនាម័យ គឺជាកត្តាចម្បង ដែលធ្វើឲ្យរាំងស្ទះក្នុងការនាំចេញផលិតផលចំណីអាហាររបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន កម្ពុជាកំពុងខិតខំធ្វើពិធិធកម្មទីផ្សារនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។
សិក្ខាស្តីពី ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

សមាគមវិនិយោគិននវានុវត្តន៍និងអភិវឌ្ឍន៍ក្រោមការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកាលពីពេលថ្មីៗបានរៀបចំសិក្ខាស្តីពី ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានក្រុមហ៊ុនក្នុងស្រុក និងមកពីសហរដ្ឋអាមេរិកជាង១០០ក្រុមហ៊ុនបានចូលរួម។ តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំសមាគម និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរំពឹងថា ផលិតផលចំណីអាហាររបស់កម្ពុជានឹងអាចបង្ហាញខ្លួនលើទីផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍បានចាត់ទុកសហរដ្ឋអាមេរិកជាទីផ្សារដ៏លំបាកសម្រាប់កម្ពុជាក្នុងការនាំចេញផលិតផលនានា ពិសេសផលិតផលចំណីអាហារតែម្តង។ កត្តានេះបានជំរុញឲ្យសមាគមរបស់លោកក្រោមការសហការជាមួយក្រសួងស្ថាប័រពាក់ព័ន្ធនានាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាស្តីពីការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាបើកផ្លូវមួយសម្រាប់ក្រុមហ៊ុនក្នុងស្រុកក្នុងការចាប់យកឱកាសនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារដ៏ធំជាងគេនៅលើពិភពលោកមួយនេះ។ សម្រាប់លោក ហោ សេរីវឌ្ឍន៍ សិក្ខាសាលាដែលមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាង១០០ក្រុមហ៊ុនចូលរួមនេះ វាជាវេទិកាមួយសម្រាប់ក្រុមហ៊ុនក្នុងស្រុកក្នុងការផ្សាភ្ជាប់ជាមួយក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។

តាមបទពិសោធន៍របស់លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ការប្រកួតប្រជែងរបស់ផលិតផលខ្មែរក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានការជួបប្រទះបញ្ហាច្រើន ពិសេសពាក់ព័ន្ធស្តង់ដារគុណភាព និងអនាម័យ ដោយសារការផលិតផលិតផលកសិកម្មភាគច្រើននៅកម្ពុជាមិនទាន់អាចបំពេញតាមស្តង់ដាររបស់ប្រទេសបញ្ជាទិញ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងស្ថាប័នពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្លាំងមែនទែនក្នុងការជំរុញឲ្យកសិករផលិតផលិតផលឲ្យស្របតាមស្តង់ដារតម្រូវរបស់ប្រទេសបញ្ជាទិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះសមាគមវិនិយោគិននវានុវត្តន៍និងអភិវឌ្ឍន៍រួមជាមួយដៃគូសហការគ្រោងរៀបចំឲ្យមានការិយាល័យដើម្បីជួយសម្របសម្រួលដល់ក្រុមហ៊ុនក្នុងស្រុកនានាក្នុងការនាំចេញផលិតផលទៅទីផ្សារសហរដ្ឋអាមេរិក។

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា អាមេរិកជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេមួយរបស់កម្ពុជា តែផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារនេះភាគច្រើនជាផលិតផលសម្រាប់ប្រើប្រាស់ ខណៈផលិតផលចំណីអាហារនៅមានចំនួនតិចតួចនៅឡើយ។ លោកជំទាវរំពឹងថា តាមរយៈសិក្ខាសាលាខាងលើ វានឹងជួយបង្ហាញផ្លូវដល់វិនិយោគិន និងពាណិជ្ជករកម្ពុជាក្នុងការស្វែងយល់ពីទីផ្សារសហរដ្ឋអាមេរិក និងលក្ខខណ្ឌនានាសម្រាប់ការនាំចេញផលិតផលចំណីអាហារ និងផលិតនានាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះលោកស្រី សុវណ្ណ ពិសី នាយិកាក្រុមហ៊ុនខ្មែរ អរហ្គេនិ (Khmer Organic) បានចាត់ទុកសិក្ខាសាលាខាងលើជាឱកាសសម្រាប់លោកស្រីក្នុងការសិក្សាស្វែងយល់ពីលក្ខខណ្ឌតម្រូវរបស់ទីផ្សារសហរដ្ឋអាមេរិក ហើយលោកស្រីរំពឹងថា តាមរយៈសិក្ខាសាលានេះវានឹងអាចជួយបើកទីផ្សារសម្រាប់ក្រុមហ៊ុនលោកស្រីក្នុងការនាំចេញម្រេច និងផលិតផលផ្សេងៗទៅកាន់តែទីផ្សារមួយនេះ។ លោកស្រីអះអាងថា បន្ទាប់ពីសិក្ខាសាលានេះលោកស្រីអាចនឹងទៅសហរដ្ឋអាមេរិកដោយផ្ទាល់ ដើម្បីសិក្សាទីផ្សារឲ្យកាន់តែច្បាស់បន្ថែមទៀត ដោយសារសហរដ្ឋអាមេរិកជាទីផ្សារថ្មីសម្រាប់ក្រុមហ៊ុនរបស់លោកស្រី។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងកម្ពុជាជាមួយសហរដ្ឋអាមរិកនៅ១០ខែឆ្នាំ២០២២ សម្រេចបានជិត៧ពាន់៩រយលានដុល្លារអាមេរិកកើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទំហំជាង៧ពាន់៦រយលានដុល្លារអាមេរិកកើនឡើងជាង២៥% រីឯកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានទំហំជាង២៧០លានដុល្លារថយចុះជាង២% បើធៀបនឹងរយៈពេលដូចគ្នា។ ផលិតផលដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ៕




អត្ថបទបន្ទាប់


តើផលិតភាពការងារក្នុងជំនាញគណនេយ្យនៅកម្ពុជា អាចតាមប្រទេសជិតខាងដែរ ឬទេ?

ព័ត៌មាន
អ្នកជំនាញផ្នែកការងារគ្រប់គ្រងគណនេយ្យនៅកម្ពុជា គូសបញ្ជាក់ថា វិស័យការងារផ្នែកនេះ នាពេលបច្ចុប្បន្នមានការរីកលូតលាស់ខ្លាំង ដែលអាចនិយាយបានថា វ…

ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេសជាមួយមនុស្សជាទីស្រលាញ់ ពីបុរី ប៉េង ហួត

ព័ត៌មាន
បង្កើតអនុស្សាវរីយ៍និងការចងចាំល្អៗ ជាមួយមនុស្សជាទីស្រលាញ់ ពីកម្មវិធីទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេសពី បុរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ