លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា បានវាយតម្លៃថា ទោះបីស្ថានភាពវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នស្ថិតក្នុងសភាពមិនទាន់ល្អប្រសើរនៅឡើយក្តី ប៉ុន្តែកម្ចីទិញផ្ទះមានជាង៥៣% នៃកម្ចីផ្ទាល់ខ្លួនសរុបនៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ គឺជាតួរលេខមួយស្ថិតក្នុងកម្រិតដែលមិនទាន់គួរឱ្យព្រួយបារម្ភ ឬមានហានិភ័យខ្ពស់នោះទេ និងអាចគ្រប់គ្រងបានផងដែរ។
ការអះអាងបែបនេះ របស់អ្នកជំនាញរូបនេះ ក៏ដោយសារបច្ចុប្បន្ន អតិថិជនដែលបានស្នើសុំកម្ចីទិញផ្ទះ គឺពួកគេមានបទពិសោធ និងមានការយល់ដឹងច្បាស់ជាងមុន អំពីលក្ខខណ្ឌ និងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ម្យ៉ាងទៀត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ក៏មានការពិនិត្យពិចារណា និងការសិក្សាវាយតម្លៃអំពីស្ថានភាពអតិថិជន លទ្ធភាពសង និងលំហូរសាច់ប្រាក់របស់អតិថិជនបានច្បាស់លាស់ និងប្រុងប្រយ័ត្នជាងមុនផងដែរ មុននឹងសម្រចចិត្តផ្តល់កម្ចីជូនអតិថិជន ដើម្បីចៀសវាងហានិភ័យនានាក្នុងបរិការណ៍បច្ចុប្បន្ននេះ។
អ្នកជំនាញរូបនេះបានបញ្ជាក់ដែរថា នៅក្នុងស្ថានភាពវិស័យអចលនទ្រព្យនៅមិនទាន់ល្អប្រសើរនេះ អតិថិជនមួយចំនួនដែលនៅមានធនធាន និងលទ្ធភាពបង់សង ក៏អាចទទួលបានអត្ថប្រយោជន៍ ការទាក់ទាញ និងការលើកទឹកចិត្តជាច្រើនផងដែរពីការទិញផ្ទះនេះ ដូចជាតម្លៃទាបជាងតម្លៃទីផ្សារ ឬការលក់បញ្ចុះតម្លៃផ្សេងៗជាដើម។
យ៉ាងណាក៏ដោយ ដើម្បីអាចវាយតម្លៃបានកាន់តែប្រាកដច្បាស់ថាតួលេខខាងលើនេះគួរឱ្យបារម្ភដែរឬយ៉ាងណានោះ លោកស្រី ម៉ារ អមរា បញ្ជាក់ថា គួរតែពិនិត្យពិចារណា និងធ្វើការវិភាគបន្ថែមឱ្យបានស៊ីជម្រៅទៅលើកត្តាមួយចំនួនទៀត។ តួយ៉ាង បើមើលលើកត្តាកំណើនសេដ្ឋកិច្ច ប្រសិនបើសេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងនោះ អតិថិជនអាចមានលទ្ធភាពសងប្រាក់កម្ចីបាន។
ហើយសម្រាប់អត្រាការប្រាក់វិញ ប្រសិនបើអត្រាការប្រាក់ទាបនោះ អតិថិជនអាចមានលទ្ធភាពសងប្រាក់កម្ចីបាន ប៉ុន្តែប្រសិនអត្រាការប្រាក់កើនឡើង នោះវាអាចបង្កើនហានិភ័យនៃការមិនអាចសងប្រាក់កម្ចីផងដែរ។ លោកស្រីបានបន្ថែមថា បើមើលលើស្ថានភាពវិស័យអចលនទ្រព្យ ទោះបីជាមិនទាន់ល្អប្រសើរក៏ដោយ តែក៏មានសញ្ញានៃការងើបឡើងវិញខ្លះៗ ហើយប្រសិនបើវិស័យនេះបន្តងើបឡើងថែមទៀតនោះ តម្លៃអចលនទ្រព្យនឹងអាចកើនឡើង ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការក្ស័យធនផងដែរ។
តាមរយៈការវាយតម្លៃលើកត្តាសំខាន់ៗទាំងនេះ លោកស្រី ម៉ារ អមរា បានអះអាងថា ចំនួនប្រាក់កម្ចីទិញផ្ទះដែលខ្ពស់ក្នុងទំហំជាង៥៣%នៃកម្ចីសរុបនេះ គឺជាសញ្ញាមួយដែលគួរតែតាមដានឱ្យបានដិតដល់ ប៉ុន្តែមិនទាន់ជាសញ្ញាចាំបាច់នៃវិបត្តិនោះទេ ដ្បិតថាមានការគ្រប់គ្រងត្រឹមត្រូវ និងមានប្រសិទ្ធភាព ដោយមានការចូលរួម និងសហការគ្នាយ៉ាងជិតស្និទ្ធពីអ្នកពាក់ព័ន្ធទាំងអស់ ហើយវិស័យអចលនទ្រព្យកម្ពុជាអាចនឹងនៅតែបន្តរីកចម្រើនប្រកបដោយនិរន្តរភាពផងដែរ៕