ខ្ចីលុយ​តាមអនឡាញ!

លេច​ចេញ​សេវា​ឲ្យ​ខ្ចី​លុយ​តាម​អនឡាញ... ធនាគារជាតិព្រមាន! អ្នក​ជំនាញថា គួរតែបិទ​ចោល!


ធនាគារជាតិ​នៃ​កម្ពុជា ថ្មីៗ​នេះ បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​តាម Online។ ប៉ុន្ដែ អ្នក​ជំនាញ​ហិរញ្ញវត្ថុ លោក ង៉ែត ជូ បាន​ស្នើ​ឲ្យ​ធនាគារ​ជាតិ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ផ្តល់​កម្ចី​តាម​អនឡាញ​ដែល​ខុស​ច្បាប់​ទាំង​នោះ រួច​ចាត់​វិធានការ​បិទ​ក្រុមហ៊ុន​នោះ​តែ​ម្តង។
លេច​ចេញ​សេវា​ឲ្យ​ខ្ចី​លុយ​តាម​អនឡាញ... ធនាគារជាតិព្រមាន! អ្នក​ជំនាញថា គួរតែបិទ​ចោល!
ដោយ

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួត​ពិនិត្យ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ចី​បែប​នេះ​គឺ​មិន​ស្រប​ច្បាប់​ទេ ហើយ​បើ​មាន​បញ្ហា​កើត​ឡើង វា​នឹង​លំបាក​ក្នុង​ការ​ធ្វើ​អន្ដរាគមន៍ ព្រោះ ក្រុមហ៊ុន​ទាំង​នោះ​គ្មាន​អាជ្ញាប័ណ្ណ និង​គ្មាន​ទីតាំង​ច្បាស់​លាស់។

លោក​មាន​ប្រសាសន៍​តាមរយៈ​សារព័ត៌មាន ខ្មែរថាមស៍ យ៉ាង​ដូច្នេះ​ថា៖ «ក្រុមហ៊ុន​ទាំង​នោះ មិន​មាន​ការ​ការពារ​អតិថិជន ឬ​គ្មាន​គោលការណ៍​ការងារ​កូន​បំណុល មិន​ដូចជា ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ធនាគារ​ជាតិ​នោះ​ទេ។ ដូច្នេះ ប្រជាជន​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​របៀប​នេះ»។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អត្ថាធិប្បាយ​ថា ក្រុមហ៊ុន​ឲ្យ​ខ្ចី​លុយ​តាម​អនឡាញ​នេះ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ហើយ ប៉ុន្ដែ មាន​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ។

លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «បើ​ធនាគារ​ជាតិ​ចេញ​ប្រកាស គួរតែ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ណា​ស្រប​ច្បាប់ ក្រុមហ៊ុន​ណា​មិន​ស្រប​ច្បាប់ ព្រោះ​ពលរដ្ឋ​ពួកគាត់​មិន​ដឹង​នោះ​ទេ។ បើ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន តែ​មិន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន សូម្បី​ខ្ញុំ​ធ្វើការ​លើ​វិស័យ​ហ្នឹង ក៏​ខ្ញុំ​មិន​ដឹង​ដែរ។ មិនខុស​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ពលរដ្ឋ​កុំ​ហូប​បន្លែ​គីមី តែ​ពលរដ្ឋ​ម៉េច​នឹង​ដឹង​ថា បន្លែ​ណា​មាន​ឬ​គ្មាន​ជាតិ​គីមី​នោះ។ ហើយ​បើ​មាន​ក្រុមហ៊ុន​មិន​ស្រប​ច្បាប់ បិទ​ចោល​ទៅ កុំ​បណ្ដោយ​ឲ្យ​ពួក​ហ្នឹង​រកស៊ី​ខុស​ច្បាប់​ទៀត»។   

លោក ង៉ែត ជូ បាន​បន្ថែម​ថា៖ «ក្រុមហ៊ុន​ដែល​ឲ្យ​លុយ​ខ្ចី​តាម​អនឡាញ ពួកហ្នឹង​ផ្តល់​កម្ចី​កាប់​ដាវ គាត់​ឲ្យ​អតិថិជន​ខ្ចី​ដោយ​ងាយ​ស្រួល​និង​មិន​មាន​ឯកសារ​ស្មុគ​ស្មាញ​ច្រើន​ទេ ប៉ុន្តែ ការ​ប្រាក់​ថ្លៃ​ខ្លាំង​ណាស់ ថ្លៃ​ជាង​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ ហើយ​ជា​ការ​ប្រាក់​ខ្ពស់​ហួស​ការ​កំណត់​របស់​ធនាគារ​ជាតិ​ទៀត​ផង។ សម្រាប់​ខ្ញុំ បើ​មិន​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ជា​រឿង​ល្អ​ហើយ។ ធនាគារ​ជាតិ​ត្រូវ​ចាត់​វិធានការ​បិទ​ចោល បើ​បិទ​ចោល យើង​អត់​បារម្ភ​ថា ពលរដ្ឋ​ប្រើ​កម្ចី​ហ្នឹង​ទៀត​នោះ​ទេ ព្រោះ ក្រុមហ៊ុន​បែប​នេះ គ្មាន​បាន​ជួយ​ជីវភាព​ពលរដ្ឋ​អី​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រ​ទៅៗ ដោយសារ​ការ​ប្រាក់​ថ្លៃ​ណាស់ ហើយ ខូច​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​គេ​មាន​វិជ្ជាជីវៈ ដែល​គេ​ឲ្យ​ខ្ចី​ទៅ​រកស៊ី និង​មាន​គោលការណ៍​ច្បាស់​លាស់ និង​ការ​ប្រាក់​ទាប។ តែ​ក្រុមហ៊ុន​គាត់​នោះ អាច​ខ្ចី​ពេល​យប់​ក៏​បាន ខ្ចី​ពេល​ថ្ងៃ​ក៏​បាន ខ្ចី​ពេល​ណា​ក៏​បាន ធ្វើ​ឲ្យ​មនុស្ស​គ្មាន​វិន័យ​ហិរញ្ញវត្ថុ​អស់​ហើយ…»។

លោក យុន សុវណ្ណា នាយប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់ ខេមបូណូមីស ថា កន្លង​មក ការ​ផ្តល់​កម្ចី​តាម​អនឡាញ​មាន​ការ​ផុស​ឡើង​ច្រើន គ្រាន់តែ​មាន​ចំនួន​ប៉ុន្មាន? លោក​មិន​ទាន់​មាន​ស្ថិតិ​នោះ​ទេ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ការ​ផ្តល់​កម្ចី​តាម​រយៈ​អនឡាញ មាន​ងាយ​ស្រួល​ដោយ​មិន​ចាំបាច់​ស្រាវជ្រាវ​ប្រវត្តិរូប ឬ​ធ្វើការ​វាយ​តម្លៃ​ហានិភ័យ​របស់​អតិថិជន​មុន​ពេល​ឲ្យ​ខ្ចី​នោះ​ទេ។ ប៉ុន្ដែ​ជាទូទៅ កម្ចី​របៀប​នេះ មាន​ការ​ប្រាក់​ខ្ពស់»។

លោក​បន្ថែម​ថា៖ «បញ្ហា​សំខាន់ គឺ​យើង​ត្រូវ​ពិនិត្យ​ថា ទីមួយ តើ​គ្រឹះស្ថាន​នោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ដែរ​ទេ? ទីពីរ តើ​ស្ថាប័ន​ហ្នឹង​យក​ចិត្តទុក​ដាក់​លើ​សិទ្ធិ និង​ការ​គាំពារ​ដល់​អតិថិជន​ឬ​អត់? និង​ទី៣ យើង​ត្រូវ​មើល​ទៅ​លើ​តម្លៃការ​ប្រាក់ និង​តម្លាភាព​ថា តើ​ស្ថាប័ន​ហ្នឹង​មាន​តម្លៃ និង​បាន​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​មុន​ឲ្យ​យើង​ខ្ចី​ដែរ​ឬ​ទេ?»។

នាយក​ប្រតិបត្តិ​​សមាគម​ដដែល​ បាន​ស្នើ​ឲ្យ​ប្រតិបត្តិករ​ទាំង​អស់​ដែល​ជា​សមាជិក​របស់​ខ្លួន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ផ្តល់​សេវា​ដល់​អតិថិជន ដោយ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​អតិថិជន ខណៈ​អតិថិជន​វិញ ក៏​គួរតែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​ស្ថាប័ន​ដែល​ខ្លួន​ខ្ចី​ប្រាក់ និង​មើល​ស្ថានភាព​ខ្លួន​ឯង​ជា​មុន​សិន ដោយ​គួរតែ​គិត​ថា កម្ចី​មិន​មែន​ជា​អំណោយ​ទេ តែ​កម្ចី​ជា​បំណុល ដែល​តម្រូវ​ឲ្យ​សង​ត្រឡប់​វិញ។

សូម​បញ្ជាក់​ដែរ​ថា បច្ចប្បន្ន នៅ​កម្ពុជា មាន​ធនាគារ​ពាណិជ្ជ​ចំនួន​៣៩ ធនាគារ​ឯកទេស​ចំនួន​១៥ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ចំនួន ៧៦ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញ​វត្ថុ ចំនួន​១២។ នេះ​បើ​តាម​លោក​ជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខ​រដ្ឋាភិបាល​ប្រកាស​រឹបអូស​កោះ​ទន្សាយ​ពី​ក្រុមហ៊ុន​ឯកជន

ព័ត៌មាន
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​គម្រោង​វិនិយោគ​នៅ​លើ​កោះ​ក្…

ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ

ព័ត៌មាន
ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ទូក​ទេសចរណ៍​នៅ​ជិត​ផែ​ភ្នំពេញ បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​បណ្ដេញ​ចេញ ខណៈ​ពួកគាត់​ទទួល​ព័ត៌មាន​ចចាម​អា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ