
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្ននេះ ពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា នៅក្នុងរដូវកាលនេះមានពីរប្រភេទ រួមមាន ពូជស្រូវសែនក្រអូប និងស្រង៉ែស្រាល ដែលកំពុងមានតម្លៃល្អនៅលើទីផ្សារក្នុងស្រុក។ ជាក់ស្ដែងស្រូវសែនក្រអូបរបស់កសិករ ដែលជាសមាជិកសហគមន៍កសិកម្មទំនើបអាចលក់បានក្នុងតម្លៃ១,២៧០រៀល និងស្រូវស្រង៉ែស្រាល លក់បាន១,០៥០រៀលក្នុងមួយគីឡូក្រាម។ បើតាមឯកឧត្តម ឃឹម ហ្វីណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្តដល់កសិករងាកមកផលិតពូជស្រូវក្នុងស្រុក ចងក្រងគ្នាជាសហគមន៍តាមរយៈចូលជាសមាជិកសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម ក៏ដូចជាផលិតក្នុងកិច្ចសន្យាជាដើម។
ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា កត់សម្គាល់ឃើញថា តម្លៃស្រូវពូជផលិតក្នុងស្រុកំពុងទទួលបានទីផ្សារល្អ ដ្បិតតម្រូវការក្នុងស្រុកមានការកើនឡើង តែយ៉ាងណាតម្លៃស្រូវ និងអង្ករ ក៏ត្រូវតែពឹងផ្អែកលើទីផ្សារតម្រូវការអន្តរជាតិ ផងដែរ ដោយមិនអាចធានាតម្លៃឱ្យមានស្ថិរភាពជានិរន្តរបាននោះទេ ដោយសារបច្ចុប្បន្ននេះ អង្ករកម្ពុជា ប្រហែលប្រមាណ៥០% ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក បូ រី កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ និងលោក វង្ស វិ កសិករធ្វើស្រែម្នាក់នៅខេត្តព្រៃវែង បានអះអាងថា មូលហេតុដែលធ្វើឱ្យពួកគេបន្តផលិតស្រូវ OM បើទោះបីដឹងថា ស្រូវប្រភេទនេះតែងតែជួបបញ្ហាខ្វះទីផ្សារ ក៏ដោយសារស្រូវ OM មានរយៈពេលដាំដុះខ្លីជាងពូជស្រូវផលិតក្នុងស្រុក ដែលអាចប្រមូលផលបានមុនទឹកជន់លិចស្រូវរបស់ពួកគេ។ តែយ៉ាងណា ក្រុមកសិករ បានបង្ហាញពីបំណងចង់ងាកមកដាំពូជស្រូវក្នុងស្រុក ក្រោយមើលឃើញពូជស្រូវក្នុងស្រុកមានទីផ្សារល្អ។ ពួកគេបានអះអាងថា មកទល់ពេលនេះនៅតំបន់របស់លោកពុំទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងតម្លៃ និងទីតាំងដែលអាចទិញពូជស្រូវផលិតក្នុងស្រុកនៅឡើយទេ។
យ៉ាងណាមិញ ក្រុមកសិករ ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចុះមកជួយផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើប ក៏ដូចជាការផលិតពូជស្រូវក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយនៅតាមមូលដ្ឋានរបស់ពួកគេ ដើម្បីជំរុញឱ្យកសិករអ្នកធ្វើស្រែមានទំនុកចិត្តខ្ពស់ ត្បិតកសិករនៅមិនទាន់យល់ច្បាស់ពីការចងក្រងគ្នាជាសហគមន៍ ក៏ដូចជាការផលិតស្រូវក្នុងកិច្ចសន្យានៅឡើយទេ។
គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើបជាប្រភេទសហគមន៍កសិកម្មដែលមានលក្ខណៈពិសេសលើសពីសហគមន៍កសិកម្មទូទៅ ដែលលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង ពិសេសសហគមន៍កសិកម្មទំនើបផ្តោតសំខាន់លើផលិតកម្មរួមដែលមានលក្ខណៈទ្រង់ទ្រាយធំរួមគ្នា។ ជាមួយគ្នានេះ តាមរយៈសហគមន៍កសិកម្មទំនើបនេះ ក្រសួងកសិកម្មនឹងចែករំលែកពីបច្ចេកទេសដាំដុះ ក៏ដូចគាំទ្រដល់ការការពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា