បុរសដែលជាមន្ត្រីសម្របសម្រួលប្រចាំសមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការមួយក្នុងខេត្តក្រចេះរូបនេះ បានផ្តល់ការសិក្សាដល់សិស្សក្រីក្រ និងកុមារផ្សេងទៀតនៅក្នុងសហគមន៍របស់លោកដោយឥតគិតថ្លៃ។
គំនិតជួយកុមារនេះបានកើតមានឡើងបន្ទាប់ពីលោកបានទៅទស្សនាកោះទ្រង់ដែលជាកោះអេកូទេសចរណ៍សម្បូរដោយភ្ញៀវទេសចរបរទេស ស្ថិតនៅត្រើយម្ខាងនៃក្រុងក្រចេះ។ នៅពេលនោះ លោកសង្កេតឃើញថា ទាំងកុមារនិងមនុស្សចាស់នៅលើកោះនោះអាចប្រើប្រាស់ភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖ “ខ្ញុំគិតថា ប្រសិនបើបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ វាធ្វើឱ្យតំបន់នោះក្លាយជារឿងដែលល្អនៅថ្ងៃក្រោយសម្រាប់ពលរដ្ឋដែលរស់នៅទីនោះ”។
ដូច្នេះ ក្នុងខែមករា ឆ្នាំ២០១៦ លោកបានសហការជាមួយសាលាបឋមសិក្សារដ្ឋមួយនៅលើកោះនោះដើម្បីបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់កុមារប្រហែល ៧០នាក់ដោយមានជំនួយស្ម័គ្រចិត្តពីគ្រូបរទេស ២នាក់ផ្សេងទៀត។ តែដោយសារកិច្ចសហការនេះមិនមានភាពរលូន ការបង្រៀននេះបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំដដែល។
ក្រោយមកក្នុងខែដដែលនោះ លោកបានសម្រេចចិត្តបានដំណើរការសាលារៀនមួយឈ្មោះថា សាលាដូលហ្វីន នៅផ្ទះរបស់លោកផ្ទាល់ក្នុងក្រុងក្រចេះ ដើម្បីបន្តឆន្ទៈរបស់លោក។ តែក្រៅពីផ្តល់ការសិក្សាភាសាអង់គ្លេស សាលារបស់លោកក៏បានបន្ថែមមុខវិជ្ជាកុំព្យូទ័រថ្នាក់មូលដ្ឋាននិងបណ្ណាល័យថែមទៀតផង។
លោកថ្លែងថា៖ “ខ្ញុំសម្រេចបង្កើតសាលានេះដើម្បីឱ្យក្មេងនៅទីរួមខេត្តនេះទទួលបានការអប់រំពិសេស។ ជាពិសេសទៅទៀត ភាសាអង់គ្លេសរបស់ពួកគាត់នៅបឋមសិក្សា រៀនបានតិចតួចនៅឡើយ។ អញ្ចឹងនៅពេលពួកគេឡើងថ្នាក់ទី ៧ មានការលំបាកណាស់ផ្នែកភាសាអងគ្លេសហ្នឹង”។
លោកថ្លែងថា ការបង្កើតសាលារៀននេះទទួលបានជោគជ័យដោយចាប់ផ្តើមពីសិស្ស ៥នាក់រហូតដល់ជាង ១០០នាក់នៅសាខាទី១ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។
សាលារបស់លោកក៏មានសាខាមួយទៀតផងដែរស្ថិតនៅក្នុង ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីសាខាទី១។ នៅសាខានេះ មានសិស្សប្រហែលពី ៧០ ទៅ ៨០នាក់។
ជាអកុសលដោយសារការរាតត្បាតជំងឺកូវីដ សាលាទី២នេះបានបិទដំណើរការបណ្តោះអាសន្នហើយដោយសារខ្វះខាតគ្រូស្ម័គ្រចិត្ត ជាពិសេសគ្រូបរទេស ដែលជាធម្មតាពួកគាត់មកស្នាក់នៅរយៈពេលវែងក្នុងទីក្រុងនេះក្រោយការចូលនិវត្តន៍ពីប្រទេសរបស់ពួកគាត់។
សព្វថ្ងៃ សាលារបស់លោក យុទ្ធមានគ្រូស្ម័គ្រចិត្តចំនួន ៥នាក់ ក្នុងនោះមានគ្រូបរទេសម្នាក់។ ក្នុងចំណោមគ្រូស្ម័គ្រចិត្តខ្មែរ មានយុវតីម្នាក់គឺជាសិស្សពូកែប្រចាំសាលាដែលបានស្ម័គ្រចិត្តជួយបង្រៀន ក្រោយទទួលបានចំណេះដឹងដែលអាចមានលទ្ធភាពបង្រៀនបាន។
លោក ហ៊ុន សុធា ជាគ្រូបង្រៀនបឋមសិក្សា និងភរិយា ហ៊ុន ដានីតា ជាស្រ្តីមេផ្ទះគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនដែលបញ្ជូនកូនរបស់ពួកគាត់ទៅសិក្សានៅសាលាដូលហ្វីន។
លោកថ្លែងថា៖ “សាលានេះគឺជាសាលាដែលមានប្រយោជន៍ចំពោះកូនខ្ញុំច្រើន។ ទីមួយ គ្រូសុទ្ធតែជាគ្រូល្អៗ មានចំណេះដឹង និងវិធីសាស្រ្តបង្រៀនគាត់ប្លែកៗ ហើយមួយទៀតនោះ គឺដោយសារស្ថានភាពគ្រួសារលុយកាក់មិនសូវមានច្រើន ទន្ទឹមនឹងសាលាល្អហើយ រៀនអត់អស់លុយទៀត”។
អ្នកស្រី សុង សុខខេង អាយុ ៤០ឆ្នាំ ជាស្រ្តីមេផ្ទះ និងមានប្តីជាជាងសំណង់ដែលមានជីវិភាពមិនជាធូរធាប៉ុន្មាននោះ បានបញ្ជូនកូន ២នាក់ក្នុងចំណោមកូន ៤នាក់របស់គាត់ឱ្យទៅរៀនភាសាអង់គ្លេសនៅសាលាភាសាដូលហ្វីនរយៈពេល ២ឆ្នាំមកហើយ។ ក្រៅពីកូន អ្នកស្រីក៏មានក្មួយ៥នាក់ទៀតរៀននៅសាលានេះផងដែរ។
អ្នកស្រីថ្លែងថា៖ “បើរៀននៅសាលាឯកជន យើងអត់មានលទ្ធភាព។ អញ្ចឹងសាលារបស់គាត់បានផ្តល់ឱ្យកូនរៀនចេះដោយមិនយកលុយ”។ អ្នកស្រីបន្ថែមថា៖ “សាលាហ្នឹងជួយច្រើន គាត់មិនរើសអើងចំពោះអ្នកអត់ ឬអ្នកមានទេ។ គាត់ទទួលយកទាំងអស់ឱ្យតែកូនចូលរៀន”។
ទាក់ទងនឹងថវិកាដែលចំណាយលើសាលា លោក អ៊ុក យុទ្ធ ថ្លែងថា លោកប្រើប្រាស់ប្រាក់ខែមួយចំណែកដើម្បីចំណាយលើប្រតិបត្តិការ ខណៈមានការឧបត្ថម្ភម្តងម្តាលពីសប្បុរសជនទាំងផ្នែកថវិកា និងសម្ភារបង្រៀន។
លោកថ្លែងថា៖ “នៅស្រុកខ្មែរមានអ្នកចិត្តល្អជាច្រើន គេក៏អាចធ្វើដូចខ្ញុំអញ្ចឹងដែរ។ ខ្ញុំមិនមានថវិកាអីច្រើនទេ ប៉ុន្តែយើងព្យាយាមជួយសង្គមរបស់យើង។ សង្គមយើងតែងត្រូវការយើង អញ្ចឹងសូមឱ្យយើងជួយគ្នាទៅវិញទៅមកតាមលទ្ធភាពដែលយើងមាន កុំគិតថា ចាំយើងមានចាំយើងជួយ”។
លោកបន្ថែមថា បើលោកមានឱកាសទទួលបានប្រាក់រង្វាន់ លោកនឹងប្រើទឹកប្រាក់នេះដើម្បីកែលម្អទីតាំងសាលា និងប្រើសម្រាប់ប្រតិបត្តិការសាលាដើម្បីទទួលសិស្សបន្ថែមទៀត។ លោកក៏មានបំណងផ្តល់ការអប់រំជាភាសាខ្មែរផងដែរបើលោកមានលទ្ធភាព។
ក្រៅពីការផ្តល់ការបង្រៀនដោយឥតបង់ប្រាក់ លោកក៏ផ្តល់អាហារពេលព្រឹកដល់កុមារក្រីក្រខ្លាំងជាង ២០នាក់ផងដែរដូចជាផ្លែឈើ នំបុ័ង បាយ ទឹកសណ្តែកឬទឹកដោះគោ ដោយផ្តល់ជូន ២ថ្ងៃក្នុងមួយអាទិត្យ។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក អ៊ុក យុទ្ធ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4KttT4hrYj/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។