លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការដោះផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីធ្លាសាធារណៈ គឺជាគំរូដ៏ល្អមួយសម្រាប់សង្គមជាតិ និងជាស្មារតីក្នុងការទទួលខុសត្រូវមួយដ៏សំខាន់ក្នុងសង្គម។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់ឃើញថា នៅក្រោមការគ្រប់គ្រងរបស់ឯកឧត្តម វ៉ី សំណាង នៅតាមដងផ្លូវក្នុងខេត្តកំពង់ស្ពឺ ហាក់ពុំសូវមានផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនោះទេ ប៉ុន្តែអាចមានស្លាកផ្សព្វផ្សាយខ្លះនៅតាមទីតាំងហាងមួយចំនួន។ យ៉ាងណាមិញលោករំពឹងថា អភិបាលខេត្តតាកែវថ្មីរូបនេះ នឹងយកយន្តការដែលខ្លួនបានអនុវត្តនៅខេត្តកំពង់ស្ពឺកន្លងមកទៅអនុវត្តនៅក្នុងខេត្តតាកែវ ដែលជាដែនដីគ្រប់គ្រងថ្មីរបស់ខ្លួន។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកសកម្មភាពដោះផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងរបស់ឯកឧត្តម វ៉ី សំណាង នៅក្នុងខេត្តកំពង់ស្ពឺ នាពេលកន្លងមក គឺជាគំរូដ៏ល្អមួយ ដែលបណ្ដារាជធានីខេត្តផ្សេងៗ គួរអនុវត្តតាម ទោះបីសកម្មភាពនេះពុំអាចទប់ស្កាត់មិនឱ្យមានការសេពគ្រឿងស្រវឹងក៏ដោយ តែបានបង្ហាញឱ្យឃើញពីឆន្ទៈក្នុងការកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង។ ទន្ទឹមនេះអ្នកជំនាញទស្សនវិជ្ជារូបនេះ ក៏រំពឹងដែរថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបតែងតាំងថ្មី អាចនឹងបន្តអនុវត្តលើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងដូចកាលនៅគ្រប់គ្រងក្នុងខេត្តកំពង់សសូមរំលឹកថា រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយឯកឧត្តម វ៉ី សំណាង នាពេលកន្លងទៅ បានដាក់ចេញវិធានការដកផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង ខណៈវិធានការនោះទទួលបានទាំងការគាំទ្រ និងការរិះគន់។ ក្នុងនោះក្រុមអ្នកតាមដានសង្គមជាច្រើនបានគាំទ្រចំពោះវិធានការនេះ ដ្បិតពួកគេយល់ថា វាអាចជួយលម្អសោភណភាពទីសាធារណៈ កាត់បន្ថយការសេពគ្រឿងស្រវឹង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាជាដើម។ ក៏ប៉ុន្ដែអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនយល់ផ្ទុយពីនេះ ដោយចាត់ទុកវិធានការនេះ វាអាចមានផលវិជ្ជមានក្នុងសកម្មភាពសង្គម តែអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច៕
អត្ថបទ៖ បូ ដូឡា