វិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ

សម្តេច តេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ ដល់លើស៥០ជាន់ ជាង១ពាន់អគារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ដល់ជាង៥០ជាន់ជាង១ពាន់អគារ ដែលភាគច្រើនអគារទាំងនោះ មាននៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងលើកឡើងពីការអភិវឌ្ឍជាបន្តបន្ទាប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះការលើកឡើងរបស់បុគ្គលមួយចំនួន ដែលថា កម្ពុជាធ្វើការអភិវឌ្ឍយូរទៅកាន់តែក្រទៅៗ។ ពាក់ព័ន្ធបញ្ហានេះសម្តេចបានគូសបញ្ជាក់ថា នៅលើលោកនេះគ្មានប្រទេសណាមួយ ដែលគ្មានអ្នកក្រ និងអ្នកមាននោះទេ។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)

នាពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ក្នុងខណ្ឌឬស្សីកែវនៅព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីការអភិវឌ្ឍជាបន្តបន្ទាប់លើគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវ រួមទាំងអគារខ្ពស់ៗរបស់កម្ពុជា។ សម្តេច អះអាងថា គិតមកទល់បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ដល់លើស៥០ជាន់ជាង១ពាន់៦រយអគារ ក្នុងនោះអគារចាប់ពី៥ជាន់ដល់៩ជាន់មាន ៩២៦អគារ ពី១០ជាន់ទៅ១៩ជាន់មាន ៤៥២អគារ ពី២០ជាន់ទៅ២៩ជាន់មាន១២០អគារ ពី៣០ជាន់ទៅ៣៩ជាន់មាន៦៥អគារ និងពី៤០ជាន់ឡើងទៅមាន៤០អគារ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជារូបនេះបានរំលឹកថា ក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញមានអគារមានកម្ពស់ជាងគេបំផុតត្រឹម៧ជាន់ ហើយមានតែមួយប៉ុណ្ណោះ ខណៈបច្ចុប្បន្នរាជធានី ដែលធ្លាប់តែគ្រប់ដណ្តប់ព្រៃត្រែងមួយនេះមានអគារខ្ពស់រាប់រយ និងមានប្រជាជនជាង២លាននាក់កំពុងរស់នៅ។ កត្តានេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់រាជធានីភ្នំពេញ និងការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា។

ទន្ទឹមនឹងបង្ហាញពីការរីកចម្រើនលើការអភិវឌ្ឍន៍ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះបុគ្គលមួយចំនួន ដែលរិះគន់ថា កម្ពុជាអភិវឌ្ឍយូរទៅកាន់តែក្រទៅៗ ដែលវាហាក់មិនឆ្លុះបញ្ជាំងពីភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ឆ្លើយតបនឹងការរិះគន់នេះ សម្តេចតេជោ បានលើកឡើងថា គ្មានប្រទេសណាមួយលើពិភពលោកមានសុទ្ធតែអ្នកមាននោះទេ ពោលគឺប្រទេសនីមួយៗតែងតែមានអ្នកមាននិងអ្នកក្រ។ 

បច្ចុប្បន្ន កម្ពុជានៅតែបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរថែមទៀត ឲ្យស្របតាមការលូតលាស់នៃកំណើនសេដ្ឋកិច្ច ពិសេសឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ។ តួយ៉ាង នាព្រឹកថ្ងៃទី ២៣ ខែមករា កម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅទីតាំងផ្លូវជាតិលេខ៥ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជឿជាក់ថា តាមរយៈវត្តមានស្ពានអាកាសផ្លូវជាតិលេខ៥ក្នុងខណ្ឌឬស្សីកែវ និងផ្លូវបេតុងអាបេខ្សែកាបឆ្លងទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦វាមិនត្រឹមតែជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍នោះទេ តែវាក៏នឹងជួយធ្វើឲ្យតំបន់នោះមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍន៍ផងដែរ។ បន្ថែមលើនេះ វានឹងតួនាទីយ៉ាងសំខាន់មួយក្នុងការជួយជំរុញ និងស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

ស្ពានអាកាសដែលសាងសង់ដោយក្រុមហ៊ុន OCIC មានទទឹង១៥,៨ម៉ែត្រ និងប្រវែងសរុប៤៨៣ម៉ែត្រ ដោយគ្រោងចំណាយពេលសាងសង់១៥ខែ និងគ្រោងចំណាយថវិកាជិត១០លានដុល្លារអាមេរិក ដែលជាមូលនិធិអភិវឌ្ឍន៍កោះនរា របស់អ្នកឧកញ៉ា ពង់ ឃាវសែ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ក្រោយស្ពានអាកាសនេះស្ថាបនារួចរាល់នៅអំឡុងខែមីនា ឆ្នាំ២០២៣ វានឹងរួមចំណែកជួយបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិនបានរកឃើញករណីកូវីដ១៩ថ្មីចំនួន ៣៧ ករណី ក្នុងចំណោមបុគ្គលិកបម្រើការសម្រាប់ការរៀបចំកីឡាអូឡាំពិក

ព័ត៌មាន
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានរកឃើញករណីវិជ្ជមានកូវីដ…

ធនាគារពិភពលោកបង្ហាញពីកត្តាគន្លះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
សេដ្ឋកិច្ចរបស់កម្ពុជាស្ថិត ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកដែរ គឺបានរងផលប៉ះពាល់យ៉ាងដំណំពីសំណាក់វិបត្តិជំងឺកូវីដ១៩។ ទោះយ៉ាងណា ធនាគារពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ