កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កងឆ្មាំការពារជាតិ ចំនួន២នាក់ នៅជិតសេតវិមានត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឱ្យរងរបួសធ្ងន់។ ក្រោយមានការបាញ់ប្រហារនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានអះអាងថា ជនសង្ស័យក្នុងអំពើបាញ់ប្រហារនេះជាបុរសជនជាតិអាហ្វហ្គានីស្ថាន ដូច្នេះលោកប្តេជ្ញានឹងបង្កើនការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នៅសហរដ្ឋអាម៉េរិក ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ បើតាមការរៀបរាប់របស់លោក ត្រាំជនសង្ស័យរូបនេះបានទៅដល់អាម៉េរិក ក្នុងឆ្នាំ២០២១ នៅក្រោមរដ្ឋបាលរបស់លោក បៃដិន ដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់មកពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលនៃការដកទ័ពដ៏ច្របូកច្របល់របស់សហរដ្ឋអាម៉េរិក បន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំ។
លោក ត្រាំ បានចាត់ទុកការវាយប្រហារដ៏សាហាវនេះជាអំពើដ៏អាក្រក់ និងជាអំពើបង្ហាញពីការស្អប់ខ្ពើម និងជាទង្វើភេរវកម្ម។ ដូច្នេះអាម៉េរិក ត្រូវតែពិនិត្យឡើងវិញនូវជនបរទេសគ្រប់រូបមកពីប្រទេសអាហ្វហ្គានីស្ថាន ដែលចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក បៃដិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភិត ហេសិត (Pete Hegseth) បានប្រាប់អ្នកយកព័ត៌មានថា លោក ត្រាំ បានបញ្ជាឱ្យបញ្ជូនទាហានឆ្មាំជាតិ ចំនួន៥០០នាក់បន្ថែមទៀត ទៅទីក្រុងវ៉ាស៊ីងតោន ដើម្បីចូលរួមជាមួយទាហានឆ្មាំជាតិ ប្រហែលជាង២ពាន់នាក់ នៅក្នុងទីក្រុងនេះ ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មដ៏ចម្រូងចម្រាសរបស់លោក ត្រាំ។
ក្រុមអ្នករិះគន់គោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ បាននិយាយថា លោក ត្រាំ បានប្រើប្រាស់យុទ្ធសាស្ត្រដ៏ឃោរឃៅខុសច្បាប់ និងបានចាប់ខ្លួនជនអន្តោប្រវេសន៍ដោយគ្មានរើសមុខរួមទាំងអ្នកដែលគ្មានប្រវត្តិប្រព្រឹត្តិឧក្រិដ្ឋកម្ម និងអ្នកស្របច្បាប់ផ្សេងទៀតផងដែរ ៕
ដោយ៖ សុខ មង្គល