លោក យឿន សុភារៈ អតិថិជន ដែលគាំទ្រហាងកាហ្វេនេះ តាំងតែពីចាប់ផ្តើមបើកដំបូង បានឲ្យដឹងថា លោកចង់ឃើញឧបករណ៍ចាស់ៗ មានអាយុកាលយូរអង្វែង ដែលលោកមិនដែលឃើញរបស់របរទាំងនេះពីមុនមក។
លោករៀបរាប់យ៉ាងដូច្នេះថា៖ «ហាងកាហ្វេនេះ មានរបស់បុរាណប្លែកៗជាច្រើន។ ដូច្នេះ ខ្ញុំចង់មកអង្គុយលេងញ៉ាំកាហ្វេ ហើយបានមើលរបស់របរទាំងអស់នេះផង»។
សូមទស្សនាវីដេអូខាងក្រោម៖
តាមពិតទៅ សម្ភារចាស់ៗទាំងនេះ ស្ទើរទាំងអស់ទៅហើយ មិនមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននោះទេ ព្រោះ ឧបករណ៍ក្នុងហាងទាំងអស់ មានអាយុកាលយូរមកហើយ។ យ៉ាងណាក៏ដោយ គេនឹងបានឃើញ និង បានសិក្សាស្វែងយល់ពីឧបករណ៍បុរាណទាំងនេះដោយមិនគិតថ្លៃ ដោយគ្រាន់តែចំណាយប្រាក់តិចតួចផឹកកាហ្វេនៅហាង Museum Cafe។
លោក លី ប៉េងហេង ស្ថាបនិកហាងពិព័រណ៍កាហ្វេ បានចំណាយពេល២០ឆ្នាំ ប្រមូលឧបករណ៍ចំណាស់ៗជាច្រើនប្រភេទមកពីគ្រប់ទិសទីទាំងក្នុងស្រុក និង ក្រៅប្រទេស ដាក់តាំងនៅហាងកាហ្វេរបស់ខ្លួន ដែលបានបង្កើតឡើងបានទើបតែបាន២ខែប៉ុណ្ណោះ។ វាជាទីកន្លែងមួយ ដែលយុវជនខ្មែរជំនាញក្រោយ អាចបានឃើញ និងស្វែងយល់ឧបករណ៍បុរាណកម្រទាំងនេះ។
លោកប្រាប់ ខេមបូណូមីស យ៉ាងដូច្នេះថា៖ «ឧបករណ៍ទាំងនេះ ៩០ភាគរយ ខ្ញុំទិញពីបរទេស ព្រោះ ប្រទេសយើងជួបសង្គ្រាម។ ដូច្នេះ វត្ថុបុរាណ បានវិនាសហិនហោច ដែលធ្វើឲ្យខ្ញុំប្រមូលវត្ថុចាស់ៗនៅក្នុងប្រទេសបានតិចតួចណាស់។ ហើយហាងកាហ្វេនេះ គឺជាគំនិតប្រពន្ធរបស់ខ្ញុំ មិនមែនគំនិតខ្ញុំទេ។ ប្រពន្ធខ្ញុំគាត់ថា ខ្ញុំមានវត្ថុបុរាណចាស់ៗស្រាប់។ ដូច្នេះ គាត់ក៏ចង់ឲ្យខ្ញុំបង្កើតហាងកាហ្វេ ដោយមានដាក់តាំងឧបករណ៍ទាំងនេះ»។
កំពុងអង្គុយផឹកកាហ្វេនិយាយលេងជាម្ចាស់ហាងយ៉ាងរីករាយ លោក ម៉ី កុសល្យ អតិថិជន ដែលចូលចិត្តវត្ថុបុរាណ បានប្រាប់ ខេមបូណូមីស ថា ហាងកាហ្វេនេះ ខុសពីហាងកាហ្វេដទៃទៀត ព្រោះ វាមានវត្ថុបុរាណ ដែលលោកចង់ឃើញ និងចង់ពិភាក្សាស្វែងយល់ពីរបស់របរបុរាណបន្ថែមទៀត។
លោកនិយាយបែបនេះថា៖ «ខ្ញុំមកទីនេះ ដើម្បីបានជួបបងៗ ដែលចូលចិត្តវត្ថុបុរាណដូចគ្នា។ ដូច្នេះ ហាងកាហ្វេនេះ ហាក់ដូចជាកន្លែងណាត់គ្នាមួយ ដើម្បីនិយាយពីវត្ថុបុរាណ។ កន្លងមក សង្គមយើង អត់ទាន់បានយល់ដឹង និងចាប់អារម្មណ៍ពីវត្ថុបុរាណ។ ប៉ុន្តែ ពីថ្ងៃនេះទៅ តាមរយៈហាងកាហ្វេនេះ យើងនាំគ្នាស្រឡាញ់វត្ថុបុរាណ។ ការបង្កើតហាងកាហ្វេរបស់ម្ចាស់ហាងនេះ បានជួយផ្តល់ឲ្យមហាជន បានស្គាល់របស់បុរាណកាន់តែច្រើន»៕