ភាពយន្ត​ខ្មែរ!

ហេតុ​ផល​មួយចំនួន​ដែលអ្នក​គួរទស្សនា​កុន​​ខ្មែររឿង«វិបល្លាស/រចនា»!


តាំងពី​សម័យ​កើតមាន​រោងកុន​ទំនើប​ព្រោង​ព្រាត​ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ចុងក្រោយ​នេះ សឹង​តែ​អាច​និយាយបានថា ខ្ញុំ​មិន​ដែល​មើល​ភាពយន្តខ្មែរ​ទេ។ មិនមែន​មិន​ចង់​ជួយ​គាំទ្រ​កុន​ខ្មែរ​ទេ ប៉ុន្តែ គុណភាព​នៃ​សាច់​រឿង ការសម្ដែង ការផលិត ។ល។ នៅឃ្លាត​ឆ្ងាយពី​គេ​ពេក។ បើ​ទៅ​មើល​កុន ខ្ញុំ​មើល​តែ​កុន​ហូល្លីវូដ​ប៉ុណ្ណោះ។
ហេតុផល​មួយចំនួន​ដែលអ្នក​គួរ​ទស្សនា​កុនខ្មែរ រឿង វិបល្លាស/រចនា!
ដោយ

ថ្ងៃទី១១ មេសា ដោយ​មាន​ពេលទំនេរ ខ្ញុំ​ក៏បាន​ទៅចូលរួម​ពិធី​សម្ពោធ​ និង​បាន​ទស្សនា​ពី​ដើម​ដល់ចប់​នូវ​ភាព​យន្ត​ខ្មែរ រឿង «វិបល្លាស/រចនា» នៅ​រោងកុន​ Major Cineplex ផ្សារ​ទំនើប សុរិយា។ ដោយសារ​អ្នក​ទៅ​មើល​ជាមួយ​ជាមនុស្ស​ដែលខ្ញុំ​គួរចំណាយពេល​ជាមួយ ខ្ញុំគិតថា​ បើ​រឿង​ហ្នឹង​មិន​ល្អ​មើល ខ្ញុំ​អាច​គេង​នៅ​ក្នុងរោងកុន​បាន។ ប៉ុន្តែ អ្វីដែល​នឹក​ស្មាន​មិន​ដល់​គឺ​ពី​មួយឈុត​ទៅ​មួយ​ឈុត ពីដើម​រហូត​ដល់​ចប់ គឺ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ងងុយ​ដេកសោះ ខ្ញុំ​បែរជាជក់​និង​សឹងតែចូលតួ​តាមសាច់រឿង។

ខាងក្រោម​នេះជា​ការយល់​ឃើញ​របស់​ខ្ញុំ​ផ្ទាល់ អំពី​ចំណុច​ល្អ​ពី​រឿង​ «វិបល្លាស/រចនា» ដែល​ខ្ញុំ​ចង់ចែក​រំលែក​ដល់​លោក​អ្នក​នាង​ដែល​មិន​ទាន់​បាន​ទៅ​ទស្សនា៖

តួ​សម្ដែង​និង​ការសម្ដែង

រឿងនេះ តួ​សម្ដែង​ភាគច្រើន​បំផុត (បើ​មិនទាំងអស់) សុទ្ធតែ​ថ្មី មិន​ធ្លាប់​ឮ​ឈ្មោះ និង​មិនធ្លាប់​ឃើញ​សម្ដែង​នៅ​ក្នុង​រឿង​ផ្សេង​ពី​មុន​មក។ ប៉ុន្តែ សមត្ថភាព​និងទេពកោសល្យ​សម្ដែង​របស់​ពួកគេ​ពិត​ជា​អស្ចារ្យ។ ចំពោះ​ខ្ញុំ​ផ្ទាល់ ការសម្ដែងរបស់តួក្នុង​រឿង​នេះ គឺ​ធ្វើ​បាន​ល្អមែនទែន។ ការនិយាយ​និង​កាយ​វិការរបស់​តួ គឺ​ជា​របៀប​ធម្មជាតិ (natural) ពិតៗ មិន​ដូច​រឿង​ខ្លះ ដែល​យើង​អាច​មើល​ដឹងថា និយាយ​បែប​អាន​ parole ឬ​សម្ដែង​តាម​គេ​ប្រាប់ របៀប​ឆ្គងៗ។  

ភាព​មិន​អាច​ទស្សន៍ទាយ​មុន​បាន​នៃ​ដំណើរសាច់រឿង

កន្លងមក ទាំង​ការអាន​សៀវភៅរឿង ទាំង​ការ​មើល​កុន បើ​សិន​ណា​ ខ្ញុំ​អាច​ទាយដឹង​មុនពី​ដំណើរ​រឿង​បន្ត​បន្ទាប់ ឬចុង​បញ្ចប់​នៃរឿង គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចង់​តាមដាន​ទេ ពោល​គឺ​អស់ចំណាប់អារម្មណ៍​លើ​រឿង​តែម្ដង។ ប៉ុន្តែ រឿង វិបល្លាស/រចនា គឺ​ពី​មួយ​ឈត់​ទៅ​មួយ​ឈត់ គឺ​ទាយ​មិន​ត្រូវ។ ទាយមិនត្រូវ គឺ​ធ្វើ​ឲ្យ​ចិត្ត​យើងជក់មើល និងចង់​ដឹង​អ្វី​នឹង​កើត​ជា​បន្ត​បន្ទាប់ក្នុងសាច់រឿង។ 

ឈុត​ឆាកដែល​កំប្លែង គឺធ្វើ​ឲ្យ​យើង​សើច​ដោយ​មិន​ដឹងខ្លួន ខុស​ពីរឿង​ខ្មែរ​សម័យមុនៗ ត្រង់វ​គ្គ​កំប្លែង គេ​តម្រូវ​ដាក់​តួ​កំប្លែង​បង្ហាញ​ឲ្យ​យើង​ដឹងមុន ដើម្បី​កើត​ជា​សំណើច ។ល។

អត្ថន័យ​អប់រំ​នៃ​រឿង

ចំពោះ​ខ្ញុំ​ផ្ទាល់ អត្ថន័យ​អប់រំ​នៃ​រឿង វិបល្លាស/រចនា​ នេះ គឺ​សំខាន់​ណាស់​សម្រាប់​ការចែក​រំលែក​ដល់​សង្គម​ខ្មែរ​បច្ចុប្បន្ន។ តួអង្គ នាង រចនា មាន​បញ្ហា​ផ្លូវចិត្ត ឬ​ហៅថា វិបល្លាស​ចិត្ត។ គឺ​បើ​ត្រូវ​ខឹង​​ក្ដៅ​ក្រហាយ គឺ​ខឹង​ភ្លាម ច្រលោត​ភ្លាម ទប់​ចិត្ត​មិន​ឈ្នះ ឬ​អាច​និយាយថា ក្លាយ​ជា​មនុស្ស​កំរោល​ចូល ឬ​ខ្មោចចូល​ភ្លាមៗ។ គ្រូ​ពេទ្យ​តម្រូវ​ឲ្យ​នាង​ត្រូវ​តែ​ព្យាបាល​ជំងឺ​នេះ ប៉ុន្តែ នាង​មិន​គិត ឬ​ទទួល​ស្គាល់​ខ្លួន​ជា​អ្នក​ជំងឺ ដូច្នេះ​មិន​ព្រម​ទទួល​យក​ការ​ព្យាបាល។ 

នាង រចនា ដែល​ជាតួអង្គសំខាន់ មិនព្រមឲ្យ​ពេទ្យ​ព្យាបាល បែរ​ជា​ជ្រើសរើស​យក​ផ្លូវ​ផឹកស្រា ចូល​បារ ក្លិប​កម្សាន្ត រកការសប្បាយជាមួយ​ដៃគូ​ប្រុស ដើម្បីបំបាត់​នូវ​ភាពមួរហ្មង​ក្នុងចិត្ត​មួយគ្រាៗ តែ​វា​មិន​មែន​ជា​ដំណោះស្រាយ។ 

រឿង​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ទៅ​ដល់​គ្រួសារ​មួយ​នៅ​ភូមិ​កំណើត​របស់​ខ្ញុំ​ ដែល​ប្ដី​ក្លាយជា​មនុស្ស​ផឹកស្រា​ប្រមឹក​ស្ទើរ​តែរៀងរាល់ថ្ងៃ​ ដែល​ពី​មុនគាត់​ធ្លាប់ជាមនុស្ស​ប្រុស​ត្រឹមត្រូវ ខំតែធ្វើការងារ​រក​ចំណូល​ដល់​គ្រួសារ។ បើ​តាម​ការសាកសួរ​តាម​អ្នកជិតខាង បងប្រុស​ម្នាក់​នេះ​ធ្លាក់​ខ្លួន​ប្រមឹក​សឹង​តែ​មិន​រំលង​ថ្ងៃ បន្ទាប់ពី​ប្រពន្ធ​ចាក​ចោល​គាត់ទៅ​រកស៊ីនៅ​ស្រុក​ឆ្ងាយ និង​យក​លុយ​ពី​ផ្ទះ​ទៅ​ខាត​ក្នុង​មុខ​របរ​នោះ។ បុរស​ជាប្ដីឃាត់​ប្រពន្ធ​មិន​ឈ្នះ កើត​ទុក្ខ​ក្នុង​ចិត្ត ក៏​បែក​គំនិត​ក្លាយ​ជា​អ្នក​ប្រមឹក ផឹក​ស្រា​ដើម្បី​បំបាត់ទុក្ខ។ នេះ​ជា​ជំងឺ​ផ្លូវចិត្ត។

ត្រលប់​ទៅ​នាង រចនា ក្នុង​រឿង វិបល្លាស វិញ ចុងក្រោយ នាង​ហាក់ទទួល​ស្គាល់ថា​ខ្លួន​ឯង​មាន​ជំងឺ​ ក៏​ត្រលប់ទៅ​រក​គ្រូពេទ្យ និង​ស្ម័គ្រចិត្ត​ទទួល​ការព្យាបាល​នៅ​មណ្ឌល​ព្យាបាល​មនុស្ស​រោគចិត្ត ហើយ​ក៏បានទទួល​លទ្ធផល​ល្អ​នៅ​នាទី​ចុងក្រោយ។​ ប៉ុន្តែ បងប្រុស​ម្នាក់​នៅ​ស្រុក​កំណើត​ខ្ញុំ ដែលខ្ញុំ​លើក​ឡើង​ខាង​លើ បើ​គាត់​មិន​ទៅ​រក​ការព្យាបាល វិបត្តិ​ផ្លូវ​ចិត្ត​របស់គាត់​នឹង​កាន់តែធ្ងន់ធ្ងរ​ជា​មិន​ខាន។

រឿងនេះ​ក៏ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញដល់​សម្ដី​លោកគ្រូពេទ្យ​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ថា មនុស្ស​ជាច្រើន​មាន​បញ្ហា​ផ្លូវចិត្ត ប៉ុន្តែ មិន​មក​រក​ការព្យាបាល​ពី​គ្រូ​ពេទ្យ​ចិត្ត​វិទ្យាទេ ខ្លាច​គេថា ខ្លួន​ជាមនុស្ស​វិកលចរិត ឬ​ឆ្កួត ប៉ុន្តែ បើ​មិន​ព្យាបាល​ វិបត្តិផ្លូវចិត្ត​នេះ​នឹង​រឹតតែ​ធ្ងន់ធ្ងរ។

ចុងបញ្ចប់ ខ្ញុំ​ចង់​បញ្ជាក់ថា នេះ​ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ ហើយ​បើ​សិន​លោក​អ្នក​នាង​បាន​ទស្សនា​រឿង វិបល្លាស/រចនា នេះ សូម​អញ្ជើញ comment ចែករំលែក ឬ​កែតម្រូវ​ការយល់ឃើញ​របស់​ខ្ញុំ​បាទផង៕ 




អត្ថបទបន្ទាប់


បើ​វិនិយោគ​លើ​ដីធ្លី អ្នក​ត្រូវ​គិត​ដល់​គន្លឹះ​៦​ចំណុច​!

ព័ត៌មាន
លោក​ ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)…

ពលរដ្ឋ​ត្រេកអរ​ចំពោះ​សេវា​ដឹក​អ្នក​ដំណើរ​សាធារណៈ​តាម​ផ្លូវ​ទឹក

ព័ត៌មាន
ពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ត្រេក​អរ​ជា​ខ្លាំង នៅ​ពេល​បាន​ជិះ​កាណូត​សាធារណៈ​ព្រែកព្នៅ​-តាខ្មៅ ដែល​បើក​សម្ពោធ​ឲ្យ​ចរាចរ​តាម​ផ្លូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ