Advertisement
សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវទឹក

ពលរដ្ឋ​ត្រេកអរ​ចំពោះ​សេវា​ដឹក​អ្នក​ដំណើរ​សាធារណៈ​តាម​ផ្លូវ​ទឹក


ពលរដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ត្រេក​អរ​ជា​ខ្លាំង នៅ​ពេល​បាន​ជិះ​កាណូត​សាធារណៈ​ព្រែកព្នៅ​-តាខ្មៅ ដែល​បើក​សម្ពោធ​ឲ្យ​ចរាចរ​តាម​ផ្លូវ​ទឹក​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា កន្លង​ទៅ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។
ពលរដ្ឋ​ត្រេកអរ​ចំពោះ​សេវា​ដឹក​អ្នក​ដំណើរ​សាធារណៈ​តាម​ផ្លូវ​ទឹក។
ដោយ
Advertisement

កំពុង​រង់ចាំ​កាណូត​នៅ​ចំណត​ផ្សារ​ចាស់​ដោយ​ទឹក​មុខ​រីករាយ លោកតា យូ សិទ្ធីរិទ្ធ បាន​ប្រាប់ ខេមបូណូមីស ថា កាណូត​សាធារណៈ​នេះ​បាន​ជួយ​សម្រួល​ចរាចរណ៍​ផ្លូវ​គោក​បាន​ច្រើន និង​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​រស់នៅ​មាត់​ទន្លេ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ធ្វើ​ការងារ​ផង​ដែរ។

លោកតា​បញ្ជាក់​ថា៖ «ពួក​ខ្ញុំ​ចាស់ៗ អាច​ធ្វើ​ដំណើរ​កម្សាន្ដ ព្រោះ កន្លង​មក យើង​ធ្វើ​ដំណើរ​តាម​ថ្នល់ អត់​ដែល​បាន​ធ្វើ​ដំណើរ​តាម​ទន្លេ​ទេ ចង់​ឃើញ​ដែរ តើ​ទេសភាព​តាម​មាត់​ទន្លេ​យ៉ាង​ម៉េច​ទៅ? កន្លង​មក មាន​ទូក​​ដែរ តែ​គេ​រត់​ត្រឹម​មុខ​វាំង​តិចៗ​ហ្នឹង លើក​នេះ បាន​ទៅ​ដល់​តាខ្មៅ។ វា​ប្លែក​ដែរ ទើប​នាំ​គ្នា​មក​ជិះ​ហ្នឹង»។

អង្គុយ​លើ​កាណូត ភ្នែក​សំឡឹង​មើល​ទេសភាព​មាត់​ទន្លេ​តាម​កញ្ចក់ លោក យ៉ាំង លីមីង អ្នក​ទេសចរ​ជន​ជាតិ​ចិន បាន​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​កាណូត​ដឹក​អ្នក​ដំណើរ​ទៅ​តាខ្មៅ ទើប​លោក​សម្រេច​​ចិត្ត​មក​ជិះ​កាណូត ដើម្បី​លម្ហែ​អារម្មណ៍ និង​បាន​គយគន់​ទេសភាព​តាម​មាត់​ទន្លេ។  

និយាយ​ជា​ភាសា​ចិន លោក យ៉ាំង លីមីង បាន​បញ្ជាក់​ថា៖ «ជិះ​ទូក វា​លឿន​អត់​ស្ទះ​ផ្លូវ ហើយ​បាន​មើល​ទេសភាព​សង​ខាង​ទន្លេ​ទៀត។ ខ្ញុំ​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​បែប​ហ្នឹង»។

ដូច​គ្នា​ដែរ លោក​យាយ គឹម សាមុត ដែល​កំពុង​អង្គុយ​លើ​កៅអី​ពណ៌​ខៀវ​ក្នុង​កាណូត​សំដៅ​ទៅ​ក្រុង​តាខ្មៅ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​មាន​មោទនភាព ដែល​រដ្ឋាភិបាល​ខំ​ប្រឹង​ឲ្យ​​មាន​កាណូត​ជិះ​តាម​ទន្លេ​សម្រាប់​ដំណើរ​ទេសចរណ៍។ វា​មាន​ទិដ្ឋភាព​ដូច​ស្រុក​គេ​ដែរ ព្រោះ ស្រុក​គេ គេ​មាន​កាណូត​ជិះ​មើល​ទន្លេ​អ៊ីចឹង​ដែរ»។  

សូម​បញ្ជាក់​ថា ចំណត​សម្រាប់​កាណូត​នេះ មាន​៥​ទីតាំង​គឺ​ស្ពាន​ព្រែកព្នៅ ឫស្សីកែវ ផ្សារ​ចាស់ ចំណត​ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា អ្នកតា​ចិន​ក្រុង​តាខ្មៅ និង​គ្រោង​បង្កើត​ចំណត​ជា​ច្រើន​កន្លែង​ទៀត។   មួយ​វិញ​ទៀត កាណូត​សាធារណៈ​នេះ​នឹង​ដឹក​អ្នក​ដំណើរ ដោយ​មិន​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​បើក​ដំណើរការ​រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៨៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុ​ផល​មួយចំនួន​ដែលអ្នក​គួរទស្សនា​កុន​​ខ្មែររឿង«វិបល្លាស/រចនា»!

ព័ត៌មាន
តាំងពី​សម័យ​កើតមាន​រោងកុន​ទំនើប​ព្រោង​ព្រាត​ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ចុងក្រោយ​នេះ សឹង​តែ​អាច​និយាយបានថា ខ្ញុំ​មិន​ដែល​មើល​ភាពយន្តខ្ម...

ផ្លូវរថភ្លើងថ្មីទៅកាន់ព្រលានយន្ដហោះ​មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

ព័ត៌មាន
បន្ទាប់ពីបើកឲ្យដំណើរការបណ្ដោះអាសន្នរថភ្លើងចម្ងាយខ្លីស្ថានីយអយស្ម័យយានភ្នំពេញទៅមកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា កំណាត់...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ