
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះការពង្រីកទំនាក់ទំនងជាមួយសម្ពន្ធមិត្តមីយ៉ាន់ម៉ា នៅក្នុងជំនួបពិភាក្សារវាងលោក មីន អ៊ុងលាំង ជាមួយដឹកនាំដឹកនាំយោធារបស់រុស្ស៊ី ដែលរៀបចំឡើងនៅលើទឹកដីរុស្ស៊ី កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ហើយបានថ្លែងអំណរគុណចំពោះសមភាគីមីយ៉ាន់ម៉ា ដែលបានផ្តល់ដំរីចំនួន៦ក្បាលជាអំណោយដល់ទីក្រុងមូស្គូ។ តាមរយៈវត្តមានរបស់លោក មីន អ៊ុងលាំង ប្រមុខយោធាមីយ៉ាន់ម៉ា នៅទីក្រុងមូស្គូ អ្នកវិភាគយោធាជឿជាក់ថា វានឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។
ការផ្តល់ដំរីចំនួន៦របស់មីយ៉ាន់ម៉ា ទៅឱ្យទីក្រុងមូស្គូនេះ ធ្វើឡើងស្របពេលដែលរុស្ស៊ី បានបញ្ចប់ដំណើរការនៃការបញ្ជូនយន្តហោះចម្បាំងចំនួន៦គ្រឿង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោក វ៉្លាឌីមៀ ពូទីន បានប្រាប់លោក មីន អ៊ុងលាំង នៅក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំងថា ឆ្នាំនេះរុស្ស៊ីនឹងប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីមូលដ្ឋានគ្រឹះ នៃមិត្តភាពរវាងប្រទេសទាំងពីរ។ លោក ពូទីន បានអះអាងថា ទំនាក់ការទូតរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា មានការកើនឡើងជាលំដាប់ ដោយស្តែងចេញតាមរយៈកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៤០% កាលពីឆ្នាំមុន។
នៅអំឡុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីររូបនេះខាងលើ រុស្ស៊ី និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែខ្នាតតូចកម្លាំងប្រមាណជា១០០មេហ្គាវ៉ាត់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលការសាងសង់ធ្វើឡើងដោយក្រុមហ៊ុន Rosatom ដែលជាក្រុមហ៊ុនសាជីវកម្មថាមពលនុយក្លេអ៊ែរដ្ឋរបស់រុស្ស៊ី។
បើតាមការអះអាងរបស់លោក ពូទីន អង្គភាពយោធាមកពីប្រទេសមីយ៉ាន់ម៉ា នឹងចូលរួមក្នុងក្បួនដង្ហែយោធានៅទីក្រុងមូស្គូ នាថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ ហើយលោក មីន អោងលាំង ក៏នឹងចូលរួមផងដែរ។
ពាក់ព័ន្ធទំនាក់ទំនងសេដ្ឋកិច្ចវិញ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន ( Mikhail Mishustin) បានចាត់ទុកដំណើរទស្សនកិច្ចរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា មកកាន់ទីក្រុងមូស្គូ ជាឱកាសដ៏ល្អក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យកសិកម្ម ថាមពលនុយក្លេអ៊ែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ លោកបានអះអាងថា ក្រុមហ៊ុនរុស្ស៊ីនឹងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់មីយ៉ាន់ម៉ា នៅទីក្រុង Dawei លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការដឹកជញ្ជូន៕
ដោយៈ សរ សុជាតិ