Advertisement
Advertisement
ប្រាក់ដុល្លារ Vs ប្រាក់រៀល

ធនាគារ និងមីក្រូហិរញ្ញវត្ថុ៖សូមពលរដ្ឋរក្សាភាពស្ងៀមស្ងាត់បន្តចាយប្រាក់ដុល្លារតូចៗជាធម្មតា កុំព្រួយបារម្ភ!


ក្រុមអ្នកជំនួញនៅក្នុងគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទំាងអស់កុំមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះការចាយវាយក្រដាសប្រាក់ដុល្លារតូចៗដូចជា ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ព្រោះស្ថាប័នធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺនៅតែបន្តទទួលយកក្រដាសប្រាក់នេះដដែល បើទោះបីធនាគារជាតិបានសម្រេចទុកពេលឲ្យ ៣ខែ ក្នុងការនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសក្ដី។
ធនាគារជាតិទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ ១$, ២$ និង ៥$ ដើម្បីដឹកចេញទៅក្រៅប្រទេស។
ដោយ
Advertisement

លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធាននាយកប្រតិបត្តិ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ​បានមាន​ប្រសាសន៍បញ្ជាក់ថា ធនាគារ​ក៏ដូចជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ គឺនៅតែ​ទទួលយក​ក្រដាស​ប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារពី​អតិថិជន​ដដែលទេ។ ដូច្នេះសូមប្រជាពលរដ្ឋ​រក្សាភាពស្ងប់​ស្ងាត់ និងនៅ​តែបន្តចាយ​ក្រដាស​ប្រាក់​ដុល្លារ​តូចៗនេះ នៅតាមទីផ្សារ​ដូចសព្វដង ពីព្រោះវិធានការ​របស់​ធនាគារជាតិ​នៃកម្ពុជា  មិនមែនមាន​ន័យថា ជាការហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារអាមេរិក​ប្រភេទតូចៗ​ទាំងនេះ លើទីផ្សារនោះទេ។

លោកឧកញ៉ាបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា​កាលពីថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ហើយថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែចាយ​បាន​ដូច​ធម្មតា​នៅលើទីផ្សារ មិនមាន​ការហាម​ឃាត់នោះទេ ប៉ុន្តែអ្វីដែល​គ្រឹះស្ថានធនាគារ ​ក៏ដូចគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវធ្វើនោះ គឺត្រូវ​ចំណាយ​ថវិកា​ខ្លះក្នុង​ការបង់ថ្លៃ​សេវា​ទៅ​ធនាគារជាតិ​ដូចដែល​បានដឹងហើយថា ត្រូវបង់ប្រាក់ ៣,៥​ភាគរយ​សម្រាប់ថ្លៃ​ដឹកជញ្ជូន​ក្រដាស​ប្រាក់ដុល្លារ​តូចៗនេះ​ទៅអាមេរិក​វិញ​តែប៉ុណ្ណោះ ក្រោយពីការសម្រេច​ទុកពេល៣​ខែបន្ទាប់ ចាប់ពីខែកញ្ញា​ឆ្នាំ២០២០​តទៅ»។ 

វិធានការរបស់​ធនាគារជាតិ​នៃកម្ពុជា លើប្រាក់ដុល្លារតូចៗនេះ គឺធ្វើឡើង​បន្ទាប់ពីមាន​កិច្ចប្រជុំ​ពិភាក្សាគ្នា​ជាមួយនឹង​តំណាង​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដោយពិនិត្យ​ឃើញថា ទាំងក្នុង​ឃ្លាំងគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃកម្ពុជា មានការគរជន់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះត្រូវ​បាន​ធនាគារជាតិ បញ្ជាក់ថា តម្រូវការនៃ​ក្រដាស​ប្រាក់ទាំងនេះ មានកម្រិត​ទាបក្នុងទីផ្សារ។

បើតាម​ធនាគារជាតិ​នៃកម្ពុជា ក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ ប្រាក់រៀល ក៏ដូចជា​រូបិយបណ្ណ​ក្នុងតំបន់ បានធ្លាក់ចុះថ្លៃ គួរឲ្យកត់​សម្គាល់ ធៀបនឹងប្រាក់​ដុល្លារអាមេរិក។ ចំពោះប្រទេស​ក្នុងតំបន់ តម្លៃ រូបិយប័ណ្ណ​របស់គេ​ធ្លាក់ថ្លៃ គឺជាចម្បង​ដោយសារតែ​ការធ្លាក់ចុះនៃ​ការនាំចេញ និងលំហូរចេញ​នៃមូលធន។ ចំណែកឯ​កម្ពុជាវិញ ការធ្លាក់ចុះថ្លៃ​ប្រាក់រៀល គឺដោយសារតែ​តម្រូវការ ​ប្រាក់រៀល​ធ្លាក់ចុះ ដែលជាកត្តា​ចម្បង​បណ្ដាលមកពី ការថមថយ​នៃសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និងការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ។ល។

បើតាមធនាគារជាតិ ការធ្លាក់ថ្លៃ​ប្រាក់រៀល ធៀបនឹងដុល្លារ​អាមេរិកនេះ មានឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ ដែលមានចំណូល​ជាប្រាក់​រៀល។ ដូច្នេះ ដើម្បីជំរុញ​តម្រូវការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ដសេដ្ឋកិច្ច ជាពិសេសសម្រាប់​ប្រតិបត្តិការ​ដែលមាន​ទំហំតូច ការប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារអាមេរិក ប្រភេទតូចៗគួរតែត្រូវ​ជំនួស​ដោយប្រើប្រាស់​ប្រាក់វៀល​វិញ។

លោកឧកញ៉ា ហ៊ួត អៀងតុង​បញ្ជាក់ទៀតថា ការសម្រេច​របស់ធនាគារជាតិ​នេះ គឺជាយន្តការមួយ ដែលអាច​ជួយបានច្រើន​ក្នុងដំណើរការ​ប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន ជួយឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានស្ថិរភាពល្អ និងអត្រាប្តូរ​ប្រាក់ក៏មាន​ស្ថិរភាពល្អដែរ ប្រសិនបើកម្ពុជា​បានប្រើប្រាស់​ប្រាក់រៀល​ទូលំទូលាយ។

លោកឧកញ៉ាបន្តថា យ៉ាងណាក៏ដោយ​ការសម្រេចរបស់​ធនាគារជាតិនេះ មានរយៈពេល​ខ្លីបន្តិច សម្រាប់ការ​ជូនដំណឹង​ទៅអតិថិជន​ក្នុងការផ្លាស់ប្តូរ​របៀប​នៃការប្រើប្រាស់​ប្រាក់ដុល្លារ​តូចៗនេះ។ ហើយនៅពេល​នេះដែរ សម្រាប់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ​ក៏គ្មានអ្វី​ជាឧបសគ្គនោះទេ ខណៈប្រាក់​ដុល្លារ​តូចៗ ដែលបាន​រក្សាទុក​ក្នុងទូរ​ចំនួនត្រឹម ៨ម៉ឺនដុល្លារ ក្នុងចំណោម​ប្រាក់បង្កក​ក្នុង​ទូរ​សរុបជាង ១លាន​ដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជា​បានអះអាងថា ធនាគារជាតិ​នឹងនៅតែបន្ដ​ពិភាក្សា​ជាមួយ​នឹងគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បីផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចទាំង​ស្រុង ពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ​ខុមហ្រ្វែល​សង្កេត​ឃើញ​ថា ប្រសិទ្ធភាព​សភា​ឯកបក្ស​មាន​ការ​ធ្លាក់ចុះ

ព័ត៌មាន
អង្គការ ខុមហ្រ្វែល បាន​ចេញ​ការសង្កេត​មួយ​របស់​ខ្លួន នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ថា ប្រសិទ្ធភាព​សភា​ឯកបក្ស​មាន​ការធ្លាក់ចុះ​ដោយ...

គ្រោះរាំងស្ងួត និង កូវីដ-១៩ នឹងធ្វើឲ្យកម្មករថៃជាង ៨,៤ លាននាក់បាត់បង់ការងារ

ព័ត៌មាន
កម្មករថៃ ជាង ៨,៤សែននាក់ អាចនឹងត្រូវបាត់បង់ការងារ ដោយសាររីករាលដាលនៃមេរោគកូវីដ១៩ និងគ្រោះរាំងស្ងួត ហើយចំនួននេះ អាចបន្តកើនឡើងដល់ ១...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ