
ទូរទស្សន៍រដ្ឋ MRTV របស់មីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃចន្ទ សប្តាហ៍នេះថា ក្រោយធ្លាក់ក្នុងភ្លៀងសង្គ្រាមស៊ីវិលជិត៥ឆ្នាំកន្លងមកនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់សហភាពមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសកលលើកដំបូងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ហើយគណៈកម្មការនេះនឹងប្រកាសអំពីការរៀបចំបោះឆ្នោតជាបន្តបន្ទាប់ទៀតនៅខែធ្នូ និងខែមករា។
ប្រទេសមីយ៉ាន់ម៉ា បានរងគ្រោះដោយអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានដកអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ខណៈក្រុមឧត្តមសេនីយ៍យោធាដែលកំពុងកាន់អំណាចដឹកនាំដោយលោក មីន អ៊ុងលាំង (Min Aung Hlaing) កំពុងប្រឈមមុខនឹងការតស៊ូជាខ្លាំងពីក្រុមប្រដាប់អាវុធ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ បានរាយការណ៍ថា គណបក្សនយោបាយសរុបចំនួន៥៥ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតនេះរួចហើយ ដោយក្នុងនោះ គណបក្សចំនួន៩ គ្រោងនឹងប្រកួតប្រជែងនៅទូទាំងប្រទេសនេះ ខណៈគណបក្សចំនួន៦ កំពុងស្ថិតក្រោមការត្រួតពិនិត្យសម្រាប់ការអនុម័ត និងការចុះឈ្មោះ។
ប៉ុន្តែដោយសារក្រុមប្រឆាំងនឹងរបបយោធាមួយចំនួនត្រូវបានរារាំងមិនឱ្យឈរឈ្មោះ ឬបដិសេធមិនឱ្យចូលរួមការបោះឆ្នោតនេះ ត្រូវបានរដ្ឋាភិបាលលោកខាងលិចច្រានចោលថា ជាចលនាមួយដើម្បីពង្រឹងអំណាចរបស់របបយោធា៕
ដោយ៖ សុខ មង្គល