ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរនេះ ធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាលបញ្ហាឱ្យធនាគារជាតិធ្វើការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជួយសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌលើការប្រើប្រាស់ក្រដាសប្រាក់ដុល្លារ ដែលមានរហែក និងស្នាមតិចៗសម្រាប់ភ្ញៀវទេសចរកាលពីពេលថ្មីៗ។
នាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ទិសដៅអនុវត្តបន្តក្នុងឆមាសទី២របស់ធនាគារជាតិនៃកម្ពុជាលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ទេសចរ ដើម្បីជួយសម្រួលការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗរបស់ភ្ញៀវទេសចរបរទេស ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ តាមរយៈប្រព័ន្ធបាគងនេះអាចអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ក្រេឌីតកាតដែលពួកគេមានដូចជា Visa Card, Master Card និង Union Pay ជាដើម ផ្ទេរទឹកប្រាក់ចូលទៅក្នុងគណនីបាគងដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិកនៅតាមតំបន់ទេសចរណ៍នានា បើទោះបីពួកគេគ្មានគណនីរបស់ធនាគារក្នុងស្រុកក៏ដោយ។
លោកជំទាវ ជា សិរី បានបង្ហាញជំនឿជឿជាក់ថា តាមរយៈប្រព័ន្ធ«បាគង»នេះវាមិនត្រឹមតែអាចជួយដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធការប្រើប្រាស់ក្រដាសប្រាក់សម្រាប់ភ្ញៀវទេសចរបរទេសនៅតាមតំបន់ទេសចរណ៍នានា ជាពិសេសនៅសៀមរាបប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ដល់ភ្ញៀវទេសចរបរទេសនូវបទពិសោធន៍ទូទាត់ថ្មី និងឱ្យពួកគេដឹងថា កម្ពុជាដែលជាប្រទេសតូចមួយនៅលើពិភពលោក ក៏មានការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រនិកដូចប្រទេសធំៗដែរ។
ការគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធបាគងសម្រាប់ទេសចរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យធនាគារជាតិនៃកម្ពុជាធ្វើការជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុពិនិត្យលទ្ធភាពលើការបន្ធូរបន្ថយលក្ខខណ្ឌនៃការប្រើប្រាស់ក្រដាសប្រាក់ដែលមានបញ្ហាដូចជា រហែក ទក់ និងប្រឡាក់ សម្រាប់ភ្ញៀវទេសចរបរទេស ក្នុងគោលបំណងជួយសម្រួលការចាយវាយរបស់ភ្ញៀវទេសចរ និងលើកកម្ពស់កិច្ចការបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍។ គួររំលឹកផងដែរថា ការបញ្ជារបស់ស ម្តេចធិបតី ធ្វើឡើងក្រោយសម្តេចបានបិទបាំងមុខចុះសិក្សាពីស្ថានភាពទីផ្សារទេសចរណ៍នៅតំបន់ Pub Street ក្នុងខេត្តសៀមរាប ដោយបានរកឃើញថា មានភ្ញៀវទេសចរបរទេសមួយចំនួនជួបបញ្ហាលើការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ ដែលមានបញ្ហាដូចជា រហែក និងមានស្នាមជាដើម។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ និងតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសនានា និងដៃគូជាបន្តបន្ទាប់សំដៅជួយសម្រួល និងលើកកម្ពស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច។ ជាក់ស្តែងមកទល់ពេលនេះកម្ពុជាបានភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម ឡាវ និងក្រុមហ៊ុន Union Pay របស់ចិន និងគ្រោងពង្រីកការទូទាត់ជាមួយឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និង Alipay បន្ថែមទៀត។
បើតាមរបាយការណ៍របស់ធនាគារជាតិ ចំនួនប្រតិបត្តិការ និងគណនីប្រព័ន្ធបាគងបានកើនឡើងឆាប់រហ័ស ដោយគិតត្រឹមឆមាសទី១ឆ្នាំ ប្រព័ន្ធបាគងមានសមាជិក៧៤គ្រឹះស្ថាន និងមានជិត២៣ពាន់គណនី។ ដោយឡែកការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងគិតត្រឹមឆមាសទី១ឆ្នាំនេះគណនីអ៊ីវ៉ាឡេត បានកើនឡើងដល់ជិត២០លានគណនី និងមានប្រតិបត្តិការទូទាត់សងប្រាក់ជាង៣៤២លានប្រតិបត្តិការជាមួយទំហំទឹកប្រាក់ជាង៣៤ពាន់លានដុល្លារ។
សូមជម្រាបថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួនជាង២លាន៦សែននាក់មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះមានការថយចុះជាង៨% បើធៀបនឹងពេលមិនទាន់ការផ្ទុះវិបត្តិកូវីដ-១៩៕