អប្បផរណា

ឥណ្ឌូនេស៊ីជួបបញ្ហាអប្បផរណាជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ


ទិន្នន័យផ្លូវការបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ កាលពីខែកុម្ភៈ កន្លងទៅ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចុះតម្លៃអគ្គិសនីយ៉ាងច្រើន ដើម្បីជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អប្បផរណា
ដោយ

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅឥណ្ឌូនេស៊ី បានធ្លាក់ចុះ០.០៩% កាលពីខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសនេះជួបបញ្ហាអប្បផរណា ឬតម្លៃទំនិញ និងសេវាកម្មធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០០០ មក។ នេះជាខែទីពីរហើយ ដែលអត្រាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះក្រោមគោលដៅអតិផរណារបស់ធនាគារកណ្តាលឥណ្ឌូនេស៊ី ដែលកំណត់ក្នុងរង្វង់ពី១.៥% ទៅ៣.៥% ខណៈអត្រាអតិផរណានៅខែមករា មានត្រឹម០.៧៦%។

កត្តាចម្បងដែលជំរុញឱ្យឥណ្ឌូនេស៊ី ជួបបញ្ហាអប្បផរណានេះ គឺដោយសាររដ្ឋាភិបាលបានបញ្ចុះតម្លៃ៥០% លើតម្លៃអគ្គិសនីសម្រាប់អតិថិជនមួយចំនួនក្នុងខែមករា ដល់ខែកុម្ភៈ។ ការធ្លាក់ចុះតម្លៃផលិតផលម្ហូបអាហារមួយចំនួន ដូចជា អង្ករ ប៉េងប៉ោះ និងម្ទេសក្រហមជាដើម ក៏បានចូលរួមចំណែកធ្វើឱ្យប្រទេសនេះជួបបញ្ហាអប្បផរណាផងដែរ ដោយសារការផលិតស្បៀងក្នុងរយៈពេលពីរខែចុងក្រោយនេះបានងើបឡើងវិញពីផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាលពីឆ្នាំមុន។

ប្រធានស្ថិតិឥណ្ឌូនេស៊ី លោកស្រី អាម៉ាលី អាឌីនីងហ្កា វីដយ៉ាសានទី (Amalia Adininggar Widyasanti) បាននិយាយថា អប្បផរណានេះមិនមែនដោយសារតែអំណាចទិញចុះខ្សោយនោះទេ ពោលគឺដោយសារតែមានការបញ្ចុះតម្លៃអគ្គិសនីពីរដ្ឋាភិបាល។

អត្រាអតិផរណាស្នូលនៅឥណ្ឌូនេស៊ី បានកើនឡើងបន្តិចបន្តួចដល់២,៤៨% នៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដែលមានអត្រា២,៤២%។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀតចាប់ពីខែមីនា ជាពេលដែលការបញ្ចុះតម្លៃអគ្គិសនីបានបញ្ចប់ ប៉ុន្តែវានឹងនៅតែមានកម្រិតទាប ដោយសាររដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មីក្នុងការបញ្ចុះតម្លៃសម្រាប់ថ្លៃសំបុត្រយន្តហោះ និងការបង់ថ្លៃផ្លូវក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនតៃវ៉ាន់ TSMC ជះលុយ១០០ពាន់លានដុល្លារ វិនិយោគបង្កើតរោងចក្រផលិតបន្ទះឈីបនៅអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC នឹងបោះទុនវិនិយោគយ៉ាងតិច១០០ពាន់លានដ…

ថៃ និងបណ្តាប្រទេសនៅអាស៊ានមួយចំនួនទៀត នឹងយកពន្ធលើការបំភាយកាបូន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ប្រទេសថៃ ម៉ាឡេស៊ី និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនទៀតនឹងបង្កើតពន្ធកាបូន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងការប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ