
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈសារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ៥ឆ្នាំលើកទី២បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦-២០២៦ និងផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ៥ឆ្នាំលើកទី១ពីឆ្នាំ២០១៩-២០២៣ កន្លងមកបានបង្ហាញឱ្យឃើញពីតួនាទីដ៏មានសារសំខាន់ នៃចលនាភូមិមួយផលិតផលមួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចតាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក និងការពង្រឹងភាពជាម្ចាស់សហគមន៍។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកត់សម្គាល់ឃើញថា បច្ចុបប្បន្នមហាជនមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការចូលរួមក្នុងចលនាភូមិមួយផលិតផលមួយ និងគាំទ្រលើផលិតផលខ្មែរកាន់តែខ្លាំងឡើង។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៤ មានមូលដ្ឋានផលិតចំនួន៨៤៤ មកពីភូមិចំនួន៦៤២ នៃរាជធានីខេត្តទាំង២៥ បានចូលរួមក្នុងចលនានេះ ហើយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានទទួលស្គាល់ផលិតផលចំនួន៩៦១ មកពីភូមិទាំងនោះ ជាផលិតផលភូមិមួយផលិតផលមួយផងដែរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចលនាភូមិមួយផលិតផលមួយត្រូវតែដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត តាមរយៈការកៀរគរប្រជាជនឱ្យខិតខំផលិត កែច្នៃ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូវធនធានសក្ដានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវផលិតផលសម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។
សម្តេចធិបតី កត់សម្គាល់ឃើញថា កន្លងមកតាមរយៈការជួយសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រោមគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦-២០២៦ បានជួយបំផុសស្មារតីប្រជាជន និងអ្នកផលិតឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពផលិតប្រមូលផ្ដុំចងក្រងអ្នកផលិតតូចៗតាមគ្រួសារ សំដៅធ្វើឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន លើកកម្ពស់គុណភាពតម្លៃសមស្រប ព្រមទាំងជំរុញឱ្យមានការជួយគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ