លោក ចូ បៃឌិន បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានយោធាអ៊ែនឌ្រូថា៖ «ខ្ញុំគិតថាកិច្ចពិភាក្សាកំពុងដើរទៅមុខ ពិបាកនឹងប្រាប់ណាស់។ យើងមិនទាន់ឈានដល់ចំណុចវិបត្តិនៅឡើយទេ»។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបន្តថា៖ «យើងនឹងដឹងបន្ថែមទៀតនៅពីរថ្ងៃខាងមុខនេះ»។
លោក បៃឌិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថានឹងជួបប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាកខាធី និងមេដឹកនាំសភាផ្សេងៗទៀតនៅដើមសប្តាហ៍នេះ ដើម្បីបន្តការចរចាអំពីការដំឡើងកម្រិតបំណុលសាធារណៈឡើងវិញ។
លោក បៃឌិន និងលោក ម៉ាខាធី បានលុបចោលកិច្ចប្រជុំដែលបានគ្រោងធ្វើនៅថ្ងៃសុក្រ ដោយលើកហេតុផលថាទុកពេលឱ្យបុគ្គលិកក្រោមឱវាទបន្តការពិភាក្សាលើផ្នែកបច្ចេកទេស។
កាលពីថ្ងៃសុក្រ ជំនួយការរបស់មេដឹកនាំទាំងពីររូបបានពិភាក្សាគ្នាអំពីវិធីកំណត់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ខណៈដែលការជជែកលើការបង្កើនកម្រិតបំណុលរបស់រដ្ឋាភិបាលដែលមានទំហំ ៣១,៤ ទ្រីលានដុល្លារ ដើម្បីបញ្ចៀសគ្រោះមហន្តរាយ កំពុងឈានទៅមុខ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយថា ខ្លួនអាចនឹងអស់លុយត្រឹមថ្ងៃទី ១ ខែមិថុនា សម្រាប់ចំណាយលើវិក្កយបត្រនានា លុះត្រាតែសមាជិកសភាដំឡើងពិដានបំណុលរបស់ប្រទេសនេះ ដើម្បីឱ្យរដ្ឋាភិបាលអាចខ្ចីលុយបន្ថែមទៀតសម្រាប់ចាយវាយលើសេវាសាធារណៈ។
លោក បៃឌិន ត្រូវបានគេរំពឹងថានឹងចាកចេញទៅកាន់ប្រទេសជប៉ុននៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧។ ដំបូងឡើយ លោកប្រធានាធិបតីបាននិយាយថា លោកអាចលុបចោលការធ្វើដំណើរនេះ ប្រសិនបើចាំបាច់ ប៉ុន្តែលោកស្រី ការីន ហ្សង់ព្យែរ អ្នកនាំពាក្យសេតវិមាន បាននិយាយនៅថ្ងៃសុក្រថា លោក បៃឌិន នឹងធ្វើដំណើរមកប្រជុំនៅជប៉ុនដូចការគ្រោងទុក។
សូមបញ្ជាក់ថា សំណើថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ របស់រដ្ឋបាលលោក បៃឌិន ពឹងផ្អែកលើការដំឡើងពន្ធដើម្បីកាត់បន្ថយឱនភាព ហើយទាមទារដោយឆន្ទានុសិទ្ធិឱ្យបង្កើនការចំណាយក្នុងអត្រា ៥% នៅឆ្នាំក្រោយ។ អត្រាប៉ុណ្ណេះតំណាងឱ្យភាពខុសគ្នាលើថវិកាទំហំ ២០០ ប៊ីលានដុល្លារ បើធៀបនឹងជំហរសមាជិកសភាគណបក្សសាធារណរដ្ឋដែលចង់បន្ថយថវិកាជាតិជាមធ្យម ៨% ទន្ទឹមនឹងការបង្កើនចំណាយលើវិស័យការពារជាតិនិងអតីតយុទ្ធជន។ រឿងនេះមានន័យថា កម្មវិធីផ្សេងៗទៀតរបស់រដ្ឋាភិបាលប្រឈមនឹងការកាត់ថវិកាច្រើន៕
អត្ថបទ ៖ ឯម មាឃ