
ផ្ដើមចេញពីការឈឺចាប់ ខឹងសម្បារនឹងអំពើពុករលួយដែលកើតមានចាក់ស្រែះនៅក្នុងជួររដ្ឋាភិបាល និងការសម្ញែងភាពហ៊ឺហារ ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារត្រកូលអ្នកធំជាច្រើននៅក្នុងចំណោមអ្នកនយោបាយ បានចាប់ផ្ដើមបញ្ឆេះកំហឹងពលរដ្ឋនេប៉ាល់ឱ្យចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី ៨ ខែកញ្ញា ហើយកំហឹងនេះកាត់តែឆេះខ្លាំងឡើងដូចភ្លើងប៉ះនឹងប្រេងសាំង នៅពេលដែលរដ្ឋាភិបាលចេញបញ្ជាបិទខ្ទប់បណ្ដាញសង្គមនានា ដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករពីសំណាក់កងកម្លាំង។
តាមសេចក្ដីរាយការណ៍ពី CNN គិតត្រឹមថ្ងៃទី ៩ ខែកញ្ញា យ៉ាងហោចណាស់មានមនុស្ស ២២នាក់បានស្លាប់ក្នុងហេតុការណ៍បាតុកម្មនេះ និង៤០០នាក់ទៀតរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់មានភាពទន់ខ្សោយខ្លាំង តួយ៉ាងកាលពីឆ្នាំ ២០២៤ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសនេះ(សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៥-២៤ឆ្នាំ) បានកើនដល់ ២០,៨% ។ នេះបើយោងតាមទិន្នន័យពី ធនាគារពិភពលោក ដែលបានគូសបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនប្រមាណ៣០លាននាក់នេះ គឺពឹងផ្អែកខ្លាំងលើប្រាក់ចំណូលដែលបានមកពីពលករ ដែលទៅធ្វើការនៅក្រៅប្រទេស ពោលគឺប្រាក់ចំណូលនេះរួមចំណែកដល់ទៅប្រមាណជាង ៣៣% នៃ GDP ឯណោះ។
គិតត្រឹមថ្ងៃទី ១០ ខែកញ្ញា ពោលគឺក្រោយពេលដែលនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូបរត់ចោលកៅអីទាំងប៉ផាប់ពភីងនោះ ប្រធានាធិបតីរបស់ប្រទេសនេប៉ាល់ លោក Ramchandra Paudel កំពុងស្វះស្វែងស្នើឱ្យសភារៀបចំរដ្ឋាភិបាលឡើងវិញ និងទទូចឱ្យក្រុមបាតុកររក្សាភាពស្ងប់ស្ងាត់ បើកផ្លូវចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធី។