ហូឡង់ប្រកាសបិទស្ថានកុងស៊ុលរបស់ខ្លួននៅរុស្ស៊ី

ហូឡង់ប្រកាសបិទស្ថានកុងស៊ុលរបស់ខ្លួននៅរុស្ស៊ី ព្រមទាំងរឹតត្បិតចំនួនអ្នកការទូតរុស្ស៊ីនៅទីក្រុងឡាអេ


រដ្ឋាភិបាលប្រទេសហូឡង់ នៅថ្ងៃទី ១៨ ខែកុម្ភៈ បាននិយាយថា ខ្លួននឹងបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Saint Petersburg នៅក្នុងប្រទេសរុស្ស៊ី ហើយក៏នឹងដាក់កម្រិតដោយកំណត់អំពីចំនួនអ្នកការទូតរុស្ស៊ី ដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបម្រើការនៅក្នុងស្ថានទូតរុស្ស៊ីនៅទីក្រុងឡាអេប្រទេសហូឡង់ផងដែរ។
ហូឡង់ប្រកាសបិទស្ថានកុងស៊ុលរបស់ខ្លួននៅរុស្ស៊ី ព្រមទាំងរឹតត្បិតចំនួនអ្នកការទូតរុស្ស៊ីនៅទីក្រុងឡាអេ

វិធានការក្ដៅរបស់រដ្ឋាភិបាលហូឡង់នាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការរកឃើញថា រុស្ស៊ីនៅតែបន្ដព្យាយាមធ្វើចារកម្មនៅក្នុងប្រទេសហូឡង់ ដោយជ្រកក្រោមការបិទបាំងផ្នែកការទូតរបស់ខ្លួន។ យ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់នេះ ហើយក៏បានព្រមានចាត់វិធានការតបតវិញផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «ប្រទេសរុស្ស៊ីនៅតែបន្ដព្យាយាមដោយសម្ងាត់ក្នុងការធ្វើចារកម្មលួចយកព័ត៌មាននានៅក្នុងប្រទេសហូឡង់ នៅក្រោមការបិទបាំងនៃផ្នែកការទូតរបស់ខ្លួន។ លោកបន្ថែមថា រដ្ឋាភិបាលទីក្រុងឡាមិនអាចឲ្យមានរឿងនកើតឡើងនោះទេ។

រដ្ឋមន្ត្រីការបរទេសហូឡង់រូបនេះ បន្ថែមថា «នៅគ្រាជាមួយគ្នានេះ រុស្ស៊ីបានបដិសេធផ្ដល់ទិដ្ឋាការដល់អ្នកការទូតហូឡង់ ដែលធ្វើការនៅស្ថានកុងស៊ុលនៅក្នុងទីក្រុង Saint Petersburg ឬនៅស្ថានទូតហូឡង់ក្នុងទីក្រុងម៉ូស្គូផងដែរ។

រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី បានថ្លែងពីទីក្រុងម៉ូស្គូដែរថា នឹងធ្វើការឆ្លើយតបវិញ ចំពោះង្វើរបស់ប្រទេសហូឡង់នេះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន RIA។

រដ្ឋាភិបាលហូឡង់បាននិយាយថា ខ្លួនបានសម្រេចចិត្តកំណត់ចំនួនអ្នកការទូតធ្វើការនៅស្ថានទូតរុស្ស៊ីនៅទីក្រុងឡាអេ ដើម្បីធ្វើយ៉ាងណាឲ្យមានចំនួនស្មើគ្នាទៅនឹងអ្នកការទូតដែលធ្វើការនៅស្ថានទូតហូឡង់ក្នុងទីក្រុងម៉ូស្គូដែរ។

រដ្ឋមន្ត្រីក្រសួងការបរទេសហូឡង់បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ដែរថា ចំនួនអ្នកការទូតរុស្ស៊ីដែលមានច្រើនលើសអ្វីដែលបានកំណត់នោះ គឺនឹងត្រូវចាកចេញពីប្រទេសហូឡង់នៅក្នុងរយៈពេល២សប្ដាហ៍ក្រោយការប្រកាសនេះ ប៉ុន្ដែ មិនបានបញ្ជាក់ថា តើអ្នកដែលត្រូវចាកចេញនោះមានចំនួនប៉ុន្មាននោះទេ។

រដ្ឋាភិបាលហូឡង់ក៏បានបញ្ជាឲ្យបិទការិយាល័យពាណិជ្ជកម្មរុស្ស៊ីនៅទីក្រុង Amsterdam ផងដែរ នៅត្រឹមថ្ងៃទី ២១ខែកុម្ភៈ។

សូមញ្ជាក់ថា កាលពីឆ្នាំ២០២១ប្រទេសហូឡង់ បាននាំចូលទំនិញក្នុងតម្លៃជាទឹកប្រាក់ជាង ១៨ពាន់លានអឺរ៉ុបពីរុស្ស៊ី ដោយក្នុងនោះ មាន ៨៧% ជារ៉ែឥន្ធនៈ ពោលគឺមានជាងពាក់កណ្ដាលជាប្រេងឆៅ។ ដោយឡែក ការនាំចេញរបស់ហូឡង់ទៅរុស្ស៊ីវិញមានក្នុងតម្លៃជាង៦ពាន់៦រយលានអឺរ៉ុប៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការទូតអាមេរិក ព្រមានចិនជាថ្មីទៀត កុំឱ្យលូកដៃចូលក្នុងសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍បានព្រមានអ្នកការទូតកំពូលរបស់ចិន លោក Wang Yi អំពីផលវិបាក ប្រសិនបើប្រទេសចិន…

អាមេរិកនៅតែព្រួយបារម្ភអំពីបំណុលដែលប៉ាគីស្ថានជំពាក់ចិន និងប្រទេសកូនបំណុលផ្សេងទៀត

ព័ត៌មាន
សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីបំណុលដែលគីស្ថាន និងប្រទេសដទៃទៀតជំពាក់ប្រទេសចិន។ នេះបើតាមការលើកឡើងរបស់ ទីប្រឹក្សាក្រសួងការបរទេសអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ