ឧក្រិដ្ឋកម្មឆបោក

ប៉ូលិសថៃ ត្រៀមសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ១០នាក់ ដែលជាប់ពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋជន


នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានប្រកាសថា ប៉ូលិសថៃ កំពុងត្រៀមស្នើសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ចំនួន១០នាក់ រួមទាំងសមាជិកសភាបច្ចុប្បន្ន អតីតសមាជិកសភា និងបេក្ខភាពឈរឈ្មោះបោះឆ្នោតផងដែរ ដែលជាប់ពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ឬអ៊ីនធឺណិត និងបណ្តាញឆបោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Examiner កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។
ឧក្រិដ្ឋកម្មឆបោក
ដោយ

ក្រុមមន្ត្រីជាន់ខ្ពស់របស់ថៃ បាននិយាយថា ប៉ូលិសថៃ ត្រៀមសុំដីកា​ពីតុលាការដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ចំនួន១០នាក់ ដែលជាប់ពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋជន។ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក រុត្ថាផុន ណៅវ៉ារ៉ាត់ (Rutthaphon Naowarat) បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចពិតជាកំពុងស៊ើបអង្កេត ដើម្បីឈានទៅដល់ការចាប់ខ្លួនអ្នកនយោបាយថៃ ទាំង១០នាក់នោះមែន ប៉ុន្តែបានបដិសេធមិនបញ្ចេញឈ្មោះអ្នកដែលពាក់ព័ន្ធនោះឡើយ ដោយលើកឡើងថា វាជាការសម្ងាត់។ សំណុំរឿងដ៏រសើបទាំងនេះ កំពុងត្រូវបានដោះស្រាយរួមគ្នាដោយប៉ូលិសវាំង ប៉ូលិសបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានស៊ើបអង្កេតពិសេស។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បាននិយាយថា អាជ្ញាធរបានប្រមូលចងក្រងរួចហើយនូវទិន្នន័យរបស់អ្នកនយោបាយទាំង១០នាក់នោះ ដែលស្ថិតក្រោមការស៊ើបអង្កេត ហើយការចាប់ខ្លួនអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនេះលោកបានបដិសេធការអះអាងថា រដ្ឋាភិបាលថៃ មិនបានធ្វើសកម្មភាពក្នុងរឿងនេះទេ ដោយនិយាយថា ការស៊ើបអង្កេតបានបន្តអស់មួយរយៈហើយ ហើយឥឡូវនេះជិតដល់ការអនុវត្តហើយ។

ទន្ទឹមនេះ ក៏មានក្តីបារម្ភកាន់តែខ្លាំងឡើងផងដែរ ជុំវិញប្រាក់ខុសច្បាប់យ៉ាងសម្បើមដែលហូរចូលក្នុងយុទ្ធនាការបោះឆ្នោត ជាពិសេសមូលនិធិ ដែលទាក់ទងនឹងល្បែងស៊ីសង និងការឆបោក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បាននិយាយថា ប៉ូលិសបង្ក្រាបបទល្មើសបច្ចេកវិទ្យាត្រូវបានបញ្ជាឱ្យធ្វើសកម្មភាពឱ្យបានឆាប់ ដើម្បីទប់ស្កាត់ការរំលោភបំពានបែបនេះ។

គណៈកម្មការរៀបចំការបោះឆ្នោតបានព្រមានថា ប្រសិនបើបេក្ខភាពឈរឈ្មោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពួកគេអាចត្រូវបានដកហូតសិទ្ធិបោះឆ្នោត ទោះបីជាអ្នកដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំអាចនៅតែត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះក៏ដោយ។ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា ខ្លួនបានបង្កើនការត្រួតពិនិត្យសេចក្ដីរាយការណ៍ស្ដីពីការទិញសន្លឹកឆ្នោត។

អាជ្ញាធរថៃ បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតនេះ មិនមែនជំរុញដោយសារហេតុផលនយោបាយនោះឡើយ ប៉ុន្តែពេលវេលាបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលប្រទេសថៃ ខិតជិតដល់ការបោះឆ្នោតដ៏តានតឹងនៅថ្ងៃទី៨ ខែកុម្ភៈ ដ៏ខ្លីខាងមុខនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតចំណីអាហារមួយ ពីបទលួចប្រើសាច់ជ្រូកមានមេរោគកែច្នៃជាប៉ាតេ

អាជ្ញាធរវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនផលិតអាហារកំប៉ុងដ៏ធំមួយឈ្មោះ ហាឡុង ឃែនដ៍ ហ៊្វូដ ចេអេសស៊ី (Halong Canned Food JSC) …

អាម៉េរិក បើកការវាយប្រហារដ៏ធំលើក្រុម ISIS នៅស៊ីរី ដើម្បីសងសឹកឱ្យយុទ្ធជនខ្លួន

កងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាថ្មីម្តងទៀតទៅលើក្រុមរដ្ឋឥស្លាម ISIL ឬ ISIS នៅក្នុងប្រទេសស៊ីរី។ ប្រតិបត្តិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ