ទេសចរណ៍

អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​ទទួល​អ្នក​ដំណើរ តម្លៃ​២៦​លាន​ដុល្លារ


អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បើក​ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​សម្រាប់​ទទួល​អ្នក​ដំណើរ​មក​ដល់ និង​ចេញ​ដំណើរ​តាម​ផ្លូវ​អាកាស​ហើយ! ខណៈ​ដែល​សាល​ថ្មី​នេះ​បាន​ចំណាយ​ទឹក​ប្រាក់​សាងសង់​អស់​ចំនួន ២៦​លាន​ដុល្លារ​អាមេរិក។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា អះអាង​ថា សាល​ថ្មី​នេះ​គឺ​ជា​វិភាគទាន​ដ៏​សំខាន់​មួយ​របស់​អាកាសយាន​ដ្ឋាន​ទៅ​លើ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។
សាល​អ្នក​ដំណើរ​មក​ដល់​ ដែល​ទើប​បើក​ឲ្យ​ដំណើរការ​ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។
ដោយ

ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​និង​អន្តរជាតិ តាម​ផ្លូវ​អាកាស ក៏​ដូចជា​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​នោះ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​សម្រេច​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​ទទួល​អ្នក​ដំណើរ​មក​ដល់ និង​ចេញ​ដំណើរ​ធំ​មួយ​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗ​នេះ។ 

បើ​តាម​ការ​អះអាង​ពី​លោក នីកូឡា ណូបា អគ្គនាយក​ក្រុមហ៊ុន​សម្បទាន វាំងស៊ី ប្រធាន​ក្រុមហ៊ុន​អាកាសយានដ្ឋាន វាំងស៊ី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា បាន​លើក​ឡើង​ថា សាល​ថ្មី​នេះ ត្រូវ​បាន​វិនិយោគ​ជា​ទឹក​ប្រាក់​អស់ ២៦​លាន​ដុល្លារ ជាមួយ​នឹង​ទំហំ​ផ្ទៃ​ក្រឡា​ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា។ សាល​ថ្មី​នេះ នឹង​អាច​បម្រើ​បាន​ទាំង​ភ្ញៀវ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ខណៈ​ដែល​វា​មាន​ច្រក​សម្រាប់​ឡើង​យន្ដហោះ​ចំនួន​ពីរ​បន្ថែម​ទៀត។ 

តាមរយៈ​ការ​បង្កើន​សមត្ថភាព​របស់​ខ្លួន​តាមរយៈ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នេះ អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​រំពឹង​ថា នឹង​ទទួល​បាន​អ្នកដំណើរ​ឆ្លង​កាត់​ដល់​ទៅ ៤​លាន​នាក់ នៅ​ដំណាច់​ឆ្នាំ​នេះ និង​ក៏​ជាការ​​ត្រៀម​លក្ខណ​សម្បត្តិ​របស់​ខ្លួន​មួយ​ផងដែរ ដើម្បី​ទទួល​អ្នក​ដំណើរ​ឆ្លងកាត់​រហូត​ដល់​ទៅ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០។ 

សាល​អ្នក​ដំណើរ​មក​ដល់ ដែលទើប​សម្ពោធ​ឲ្យ​ប្រើប្រាស់​ថ្មី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក នីកូឡា ណូបា បាន​បន្ថែម​ទៀត​ថា នៅមុន​ដំណាច់​ឆមាស​ទី១ ឆ្នាំ​២០១៨ អាកាស​យានដ្ឋាន​កម្ពុជា នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ថាននីយ​អ្នក​ដំណើរ​ថ្មី​មួយ​ទៀត នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ និង​ចាប់​ផ្ដើម​ដំណើរការ​ការដ្ឋាន​ពង្រីក​ផ្លូវ​យន្ដ​ហោះ​ចុះ​ចត​ផងដែរ។

លោកស្រី Chloe Lapeyre នាយិកា​គ្រប់គ្រង​ទូទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​លើក​ឡើង​ថា ក្រៅពី​ការ​ពង្រីក​នូវ​សាល​ទទួល​អ្នក​ដំណើរមក​ដល់​​ថ្មី​នេះ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​បាន​និង​កំពុង​សិក្សា​ពី​កំណើន​នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ ពិសេស ភ្ញៀវ​ទេសចរ​ដែល​នឹង​ចូល​មក​កម្ពុជា ព្រម​ជាមួយ​នឹង​ការ​ត្រៀម​ខ្លួន តាមរយៈ​ការ​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ។

លោកស្រី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “យើង​តែងតែ​មាន​ការ​អភិវឌ្ឍ​ខ្លួន​ជានិច្ច​នៅ​ក្នុង​ដំណើរការ​គ្រប់គ្រង​របស់​យើង ជាក់ស្ដែង បន្ទាប់​ពី​មាន​ការពង្រីក​សមត្ថភាព​ក្នុង​ការ​ទទួល​អ្នក​ដំណើរ​នេះ យើង​ក៏​កំពុងតែ​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី ដែល​នឹង​ពាំនាំ​មក​នូវ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មីៗ​បន្ថែម​ទៀត សម្រាប់​ដំណើរការ​គ្រប់គ្រង​នៅ​ក្នុង​អាកាស​យានដ្ឋាន​របស់​យើង។ ដូច្នេះ​ហើយ តាមរយៈ​មធ្យោបាយ​នេះ យើង​នឹង​អាច​បង្កើន​នូវ​ភាព​ងាយស្រួល​បន្ថែម​ទៀត​សម្រាប់​អ្នក​ធ្វើ​ដំណើរ។ ហើយ​យើង​ក៏​កំពុង​ព្យាករ​ពី​សមត្ថភាព​របស់​យើង​នឹង​ចំនួន​នៃ​កំណើន​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ។ ដូច្នេះ នៅ​ពេល​ដែល​ពេល​វេលា​ល្អ​មក​ដល់ យើង​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ថ្មី​បន្ទាប់​ទៀត​របស់​យើង ដែល​​វា​មាន​សមត្ថភាព​ផ្ទុក​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ”។

សាល​អ្នក​ដំណើរ​មក​ដល់ ដែលទើប​សម្ពោធ​ឲ្យ​ប្រើប្រាស់​ថ្មី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-​ប៉ាស៊ីហ្វិក កម្ពុជា បាន​លើក​ឡើង​ថា ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​ជា​រឿង​មួយ​ដ៏​ប្រសើរ ដើម្បី​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ដល់​អ្នក​ដំណើរ ហើយ​កន្លង​មក អាកាស​យានដ្ឋាន​របស់​យើង​ក៏​ទទួល​បាន​មតិ​ល្អៗ​ជាច្រើន ពី​ទេសចរ​អន្តរជាតិ ទោះ​បី​ជា​អាកាស​យានដ្ឋាន​កម្ពុជា​យើង នៅ​មិន​ទាន់​មាន​ភាព​សម្បូរ​បែប​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ក៏​ដោយ។

យ៉ាង​ណា​ក៏​ដោយ លោកថា ដើម្បី​អាច​ទាក់ទាញ​ទេសចរ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន រាជ​រដ្ឋាភិបាល រួមទំាង​វិស័យ​ឯកជន​គួរតែ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត។

លោក ធួន ស៊ីណាន បន្ថែម​ទៀត​ថា បច្ចុប្បន្ន ការ​ផលិត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដើម្បី​ធ្វើ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​មក​កម្សាន្ដ​នៅ​កម្ពុជា ហាក់បី​នៅ​មាន​កម្រិត​នៅ​ឡើយ ធៀបនឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដូចជា ថៃ វៀតណាម ជាដើម។ 

សាល​អ្នក​ដំណើរ​មក​ដល់ ដែលទើប​សម្ពោធ​ឲ្យ​ប្រើប្រាស់​ថ្មី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រសាសន៍​របស់​នាយិកា​គ្រប់គ្រង​ទូទៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ឆ្នាំ​នេះ អាកាស​យាន​ដ្ឋាន​កម្ពុជា រំពឹង​ថា តាមរយៈ​អាកាសយាន​ដ្ឋាន​ទាំង​បី នៅ​រាជ​ធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ នឹង​អាច​ទទួល​បាន​អ្នក​ដំណើរ​ឆ្លងកាត់​រហូត​ដល់​ប្រមាណ ៨​លាន​នាក់។ ដោយ​ក្នុង​នោះ អាកាស​យាន​ដ្ឋាន​ភ្នំពេញ នឹង​អាច​ទទួល​បាន​អ្នក​ធ្វើ​ដំណើរ​រហូត​ដល់ ៤​លាន​នាក់។ 

ដោយ​ឡែក អាកាស​យាន​ដ្ឋាន​ទាំង​បី​របស់​កម្ពុជា ត្រូវ​បាន​លោក នីកូឡា ណូបា អគ្គនាយក​ក្រុមហ៊ុន សមប្បទាន វាំងស៊ី ប្រធាន​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​វាំងស៊ី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា លើកឡើង​ថា បាន​រួមចំណែក​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ១៧% ពោល​គឺ​ស្មើ​នឹង​ថវិកា ២,៧​ពាន់​លាន​ដុល្លារ​អាមេរិក។ 

សូម​ជម្រាប​ថា អាកាសយាន​ដ្ឋាន​កម្ពុជា ត្រូវ​បាន​សហការ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។ ក្នុងនោះ ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា មាន​ក្រុមហ៊ុន វាំងស៊ី (Vinci Airport) របស់​បារាំង មាន​ភាគហ៊ុន ៧០% និង​ក្រុមហ៊ុន Muhibbah Masteron Cambodia ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​កម្ពុជា មាន​ភាគហ៊ុន ៣០%៕




អត្ថបទបន្ទាប់


មន្ត្រី​ជាន់​ខ្ពស់​អាមេរិក៖ ពេល​វេលា​នៅ​មាន​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​​​អាមេរិក-​កម្ពុជា​ប្រសើរឡើងវិញ

ព័ត៌មាន
សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា នៅ​មាន​ពេលវេលា​នៅ​ឡើយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ទីក្រុង​វ៉ាស៊ីនតោន ន…

តំបន់​ទួល​ពង្រ ជាយ​រាជ​ធានី កំពុង​ក្លាយ​ជា​មុខ​ព្រួញ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
ការរ​អភិវឌ្ឍ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ ក្រៅពី​តំបន់​ភាគ​ខាង​ជើង​រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ