ផ្លូវដែករបស់រដ្ឋថៃ បានបើកដំណើរការខ្សែរថភ្លើងក្រុងបាងកក-ក្រុងវៀងចន្ទន៍ថ្មី កាលពីថ្ងៃសុក្រសប្ដាហ៍មុនក្នុងចម្ងាយផ្លូវប្រវែងប្រហែល៦៥០គីឡូម៉ែត្រ ដោយបានតភ្ជាប់ទីក្រុងនៃប្រទេសទាំងពីរជាមួយចំណាយពេលធ្វើដំណើរ១២ម៉ោងរួមទាំងការត្រួតពិនិត្យគយព្រំដែន។ ផ្លូវរថភ្លើងនេះបានផ្តល់ការធ្វើដំណើរ១ជើងក្នុង១ថ្ងៃ និងមានជម្រើសកៅអីចំនួនបីកម្រិតផ្សេងគ្នាក្នុងចំណោកកៅអីសរុបចំនួន២៧០ ហើយសំបុត្រមួយជើងមានតម្លៃ ចន្លោះពី៨ ទៅ២៤ដុល្លារ។
តាមរយៈខ្សែរថភ្លើងថ្មីថៃ-ឡាវនេះ មន្ត្រីអាជ្ញាធរផ្លូវដែករបស់រដ្ឋថៃ រំពឹងថា វានឹងជួយសម្រួល និងបង្កើនតម្រូវការទេសចរណ៍មកពីប្រទេសចិន ក៏ដូចជាជួយបង្កើនពាណិជ្ជកម្មថៃ និងចិន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលរដ្ឋាភិបាលថៃ កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរចិន តាមរយៈការលើកលែងទិដ្ឋាការ និងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍សក្តានុពលក្នុងស្រុក។
តម្លៃទំនិញរបស់ថៃ ដែលបាននាំចូលទៅកាន់ប្រទេសចិន ដោយឆ្លងកាត់ប្រទេសជិតខាងមួយចំនួន ត្រូវបានគេរំពឹងថា នឹងកើនឡើង១៧% នៅឆ្នាំនេះ ដោយឡើងជិតដល់៧ពាន់លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានសម្រាប់ខែមីនា ដោយមជ្ឈមណ្ឌលស្រាវជ្រាវឯកជន Kasikorn។ របាយការណ៍ពីមជ្ឈមណ្ឌលនេះបានបង្ហាញថា ការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនចិន-ឡាវ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងពាណិជ្ជកម្មឆ្លងដែន ហើយការដឹកជញ្ជូនភាគច្រើនអាចផ្លែធុរេន និងផលិតផលកសិកម្មផ្សេងទៀត៕
អត្ថបទ៖ សុខ មង្គល