សារព័ត៌មាន The Nation បានរាយការណ៍ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃដែលទើបចូលកាន់តំណែងថ្មីៗ គ្រោងនឹងស្វែងរកកញ្ចប់មូលនិធិដែលមានទំហំរហូតដល់ជិត៩ពាន់លានដុល្លារ ដើម្បីសង្រ្គោះសេដ្ឋកិច្ច ដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ អះអាងថា អាចនឹងធ្លាក់ចូលក្នុងវិបត្តិកាលពីពេលថ្មីៗ។ ប្រភពពីវិមានរដ្ឋាភិបាលថៃ បានដឹងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីវ័យ៣៨ឆ្នាំរូបនេះ កំពុងរៀបចំប្រើប្រាស់កញ្ចប់មូលនិធិជិត៩ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះនេះ។
ប្រភពថវិកាដែលនឹងត្រូវប្រើប្រាស់ដើម្បីបំពេញកញ្ចប់មូលនិធិនេះ គឺត្រូវបានគេដឹងថា បានមកពីប្រភពបីសំខាន់ គឺទី១ បានមកពីកញ្ចប់ថវិកានៃច្បាប់ចំណាយថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលមានទំហំ៣,៥ពាន់លានដុល្លារ ដែលកំពុងរង់ចាំការអនុម័ត, ទី២ គឺសេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ២០២៥ ដែលមានទំហំ៤,៤ពាន់លានដុល្លារ ដែលរដ្ឋាភិបាលមុនបានកំណត់ និងទី៣ គឺថវិកាបម្រុងសម្រាប់ការចំណាយគ្រាអាសន្នក្រោមថវិកាសារពើពន្ធ ឆ្នាំ២០២៤ ដែលមានទំហំពីជិត១,២ពាន់លានដុល្លារទៅ១,៤ពាន់លានដុល្លារ។
ទាក់ទិននឹងពាក្យចចាមអារ៉ាមដែលថា នាយករដ្ឋមន្ត្រីថ្មីអាចពិចារណាផ្លាស់ប្តូរវិធីជំរុញសេដ្ឋកិច្ចពីការចែកសាច់ប្រាក់តាមកម្មវិធីកាបូបឌីជីថល ទៅជាការផ្តល់សាច់ប្រាក់សុទ្ធនោះ លោក ឆាឡើមផុល ផេនសូត ( Chalermphol Pensoot) អគ្គនាយកនៃការិយាល័យថវិកាបានអះអាងថា វាអាចធ្វើទៅបានដោយសារតែវាគ្រាន់តែជាការផ្លាស់ប្តូរវិធីសាស្រ្តទូទាត់។ លោកបានបន្តថា គំរូនៃការជំរុញសេដ្ឋកិច្ចរបស់ថៃមិនផ្លាស់ប្តូរគោលបំណងដើមនោះទេ ពោលគឺវាគ្រាន់តែប្តូរទម្រង់ប៉ុណ្ណោះ ហើយគោលដៅរួម គឺដើម្បីជំរុញសេដ្ឋកិច្ចដោយការបង្កើនការចំណាយក្នុងស្រុកដូចគ្នា។
នេះគឺជាអ្វីដែលអ្នកជំនាញសេដ្ឋកិច្ចថៃ កំពុងតែរិះគិត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះគេនៅមិនទាន់ដឹងថា តើលោកស្រី ផែថងថាន អាចបង្កើតរដ្ឋាភិបាលបានលឿន ដើម្បីអនុម័តកញ្ចប់នេះ ឫយ៉ាងណានៅឡើយទេ។ យ៉ាងណាក៏ដោយ លោកស្រី ផៃថងថាន បានអះអាងកាលពីពេលថ្មីៗថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នឹងមិនអាចរៀបចំបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនោះទេ ព្រោះកូតារដ្ឋមន្ត្រីត្រូវតែពិចារណាលើគុណវុឌ្ឍិឱ្យបានហ្មត់ចត់៕
ដោយៈ សរ សុជាតិ