
ឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តយន្តថ្មីនៅកម្ពុជា មាននិន្នាការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសរថយន្តថ្មីនាំចូលពីប្រទេសចិន ក្នុងនោះក៏មានប្រភេទរថយន្តដើរដោយថាមពលអគ្គិសនី ផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា នឹងមាននិន្នាការកើនឡើងបន្ថែមទៀតនៅពេលអនាគត។ ការជឿជាក់បែបនេះ ក៏ដោយសារតែតម្លៃរថយន្តថ្មីបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តជជុះ គួបផ្សំការប្រើប្រាស់រថយន្តថ្មីអាចកាត់បន្ថយចំណាយច្រើនទៅលើការជួសជុល។ ម្យ៉ាងទៀតរាជរដ្ឋាភិបាល មានការលើកទឹកចិត្តចំពោះការប្រើប្រាស់រថយន្តថ្មី ស្របពេលដែលការខ្ចីឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់យកទៅទិញរថយន្តថ្មី ក៏មានការអនុគ្រោះក្នុងអត្រាការប្រាក់ទាប។
តាមរយៈសម្ទុះនៃការប្រើប្រាស់រថយន្តថ្មីនេះ ឯកឧត្តម តាន់ មុនីវណ្ណ ជឿជាក់ថា វានឹងចូលរួមកាត់បន្ថយដល់ការនាំចូលរថយន្តជជុះពីខាងក្រៅចូលមកកាន់ទីផ្សារកម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មិនអាចជំនួសលើការប្រើប្រាស់រថយន្តជជុះបានទាំងស្រុងនោះទេ ដោយសារតែប្រជាពលរដ្ឋកម្ពុជា មួយចំនួន នៅមិនទាន់មានលទ្ធភាពទិញរថយន្តថ្មីសម្រាប់ប្រើប្រាស់បានច្រើននៅឡើយ។
បើតាមការបញ្ជាក់របស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទីផ្សារប្រើប្រាស់រថយន្តជារួមនៅកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែសម្រាប់ការប្រើប្រាស់រថយន្តថ្មីកំពុងមានសម្ទុះកើនឡើងជាងរថយន្តជជុះ ពោលគឺក្នុងចំណោមការប្រើប្រាស់រថយន្ត១០០គ្រឿង ក្នុងនោះ មានរថយន្តថ្មីដល់ទៅជាង៥០គ្រឿងឯណោះ៕