
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយថា លោកស្រី ផែថងថាង ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃព្យួរតំណែង គ្រោងនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅមុនពេលតុលាការធម្មនុញ្ញថៃចេញសេចក្តីសម្រេច ដើម្បីបញ្ចៀសការកាត់ទោស ព្រោះថា ប្រសិនបើ លោកស្រី ចុះចេញពីដំណែងមុនការសម្រេចរបស់តុលាការនេះ នោះសំណុំរឿងរបស់ លោកស្រី នឹងត្រូវបានតម្កល់ទុក ដែលនឹងជួយសង្រ្គោះ លោកស្រី ពីការហាមប្រាមផ្នែកនយោបាយ។
ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះលោក ព្រំមីន ឡើតស៊ូរីដេច អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីបានចេញមកច្រានចោលចំពោះការចុះផ្សាយនេះ ហើយលោកអះអាងថា លោកស្រី ផែថងថាន គ្មានបំណងលាលែងពីតំណែងនៅពេលនេះនោះទេ ដោយកំពុងបន្តអនុវត្តទៅតាមច្បាប់យ៉ាងតឹងរ៉ឹង។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ លោកស្រី ផែថងថាន មានទំនុកចិត្តខ្ពស់លើទស្សនវិស័យរបស់ខ្លួន ព្រោះលោកស្រី គ្មានចេតនាអ្វីក្រៅតែពីដឹកនាំប្រទេសឱ្យឃ្លាតចេញពីវិបត្តិសន្តិសុខ ដែលកំពុងកើតឡើងនៅតាមព្រំដែននោះទេ។ បន្ថែមលើនេះ លោកស្រី ផែថងថាន បានពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារសន្តិសុខ រួមទាំងយោធា និងក្រុមប្រឹក្សាសន្តិសុខជាតិមុនអនុវត្តវិធានការណាមួយ។
លោក ព្រំមីន បានព្យាយាមបកសា្រយថា លោកស្រី ផែថងថាន បានហៅទូរសព្ទក្រៅផ្លូវការទៅកាន់បុគ្គលនៅខាងក្រៅបណ្តាញផ្លូវការនេះ គ្រាន់តែដើម្បីជួយសម្រាលភាពតានតឹង និងទប់ស្កាត់ការប្រឈមមុខដាក់គ្នាជាមួយកម្ពុជាតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ ជោគវាសនារបស់នាយករដ្ឋមន្ត្រីព្យួរតំណែងរូបនេះ វាអាស្រ័យលើការសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញថៃ៕
ដោយ៖ សុខ មង្គល