ថាមពលនុយក្លេអ៊ែ ត្រូវបានប្រើប្រាស់អស់ជាច្រើនទស្សវត្សមកហើយនៅក្នុងប្រទេសអ្នកមាន ដូចជាសហរដ្ឋអាម៉េរិក បារាំង និងជប៉ុន ជាដើម ដោយវាអាចមានសមត្ថភាពផលិតថាមពលអគ្គិសនីបានប្រហែល១០% នៃថាមពលអគ្គិសនីទាំងអស់ដែលផលិតនៅទូទាំងពិភពលោក ជាមួយអនុភាពសរុប៤១៣ជីហ្គាវ៉ាត់ ប៉ុន្តែវាមិនមានទេ សម្រាប់បណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ ទោះបីជាហ្វីលីពីន បានកសាងមួយរួចហើយទុកចោលជាង៤ទស្សវត្សរ៍កន្លងមក។
រោងចក្រថាមពលនុយក្លេអ៊ែតែមួយគត់នៅអាស៊ីអាគ្នេយ៍បានបញ្ចប់ការសាងសង់កាលពីឆ្នាំ១៩៧០ នៅទីក្រុងបាតាអាន ( Bataan) ចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ានីល របស់ហ្វីលីពីន ប៉ុន្តែរដ្ឋាភិបាលបានទុកវាចោលដោយសារព្រួយបារម្ភពីសុវត្ថិភាពនិងអំពើពុករលួយ។
ឥឡូវនេះហ្វីលីពីន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរីកចម្រើនយ៉ាងឆាប់រហ័សកំពុងសម្លឹងមើលការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែ ក្នុងដំណើរស្វែងរកថាមពលស្អាត និងគួរឱ្យទុកចិត្តបានជាងមុនរបស់ពួកគេ។ ថាមពលនុយក្លេអ៊ែ ត្រូវបានចាត់ទុកដោយអ្នកគាំទ្ររបស់វាថា ជាដំណោះស្រាយតម្រូវការថាមពលដ៏មាននិរន្តភាពគ្រាន់តែគេបារម្ភរឿងវិទ្យុសកម្ម។
បើតាមការចុះផ្សាយរបស់ AP ឥណ្ឌូណេស៊ី មានគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែ ចំនួន២០ ខណៈនៅហ្វីលីពីន មានក្រុមហ៊ុនកូរ៉េមួយកំពុងវាយតម្លៃលើការចាប់ផ្តើមរោងចក្រដែលទុកចោលនៅហ្វីលីពីនឡើងវិញ។ ដោយឡែក វៀតណាមដែលបានប៉ុនប៉ងតាំងពីឆ្នាំ២០១៦ ឥឡូវនេះបានស្ដារផែនការទាញថាមពលពីរោងចក្រនុយក្លេអ៊ែឡើងវិញ រីឯម៉ាឡេស៊ី ក៏កំពុងតែរិះគិតផងដែរ។ សម្រាប់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែជាមួយសហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន ហើយប្រទេសថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្ហាញចំណាប់អារម្មណ៍លើថាមពលនុយក្លេអ៊ែនេះផងដែរ៕
ដោយៈ សរ សុជាតិ