វាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលដែលផែនការរបស់ក្រុមហ៊ុនយក្ស Nvidia ក្នុងការបោះទុនវិនិយោគរហូតដល់ទៅ១០០ពាន់លានដុល្លារក្នុងក្រុមហ៊ុន OpenAI ដែលបានប្រកាសកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានរាយការណ៍ថា កំពុងជាប់គាំង បន្ទាប់ពីនាយកប្រតិបត្តិមួយចំនួនបានលើកឡើងពីមន្ទិលជុំវិញកិច្ចព្រមព្រៀងនេះ។
សូមបញ្ជាក់ថា ដើមឡើយ ផែនការបោះទុនវិនិយោគយ៉ាងសម្បើមនេះ គឺដើម្បីជួយក្រុមហ៊ុន OpenAI ផ្តល់មូលនិធិដល់គម្រោងបណ្តុះបណ្តាលគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន និងទិញយកបន្ទះឈីបកម្រិតខ្ពស់របស់ក្រុមហ៊ុន Nvidia ដើម្បីបោះជំហាននាំមុខគេនៅក្នុងការប្រកួតប្រជែងកាន់តែស្វិតស្វាញខ្លាំងឡើង។
ទោះជាយ៉ាងណា ពេលនេះ ក្រុមហ៊ុនទាំងពីរកំពុងពិចារណាឡើងវិញអំពីការចាប់ដៃគូសហការនេះ ហើយការពិភាក្សាចុងក្រោយនេះពាក់ព័ន្ធនឹងការវិនិយោគលើភាគហ៊ុនរាប់សិបពាន់លានដុល្លារ ដែលជាផ្នែកមួយនៃការកៀរគរមូលមូលនិធិបច្ចុប្បន្នរបស់ក្រុមហ៊ុន OpenAI។
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុមហ៊ុន Nvidia បាននិយាយជាឯកជនថា ផែនការបោះទុនវិនិយោគ១០០ពាន់លានដុល្លារខាងលើនេះ គឺគ្រាន់តែជាផែនការប៉ុណ្ណោះ គឺមិនបានចងភ្ជាប់កាតព្វកិច្ចនោះទេ ព្រោះមិនមែនជាកិច្ចព្រមព្រៀង។ ទន្ទឹមនេះលោកបានរិះគន់វិន័យអាជីវកម្មរបស់ក្រុមហ៊ុន OpenAI និងបានព្រមានអំពីការប្រកួតប្រជែងខ្លាំងក្លាពីគូប្រជែងដូចជា Google និង Anthropic ជាដើម។
ក្រុមហ៊ុន Nvidia បាននិយាយថា ខ្លួននៅតែជាដៃគូសហការ ដែលក្រុមហ៊ុន OpenAI ពេញចិត្ត ហើយចង់បន្តធ្វើការជាមួយគ្នា។ ទោះជាយ៉ាងណា ក្រុមហ៊ុមហ៊ុន OpenAI បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញបញ្ហានេះ។
ទន្ទឹមនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងវិនិយោគិនផ្សេងៗទៀតកំពុងប្រណាំងប្រជែងគ្នាដើម្បីក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន OpenAI។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Amazon កំពុងពិភាក្សា ដើម្បីវិនិយោគរហូតដល់ទៅ៥០ពាន់លានដុល្លារ ហើយក្រុមហ៊ុន OpenAI កំពុងស្វែងរកមូលនិធិថ្មីរហូតដល់ទៅ១០០ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃរហូតដល់ទៅប្រមាណ៨៣០ពាន់លានដុល្លារ៕
ដោយ: តែម សុខុម