ទោះបីមិនមានប្រព័ន្ធអនុគ្រោះពន្ធ GSP តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក នៅប៉ុន្មានឆ្នាំកន្លងមកនេះនៅតែរក្សាបានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគរវាងប្រទេសទាំងពីមានរហូតជាង៨ពាន់៤រយលានដុល្លារ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាម៉េរិក នៅតែមានសារសំខាន់ចំពោះការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ទោះបីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាម៉េរិក ពុំទាន់ទទួលបានត្រឡប់មកវិញក៏ដោយ ប៉ុន្តែអ្នកជំនាញរូបនេះ សង្កេតឃើញថា នៅប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិកនៅតែរក្សាបានកំណើនគួរឱ្យកត់សម្គាល់។ ការណ៍នេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យនៅល្អ នោះចង់ ឬមិនចង់បញ្ហា GSP នឹងក្លាយជារឿងដាច់ដោយឡែក។ បើតាមអគ្គលេខាធិការរូបនេះ រដ្ឋាភិបាលកម្ពុជា គួររៀបចំខ្លួនបន្ថែមទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសមហាអំណាចនានា និងបំពេញឱ្យគ្នាទៅវិញទៅមក នោះនឹងអាចធ្វើឱ្យសេដ្ឋកិច្ចសង្គមមានស្ថិរភាព និងការអភិវឌ្ឍ។
ដោយឡែកលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា នៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជាទំនងជាពិបាកក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាម៉េរិកត្រឡប់មកវិញ បើទោះបីជាមានបណ្ដាប្រទេសផ្សេងៗទទួលបានក៏ដោយ។ ផលលំបាកនោះត្រូវបានអ្នកជំនាញរូបនេះអះអាងថា អាចដោយសារតែការឆ្លើយតបមិនបានពេញលេញរបស់រដ្ឋាភិបាលកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក លើគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមួយចំនួន។ តែយ៉ាងណានៅក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះយល់ឃើញថា បញ្ហានេះទំនងជាពុំអាចក្លាយជាឧបសគ្គសម្រាប់រដ្ឋាភិបាលកម្ពុជា នោះទេ ដោយសារតែនៅក្នុងរយៈប៉ុន្មានឆ្នាំមកនេះ ការនាំចេញរបស់កម្ពុជាមានសន្ទុះកើនឡើង ទាំងពុំមានប្រព័ន្ធ GSP។ បើតាមលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា ប្រព័ន្ធ GSP ពុំមែនជាបញ្ហាធំនោះទេ តែអ្វីដែលជាបញ្ហានោះ គឺពាក់ព័ន្ធនឹងផលិតកម្មក្នុងស្រុក ដែលវិនិយោគដោយជនជាតិចិនមួយចំនួនពុំបានគោរពតាមគោលការណ៍ច្បាប់។
ពាក់ព័ន្ធបញ្ហា GSP នេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជាទំនងជាពិបាកក្នុងការទទួលបានមកវិញនូវប្រព័ន្ធ GSP របស់អាម៉េរិក ដោយសារតែកម្ពុជា មិនទទួលយកលក្ខខណ្ឌមួយចំនួនរបស់ក្រុមប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងលំហូរប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស ខណៈរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ដូណាល់ ត្រាំ នឹងគិតគូរលើសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញតាមរយៈការប្រមូលពន្ធ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើកម្ពុជា ចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាម៉េរិកត្រឡប់មកវិញ លុះណាតែមានការសម្របសម្រួល និងផ្សះផ្សារផ្នែកការទូត ខណៈការមានប្រព័ន្ធ GSP នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត។
តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdc IPM) កាលពីពេលថ្មីៗជឿជាក់ថា សភាថ្មីរបស់សហរដ្ឋអាម៉េរិក នឹងពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលបានផុតសុពលភាពតាំងពីដំណាច់ឆ្នាំ២០២០ ឱ្យកម្ពុជាឡើងវិញ។
សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាម៉េរិក បានផុតសុពលភាពតាំងពីដំណាច់ឆ្នាំ២០២០ នៅក្នុងអាណត្តិដឹកនាំដោយលោក ដូណាល់ ត្រាំ ហើយមកទល់ពេលនេះនៅមិនទាន់មានសញ្ញាណាមួយបង្ហាញថា សហរដ្ឋអាម៉េរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា បន្តទៀតនោះទេ បើទោះបីមានការចរចា និងស្នើសុំពីភាគីកម្ពុជា ជាច្រើនលើកក៏ដោយ។
សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយទោះបីកម្ពុជា មិនមានប្រព័ន្ធអនុគ្រោះពន្ធ GSP តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក មានទំហំជាង៨ពាន់៤រយលានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំជាង៨ពាន់២រយលានដុល្លារ ខណៈកម្ពុជា នាំចូលពីអាម៉េរិក មានទំហំត្រឹមតែជាង២១៧លានដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមទិនិ្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា