អាម៉េរិកនឹងអ៊ីរ៉ង់ហាក់អះអាងផ្សេងគ្នាជុំវិញការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ ក្នុងនោះលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រកាសផ្អាកវាយប្រហារលើអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់បានឯកភាពបើកច្រកសមុទ្រដ៏សំខាន់មួយនេះទាំងស្រុង និងដោយសុវត្ថិភាព។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស់ អារ៉ាក់ជី (Abbas Araghchi) នៅថ្ងៃទី ៨ ខែមេសា បានលើកឡើងថា ខ្លួននឹងបើកឱ្យឆ្លងកាត់ច្រកសមុទ្រ ហ័រម៉ូស ទៅបាន ក្រោមការសម្របសម្រួលពីកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ជាអ្វីដែលអាមេរិក និងពិភពលោកមិនចង់បាន។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លក្ខខណ្ឌនេះត្រូវបានគេមើលឃើញថា ជាការរក្សាអំណាចគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះដដែល ដែលវាអាចនឹងផ្ទុយពីបំណងរបស់សហរដ្ឋអាម៉េរិក និងសហគមន៍អន្តរជាតិ ដែលចង់បានការធ្វើដំណើរដោយសេរី។
បទឈប់បាញ់ត្រូវបានអនុវត្តកាលពីថ្ងៃទី ៧ ខែមេសា ហើយការចរចាឈានទៅរកការបញ្ចប់សង្គ្រាមរេរវាងអាម៉េរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែមេសានេះ។ ប៉ុន្ដែ អ៊ីរ៉ង់បានដាក់លក្ខខណ្ឌតឹងរ៉ឹងរហូតដល់ ១០ចំណុច ទៅកាន់អាមេរិក រួមមាន៖
១, ធានាថាអ៉ីរ៉ង់នឹងមិនរងការវាយប្រហារសាជាថ្មី
២. ផ្ដល់ឱ្យអ៉ីរ៉ងបន្ដគ្រប់គ្រងច្រកសមុទ្រ ហ័រម៉ូស
៣. ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់
៤. ដកទណ្ឌកម្មចម្បងទាំងអស់
៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់
៦. លុបចោលរាល់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងនឹងអ៉ីរ៉ង់
៧. លុបចោលរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមមិកអន្តរជាតិប្រឆាំងនឹងអ៉ីរ៉ង់
៨. សងសំណងឱ្យអ៊ីរ៉ង់សម្រាប់ការជួសជុលលើការខូចខាតដោយសារសង្រ្គាម
៩. ដកកងកម្លាំងអាម៉េរិកទាំងអស់ចេញពីតំបន់
១០. បញ្ឈប់អរិភាពលើគ្រប់សមរភូមិទាំងអស់ក្នុងនោះរួមមានទាំងនៅលីបង់ផងដែរ៕
ក្រោយប្រកាសបទឈប់បាញ់ លោកដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថា លោកបានទទួលសំណើ ១០ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថា វាជាមូលដ្ឋាន ដែលអាចអនុវត្តបានសម្រាប់ការចរចា។ ប្រធានាធិបតីអាម៉េរិក រូបនេះបន្ថែមថា ចំណុចផ្សេងៗស្ទើរតែទាំងអស់ នៃការខ្វែងគំនិតគ្នាកន្លងមក ត្រូវបានព្រមព្រៀងគ្នារួចហើយ ប៉ុន្ដែ នៅរយៈពេល២សប្ដាហ៍ខាងមុខនេះ លោករំពឹងថា កិច្ចព្រមព្រៀងនឹងត្រូវបានបញ្ចប់ការចរចាដោយជោគជ័យ។
ទោះយ៉ាងណា នៅមុនពេលមានបទឈប់បាញ់ លោកត្រាំ បានលើកឡើងថា សំណើទាំង ១០ចំណុចរបស់អ៊ីរ៉ង់នេះ នៅមិនទាន់ល្អគ្រប់គ្រាន់ ដែលអាចទទួលយកបានទាំងស្រុងនោះទេ ខណៈអាម៉េរិកខ្លះធ្លាប់បានបង្ហើបថា រាល់សំណើទាំងនោះ ទីក្រុងវ៉ាស៊ីនតោន អាចនឹងយល់ព្រមបានតែ ២ចំណុចប៉ុណ្ណោះ។
បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ថា តើការបើកច្រកសមុទ្រហ័រម៉ូសក្រោមការគ្រប់គ្រងរបស់យោធាអ៊ីរ៉ង់នេះ នឹងអាចដំណើរការទៅដោយរលូន ឬ នឹងក្លាយជាចំណុចផ្ទុះជម្លោះថ្មីមួយទៀត ក្នុងអំឡុងពេលចរចាបទឈប់បាញ់ដ៏ផុយស្រួយ ដែលនឹងចាប់ផ្ដើមឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ៕