ក្រុមប្រឹក្សាសន្តិភាព

តើកម្ពុជា គួរ ឬមិនគួរចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ?


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជាផ្លូវការជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញកម្ពុជា ឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ស្ថាប័នអន្តរជាតិថ្មីនេះ។ តែយ៉ាងណា កម្ពុជា មិនទាន់បានបញ្ជាក់ពីជំហររបស់ខ្លួនថា តើត្រូវចូលរួម ឬមិនត្រូវចូលរួមជាមួយស្ថាប័នអន្តរជាតិ ថ្មីនេះនៅឡើយទេ។
ក្រុមប្រឹក្សាសន្តិភាព
ដោយ

យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចយល់ថា កម្ពុជា គួរចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់លោក ត្រាំ នេះ ព្រោះវាជាឱកាសក្នុងការស្រូបទាញផលប្រយោជន៍ និងពង្រឹងសន្តិសុខជាតិ។ ប៉ុន្តែអ្នកជំនាញភូមិសាស្ត្រនយោបាយទាមទារឱ្យកម្ពុជា ពិចារណាឱ្យបានហ្មត់ចត់មុនសម្រេចចិត្ត ដើម្បីចៀសវាងការធ្លាក់ក្នុងល្បែងនយោបាយរវាងប្រទេសមហាអំណាច។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្នុងបរិបទដែលពិភពលោកកំពុងមានភាពរកាំរកូស កម្ពុជា ចាំបាច់ត្រូវសិក្សាឱ្យបានស៊ីជម្រៅមុននឹងសម្រេចចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជាដែលជាប្រទេសតូចត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មជ្ឈការនិយម និងអព្យាក្រឹតភាព ដោយមិនត្រូវលម្អៀងទៅរកមហាអំណាចណាមួយឡើយ។ លោកបន្តថា ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គឺត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ និងនយោបាយការទូតដ៏វៃឆ្លាត ជាជាងការជ្រើសរើសខាងនយោបាយដែលអាចបង្កហានិភ័យ។

ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា នៅក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ កម្ពុជា គួរពិចារណាចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ នេះក្នុងឋានជាសមាជិកអចិន្ត្រៃយ៍តែម្តង។ ការជំរុញលើកទឹកចិត្តបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះជឿជាក់ថា ការក្លាយជាសម្ពន្ធមិត្តជិតស្និទ្ធជាមួយអាម៉េរិក តាមរយៈក្រុមប្រឹក្សានេះ នឹងផ្ដល់ផលចំណេញលើសលប់ដូចជាការធានាសន្តិសុខជាតិ ការការពារបូរណភាពទឹកដី និងអត្ថប្រយោជន៍សេដ្ឋកិច្ច ដូចជាការបញ្ចុះពន្ធនាំចូលទៅអាម៉េរិកសល់០% ជាដើម បើទោះបីជាត្រូវបង់វិភាគទានក៏ដោយ។

សូមបញ្ជាក់ថា ការចូលជាសមាជិកធម្មតានៃក្រុមប្រឹក្សាសន្តិភាពនេះ គឺមិនតម្រូវឱ្យបង់ប្រាក់នោះឡើយ ដោយឡែកសម្រាប់ចូលជាសមាជិកអចិន្ត្រៃយ៍ គឺរដ្ឋបាលរបស់លោក ត្រាំ តម្រូវឱ្យបង់វិភាគទានយ៉ាងតិច១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Business Standard។ យោងតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព លោក ដូណាល់ ត្រាំ នឹងកាន់តំណែងជាប្រធានដំបូងគេ និងមានអំណាចពេញលេញក្នុងការសម្រេចចិត្តជ្រើសរើសសមាជិក។ រដ្ឋសមាជិកនីមួយៗមានអាណត្តិ ៣ ឆ្នាំ ហើយការបន្តអាណត្តិ គឺអាស្រ័យលើការសម្រេចរបស់ប្រធាន។ ទោះជាយ៉ាងណាអាណត្តិ៣ឆ្នាំនេះនឹងមិនអនុវត្តចំពោះរដ្ឋសមាជិកដែលបានបរិច្ចាគវិភាគទានខ្ពស់ក្នុងឆ្នាំដំបូងនោះឡើយ។ អង្គការនេះនឹងក្លាយជាស្ថាប័នផ្លូវការភ្លាមៗ នៅពេលដែលមានរដ្ឋសមាជិកចំនួន៣ប្រទេសយល់ព្រមចុះហត្ថលេខាលើធម្មនុញ្ញនេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីនៃកោះ Greenland កំពុងខ្លាចសហរដ្ឋអាម៉េរិក ឈ្លានពាន

លោក ជេន-ហ្វ្រីឌឺរិក នេលសេន (Jens-Frederik Nielsen នាយករដ្ឋមន្ត្រីកោះហ្គ្រីនលែន ដែលមានប្រជាជនត្រឹមតែប្រមាណ៥៧.០០០នាក់ បានថ្លែងទៅកាន់ពលរដ្ឋ…

ប្រសិនបើអាម៉េរិក មានវិវាទពាណិជ្ជកម្មជាមួយអឺរ៉ុប តើវាអាចជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារទាំងពីរយ៉ាងណាដែរ?

​​ភាពតានតឹងនៃជម្លោះពាណិជ្ជកម្មកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅមួយរយៈពេលចុងក្រោយនេះ បានក្លាយជាប្រធានបទ និងបង្កជាក្តីបារម្ភសម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ