បើគ្មានការប្រែប្រួលទេសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ មករា ឆ្នាំ២០២៤ ខាងមុខ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានផ្ញើលិខិតជូនសម្តេចធិបតី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ហើយការអញ្ជើញនេះ ធ្វើឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប្រទេសបាំរាំង កាលពីខែមុន បានរំឭកឡើងវិញនូវថាមពល នៃមិត្តភាពរវាងប្រទេស និងរវាងប្រជាជនទាំងពីរកម្ពុជា-បារាំង។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំងជឿជាក់ថា ទស្សនកិច្ចជាលើកទីមួយនៅប្រទេសបារាំងតាំងពីសម្តេច ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនេះ វានឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីររួមមាន វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។
សម្រាប់ប្រធានាធិបតីបារាំងរូបនេះ ប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលប្រទេសទាំងពីរកំពុងប្រឈមមុខជាអាទិ៍ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរអាចពិនិត្យមើលមធ្យោបាយនានាដែលភាគីទាំងពីរអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់៕