បញ្ហាវ៉ាក់សាំងនៅប្រទេសក្បែរខាងឥណ្ឌា

បង់ក្លាដេស និងនេប៉ាល់ត្រដររកវ៉ាក់សាំង ក្រោយឥណ្ឌាមិនអាចផ្តល់ឲ្យបាន


ក្រោយឥណ្ឌាមិនអាចផ្គត់ផ្គង់វ៉ាក់សាំងឲ្យពិភពលោកតទៅទៀតបាន ពេលនេះប្រទេសនៅក្បែរខាងឥណ្ឌាចំនួនពីរ គឺប្រទេសបង់ក្លាដេស និងនេប៉ាល់កំពុងខ្វះខាតវ៉ាក់សាំងខ្លាំងមែនទែនហើយ ជាហេតុនាំឲ្យប្រទេសទាំងពីរខំត្រដរស្វែងរក និងស្នើសុំវ៉ាក់សាំងកូវីដ-១៩ពីប្រទេសនានា តាមដែលខ្លួនអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
បង់ក្លាដេស និងនេប៉ាល់ត្រដររកវ៉ាក់សាំង ក្រោយឥណ្ឌាមិនអាចផ្តល់ឲ្យបាន (រូបភាព៖ The Daily Star)
ដោយ

យើងផ្តើមនិយាយដំបូងពីបង់ក្លាដេស រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស បានឲ្យដឹងកាល បង់ក្លាដេសត្រូវការជាបន្ទាន់នូវវ៉ាក់សាំងកូវីដ-១៩ប្រភេទ AstraZeneca ចំនួន១លាន៦សែនដូស ដើម្បីយកមកចាក់ដល់ពលរដ្ឋខ្លួនសម្រាប់ដូសទី២។ រដ្ឋមន្ត្រីបង់ក្លាដេសរូបនេះ បន្តថាលោកបានទាក់ទងទៅប្រទេសធំៗជាច្រើន ដើម្បីស្នើសុំជំនួយក្នុងនោះ លោកក៏បានទាក់ទងទៅ សហរដ្ឋអាមេរិក និងកាណាដាផងដែរ។

ទាក់ទិននឹងបញ្ហានេះ បង់ក្លាដេសរំពឹងថា ខ្លួនអាចនឹងទទួលបានវ៉ាក់សាំង AstraZeneca ប្រមាណ ២លានដូសពីកាណាដាសម្រាប់ការប្រើប្រាស់បន្ទាន់ និងប្រមាណ៤លានដូសផ្សេងទៀត ពីសហរដ្ឋអាមេរិក ដែលធ្លាប់បានសន្យាកន្លងមកថា នឹងចែករំលែកវ៉ាក់សាំង AstraZeneca ក្នុងស្តុករបស់ខ្លួនទៅក្រៅប្រទេសចំនួន៦០លានដូស។

ក្រៅតែពីស្នើសុំពីអាមេរិក និងកាណាដា បង់ក្លាដេសបានស្វះស្វែងបែរទៅសុំជំនួយពីមហាអំណាចធំៗចំនួនពីរទៀត ពោលគឺបង់ក្លាដេសបានព្យាយាមស្នើសុំវ៉ាក់សាំង Sinopharm ពីប្រទេសចិន និងវ៉ាក់សាំង SputnikV ពីប្រទេសរុស្សី។ 

គួររំឭកថាប្រទេសបង់ក្លាដេស ធ្លាប់បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង AstraZeneca ចំនួន ៣០លានដូសពីវិទ្យាស្ថានសេរ៉ូម របស់ឥណ្ឌា ប៉ុន្តែក្រោយពីឥណ្ឌាជួបនឹងរលកឆ្លងកូវីដដ៏ខ្លាំងក្លា និងបានផ្អាកការនាំចេញរួចមក បង់ក្លាដេសបានទទួលវ៉ាក់សាំងពីឥណ្ឌាតែ ៧លានដូសប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ប្រទេសបង់ក្លាដេសកន្លងមកពឹងផ្អែកទាំងស្រុងលើវ៉ាក់សាំងពីប្រទេសឥណ្ឌា ប៉ុន្តែក្រោយពីឥណ្ឌាធ្លាក់ក្នុងព្យុះកូវីដ-១៩រួចមក កម្មវិធីចាក់វ៉ាក់សាំងរបស់បង់ក្លាដេសកំពុងមានភាពយឺតយ៉ាវខ្លាំងមែនទែន ពោលគិតមកទល់ពេលនេះ មានពលរដ្ឋតែ២% នៃពលរដ្ឋសរុបចំនួន ១៧០លាននាក់ប៉ុណ្ណោះ បានទទួលវ៉ាក់សាំងរួចរាល់។

ដោយឡែក យើងងាកមើលប្រទេស នេប៉ាល់វិញ  ប្រទេសនេប៉ាល់ ដែលជាប្រទេសភូមិផងរបស់ឥណ្ឌាមួយដែរនោះ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនតាំងពីខែមករាមក ដោយបានប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់ឥណ្ឌាដែលទទួលបានតាមរយៈកម្មវិធី COVAX ប្រមាណ ២លាន ៣សែនដូស។

ប៉ុន្តែមកដល់ពេលនេះ នេប៉ាល់ពុំមានវ៉ាក់សាំងនៅសេសសល់ទៀតទេ ខណៈដែលប្រជាជនជាង១លាន៥សែនអ្នកទៀត មិនទាន់បានចាក់វ៉ាក់សាំងដូសទី២នៅឡើយ។ 

មិនបានស្វែងរកវ៉ាក់សាំងពីប្រទេសអ្នកមានដូចបង់ក្លាដេសនោះទេ ប្រទេសនេប៉ាល់បានត្រឹមស្នើទៅកាន់អាជ្ញាធរឥណ្ឌា ដើម្បីអាចទទួលបានវ៉ាក់សាំងឆាប់រហ័ស។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសនេប៉ាល់ ប្រាប់ទៅទីភ្នាក់ងារ Reuters។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសឥណ្ឌាមិនបានធ្វើការឆ្លើយតបទៅនឹងសំណើរបស់នេប៉ាល់នោះទេ។

ទាក់ទិននឹងបញ្ហាខ្វះខាតវ៉ាក់សាំងដូចនេះ អង្គការយូនីសេហ្វ (UNICEF) ទើបបានអំពាវនាវ ឲ្យប្រទេសអ្នកមាន ដែលបានប្រមូលទុកវ៉ាក់សាំងដ៏ច្រើនលើសលប់ មេត្តាចែករំលែកវ៉ាក់សាំងទាំងនោះដល់ប្រទេសក្រីក្រ ដែលកំពុងតែមានតម្រូវការវ៉ាក់សាំងខ្លាំង តួយ៉ាងនេប៉ាល់ និងបង់ក្លាដេសជាដើម។ ការអំពាវនាវរបស់យូនីសេហ្វ គឺសំដៅដល់ក្រុមប្រទេសអ្នកមាន G7 ដែលប្រទេសទាំងនេះ លើកលែងជប៉ុនមួយចេញ បានប្រមូលទុកវ៉ាក់សាំងកូវីដ-១៩ ច្រើនលើសពីតម្រូវការនឹងមិនព្រមចែករំលែកដល់ COVAX សម្រាប់ប្រទេសក្រីក្រ ដែលកំពុងខ្វះខាត និងត្រូវការវ៉ាក់សាំងនោះទេ។ ប្រទេសទាំងនេះ ប្រមូលទុកច្រើនលើសតម្រូវ ទាំងដែលខ្លួនបានចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុងចំនួនច្រើនរួចហើយ។

សូមបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌា និងប្រទេសក្បែរខាងមួយចំនួនទៀតកំពុងជួបវិបត្តិធ្ងន់ធ្ងរក្នុងរលកឆ្លងកូវីដ-១៩ បូករួមនឹងកង្វះខាតវ៉ាក់សាំងយ៉ាងត្រដាបត្រដួស។ ជាក់ស្តែង ក្នុងថ្ងៃទី២០ឧសភាមួយថ្ងៃ ឥណ្ឌាមានអ្នកឆ្លងថ្មី ២៧ម៉ឺននាក់ និងស្លាប់ជាង៣ពាន់៨រយនាក់ ខណៈដែលនេប៉ាល់មានអ្នកឆ្លងថ្មីប្រចាំថ្ងៃគិតជាមធ្យមជិត ១ម៉ឺននាក់ និងអត្រាស្លាប់ ២០០នាក់។ ដោយឡែក បង់ក្លាដេសត្រូវបានគេមើលឃើញពីការថមថយករណីឆ្លងកូវីដ១៩ជាងមុនបន្តិច ក្នុងនោះ មានអ្នកឆ្លងថ្មីប្រចាំថ្ងៃជាមធ្យម ជិត១ពាន់នាក់ប៉ុណ្ណោះ។ នេះបើតាមការកត់ត្រាទិន្នន័យរបស់ទីភ្នាក់ងារ Reuters៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងចំណាយ ១ពាន់លានដុល្លារ សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួន

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហាញពីផែនការក្នុងការបង្កើតមូលនិធិ ១ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ដោយ…

ក្រុមហ៊ុនអាកាសចរណ៍ថៃមួយទៀតហើយ បានដាក់គម្រោងស្ដារនីតិសម្បទាអាជីវកម្ម ក្រោយរងសម្ពាធបំណុល

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ថៃទី២ហើយបន្ទាប់ពីក្រុមហ៊ុនអាកាសចណ៍ Thai Airways ដែលបានដាក់ផែនការស្ដារនីតិសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ