មន្ត្រី និងអ្នកជំនាញរំពឹងវេទិកាទាក់ទាញវិនិយោគ

មន្ត្រី និងអ្នកជំនាញរំពឹងវេទិកាទាក់ទាញវិនិយោគ នឹងក្លាយជាមេដែកស្រូបទាញការវិនិយោគមកកាន់ខេត្តព្រះសីហនុ


ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនិងរដ្ឋបាលខេត្តព្រះសីហនុបានសហការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុ» ដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់វិនិយោគិន និងជំរុញការវិនិយោគមកក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។
មន្ត្រី និងអ្នកជំនាញរំពឹងវេទិកាទាក់ទាញវិនិយោគ
ដោយ

ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានចាត់ទុកវេទិកាវិនិយោគនេះ ជាឱកាសក្នុងការស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងខេត្ត និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលវិនិយោគ និងអភិវឌ្ឍដ៏រស់រវើកមួយក្នុងក្របខណ្ឌអាស៊ាន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា វេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុនេះ ជាផ្នែកមួយនៃយន្តការជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានលក្ខណៈជាកញ្ចប់ ប្រទាក់ប្រឡា មុតស្រួច និងសាមញ្ញ។ បើតាមឯកឧត្តម ហ៊ាន សាហ៊ីប តាមរយៈវេទិកានេះ វានឹងផ្តល់កាលានុវត្តភាពពិសេសដល់វិនិយោគិន ដែលចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យសំខាន់ៗដូចជាឧស្សាហកម្ម ទេសចរណ៍ ដឹកជញ្ជូន ហិរញ្ញវត្ថុ អចលនទ្រព្យ កសិកម្ម និងការកែច្នៃម្ហូបអាហារ តាមរយៈការស្វែងយល់ពីក្រុមហ៊ុនសំខាន់ៗ ដែលបាន និងកំពុងវិនិយោគ និងប្រកបអាជីវកម្មដោយផ្ទាល់ ការប្រឹក្សាយោបល់ និងជំនួបធុរកិច្ចក្នុងចំណោមថ្នាក់ដឹកនាំក្រុមការងារ និងវិនិយោគិន ជំនួបធុរកិច្ចក្នុងចំណោមធុរជន និងការធ្វើទស្សនកិច្ចសិក្សាគម្រោងវិនិយោគនានា ដែលមានស្រាប់នៅក្នុងខេត្ត។

តាមរយៈវេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុនេះដែរលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជារំពឹងថា វានឹងក្លាយជាមេដែកក្នុងការស្រូបទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគនៅក្នុងខេត្តនេះកាន់តែច្រើនបន្ថែមទៀត ព្រោះតាមរយៈវេទិកានេះអាចឱ្យអ្នកវិនិយោគទទួលបានព័ត៌មានកាន់តែច្បាស់ពីនីតិវិធីរបស់ផែនការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគខេត្តព្រះសីហនុនេះបានកាន់តែទូលំទូលាយ ពិសេសទៅលើបញ្ហាអគារជាប់គាំងតែម្តង។

ជាមួយគ្នានេះឯកឧត្តម ហ៊ាន សាហ៊ីប បានលើកទឹកចិត្តឱ្យវិនិយោគិន និងអ្នកចូលរួមទាំងអស់ទាញយកអត្ថប្រយោជន៍ក្នុងការបង្កើតទំនាក់ទំនងក្នុងវេទិកាទាក់ទាញវិនិយោគនេះ ដើម្បីទាញយកឱកាសពីសក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុឱ្យអស់ពីលទ្ធភាព។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងផែនការរៀបចំខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ ដោយរៀបចំនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតង តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


ថៃ គ្រោងជះលុយជាង៨ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវដែក

ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវដែក ឲ្យកាន់តែមានប្រសិទ្ធិភាព និងប្រកួតប្រជែងបន្ថែមទៀត ប្រទេសថៃ ដែលជាអ្នកភូមិផង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ