
វេទិកាបានបើកដោយចាប់ផ្តើមជាមួយនឹងរបៀបវារៈ ស្តីពី “ស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលអាស៊ាន” (State of Play on ASEAN’s Digital Economy) ដែលភាគីពាក់ព័ន្ធសំខាន់ៗ បានពិភាក្សា អំពីសក្តានុពលនៃ ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឌីជីថលក្នុងការរៀបចំឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍។ ថ្នាក់ដឹកនាំធុរកិច្ចធំៗក្នុងឧស្សាហកម្មផ្សេងៗ បានចូលរួមក្នុងការពិភាក្សាលើប្រធានបទនានា ដូចជា ពាណិជ្ជកម្មឌីជីថល (Digital Trade) សមាហរណកម្មក្នុងតំបន់ (Regional Integration) និងការពង្រឹង សហគ្រាសខ្នាតតូច មធ្យម និងមីក្រូ (MSMEs) នៅក្នុងសេដ្ឋកិច្ចឌីជីថលអាស៊ាន។

អ្នកឧកញ៉ា សៀ ឫទ្ធី បានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ សេដ្ឋកិច្ចឌីជីថលអាស៊ាន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល និង សមាហរណកម្មប្រកបដោយនិរន្តរភាពដែលផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់នៅទូទាំងតំបន់។

ចំណុចសំខាន់មួយទៀតនៃវេទិកានេះ គឺកម្មវិធីអាហារពេលល្ងាចពិសេសមួយ ដែលអ្នកឧកញ៉ា សៀ ឫទ្ធី និងឥស្សរជនសំខាន់ៗផ្សេងទៀតបានពិភាក្សាអំពីយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីធ្វើឱ្យអាស៊ានក្លាយជា អ្នកដឹកនាំពិភពលោក ក្នុងនវានុវត្តន៍ឌីជីថលនៅឆ្នាំ២០៤៥។ កិច្ចសន្ទនានេះបានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តក្នុងការផ្លាស់ប្តូរឌីជីថលដែលជាសសរស្តម្ភដ៏សំខាន់នៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ច។

ការចូលរួមរបស់ក្រុមហ៊ុន WorldBridge Group នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះបានពង្រឹងការ ប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា និងតំបន់ អាស៊ានទាំងមូល តាមរយៈនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហការឆ្លងដែន។