ទោះបីយ៉ាងណា អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាបន្ថែមទៀត ដើម្បីពិនិត្យលើការតភ្ជាប់គោលដៅទេសចរណ៍តាមមធ្យោបាយធ្វើដំណើរផ្លូវទឹក និងផ្លូវគោក ដ្បិតមធ្យោបាយទាំងអស់នេះនឹងធ្វើឱ្យបណ្ដាគោលដៅកាន់តែនៅជិតបំផុត ដែលនឹងបង្កភាពងាយស្រួលដល់អ្នកទេសចរ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានចាត់ទុកគោលដៅធ្វើដំណើរតាមផ្លូវអាកាសថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម។សម្រាប់អ្នកជំនាញទេសចរណ៍រូបនេះ ទោះបីកម្ពុជា មានផលិតផលល្អបែបណាក៏ដោយ ប៉ុន្តែបើសិនជា មិនមានការតភ្ជាប់ទិសដៅទេសចរណ៍ឲ្យមានគុណភាព ក៏មិនអាចទាក់ទាញអ្នកទេសចរបានច្រើននោះដែរ ហើយការបង្កើតគោលដៅហោះហើរបន្ថែមក្នុងស្រុកនេះ នឹងបង្កភាពងាយស្រួលដល់អ្នកទេសចរដែលមិនមានពេលវេលាច្រើន។
ជាមួយគ្នានេះដែរ លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ជឿជាក់ថា ការបើកជើងហោះហើរតាមបណ្ដាខេត្តគោលដៅ ដែលកម្ពុជា រង់ចាំជាយូរឆ្នាំមកហើយនេះ នឹងក្លាយជាក្ដីសង្ឃឹមមួយថ្មីនៃការជំរុញទេសចរក្នុងស្រុក និងចលនាតភ្ជាប់ពីគោលដៅធំៗ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ ឱ្យកាន់តែនៅជិតគ្នា ខណៈពេលកន្លងទៅកញ្ចប់ទេសចរណ៍តាមផ្លូវគោក ពុំអាចតភ្ជាប់ទៅកាន់បណ្ដាខេត្ត រាជធានី គោលដៅខាងលើបានឡើយ ដោយសារតែមានចម្ងាយឆ្ងាយ និងចំណាយពេលវេលាច្រើន។
បើតាមអ្នកជំនាញរូបនេះ ការតភ្ជាប់មធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស ទៅកាន់បណ្ដាខេត្តគោលដៅនានា និងគោលដៅអន្តរជាតិ ត្រូវបានគេអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម នាអំឡុងពេលជំងឺកូវីដ-១៩ និង បន្ទាប់ពីជំងឺកូវីដ-១៩។ ក្រៅពីមធ្យោបាយធ្វើដំណើរតាមយន្តហោះ ការតភ្ជាប់ការធ្វើដំណើរតាមជើងគោក នៅតែមានសារសំខាន់។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត ធួន ស៊ីណាន។
បើតាមប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក្រៅពីមធ្យោបាយធ្វើដំណើរតាមជើងយន្តហោះ និងការតភ្ជាប់ការធ្វើដំណើរតាមជើងគោក គឺការតភ្ជាប់មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកក៏សំខាន់ដែរ ខណៈបច្ចុប្បន្នកម្ពុជា មានការតភ្ជាប់ផ្លូវទឹកពីក្រុងព្រះសីហនុ ទៅកាន់តំបន់កោះ ខណៈខេត្តកែប និងកំពត មានការតភ្ជាប់ទៅកាន់បណ្ដាកោះជិតៗ ដែលពុំទាន់ឆ្លើយតបចំពោះការធ្វើដំណើរតាមផ្លូវទឹកទៅកាន់ប្រទេសជិតខាងនោះទេ ដែលបញ្ហានេះ ចាំបាច់ត្រូវធ្វើទំនើបកម្មឡើងវិញ និងមិនត្រូវធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ដដែលៗនោះដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានប្រកាសថា ប្រតិបត្តិការហោះហើរក្នុងស្រុកទៅកាន់គោលដៅចំនួនបី គឺ ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ដោយប្រើប្រាស់យន្តហោះ A320 ចំនួនពីរគ្រឿង។ ទន្ទឹមនេះ ក្រុមហ៊ុន បានគូសបញ្ជាក់ថា បេសកកម្មនេះ ជាការលើកទឹកចិត្តអ្នកទេសចរឱ្យស្នាក់នៅរយៈពេលយូរ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការបង្កើនវិស័យទេសចរណ៍នៅកម្ពុជា។តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ៕
អត្ថបទ៖ បូ ដូឡា