ការវិនិយោគរបស់ Facebook និង​ផល​សេដ្ឋកិច្ច​វិជ្ជមាន

របាយការណ៍៖ ៥ឆ្នាំទៅមុខ កម្ពុជា​នឹង​ចំណេញ​សេដ្ឋកិច្ច​ ៣០០លានដុល្លារពី​ការ​​វិនិយោគរបស់ Facebook


ក្រុមហ៊ុន​ Facebook ប្រកាស​ឲ្យ​ដឹង​កាលពីពេលថ្មីៗ​នេះ ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​​ផ្គត់ផ្គង់​អ៊ីនធឺណិត នឹង​ផ្ដល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជាង ២០០​ពាន់​លាន​ដុល្លារ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ កម្ពុជា​ក៏នឹង​ចំណាញ​សេដ្ឋកិច្ច​ពី​ការវិនិយោគនេះ ប្រមាណ ៣០០លានដុល្លារ ផងដែរ ។
ហ្វេសប៊ុក (Facebook) គឺ​ជា​បណ្ដាញ​សង្គម​ដ៏ធំជាងគេ​បំផុត​មួយ នៅ​លើ​ពិភពលោក។
ដោយ

ការវិនិយោគ​លើ​ការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ជាង ៧០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល​ ៥​ឆ្នាំខាង​មុខ ។ នេះ​​បើ​យោង តាម​របាយការណ៍​ចេញ​ផ្សាយ​នាពេលថ្មីៗ​នេះ ដោយ​ក្រុមហ៊ុន Analysis Mason  ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​លំដាប់​ពិភពលោក​ឈាន​មុខ​គេ​មួយ ។ 

មួយភាគធំ​នៃ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នេះ គឺ​បាន​មក​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Facebook លើ​បណ្ដាញ​ខ្សែ​កាប​ក្រោម​បាត​សមុទ្រ បណ្ដាញ​ទូរគមនាគមន៍ edge networks និង​បណ្ដាញ​ទំនាក់ទំនង Open Transport Networks សម្រាប់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ខ្សែ​កាប​អុបទិក។  កម្មវិធីទាំងនេះ​ជួយ​ឱ្យ​គេអាច​ចែកចាយ​អ៊ិនធឺណិត​ដែល​មាន​គុណភាព បានកាន់តែ​មាន​ប្រសិទ្ធភាព ដូច្នេះ ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍​​ទាំងឡាយ នឹង​អាច​ផ្គត់ផ្គង់​សេវា​អ៊ិនធឺណិត​របស់​ខ្លួន ជូន​​ទៅ​កាន់​អតិថិជន​បាន​កាន់តែ​ទូលំទូលាយ កាន់​តែ​មាន​ប្រសិទ្ធភាព និង​ចំណាយ​កាន់តែ​តិច​ជាង​មុន ។

បើនិយាយ​ចំពោះ​ប្រទេស​កម្ពុជា​វិញ ហេដ្ឋារចនា​សម្ព័ន្ធ​បណ្ដាញ​អ៊ិនធឺណិត​របស់​ក្រុមហ៊ុន Facebook រួមមាន ដូចជា caching servers ឬ បណ្ដាញ​ទូរគមនាគមន៍ edge networks ដែល​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កម្ពុជា​ តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនធឺណិត​ក្នុង​ស្រុក អាច​តភ្ជាប់​ទៅ​កាន់​មាតិកា Facebook ពី​បណ្ដាញ​ផ្គត់ផ្គង់​ដែល​កាន់តែ​ជិត​ជាងមុន ។ 

កត្តា​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក អាច​កាត់​បន្ថយ​ការចំណាយ​លើ​ការតភ្ជាប់​បណ្ដាញ​អ៊ិនធឺណិត​ពី​ក្រៅប្រទេស ការចំណាយ​លើ​បណ្ដាញ​ឆ្លងកាត់ ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ប្រើ​អ៊ិនធឺណិត បាន​កាន់​តែ​មាន​លំនឹង និង​ជួយ​ឱ្យ​មាន​អ្នក​ប្រើ​អ៊ិនធឺណិត​កាន់តែ​ច្រើន​ឡើង ។ 

របាយការណ៍ដដែល បាន​ព្យាករ​ថា បើគិត​ចាប់​ពី​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២៤ កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ចំនួន ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅក្នុង​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) របស់​ខ្លួន ពីគម្រោង​បណ្ដាញ​ទូរគមនាគមន៍ edge network របស់​ក្រុមហ៊ុន Facebook ។ 

បច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរក​គម្រោង​ថ្មីៗ​បន្ថែម​ទៀត ពាក់ព័ន្ធនឹង​វិស័យ​អ៊ិនធឺណិត​នៅ​កម្ពុជា ពីព្រោះ​ក្រុមហ៊ុន​នឹង​បន្ត​ប្ដេជ្ញា​នាំយក​សេវា​អ៊ិនធឺណិត​ដែល​កាន់តែ​លឿន​ជាងមុន មកជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​នាក់ ថែមទៀត ។

ខ្សែកាបក្រោមបាតសមុទ្រ 

ការវិនិយោគរបស់ក្រុមហ៊ុន Facebook លើគម្រោងខ្សែកាបក្រោមបាតសមុទ្រ នឹងជួយពង្រីកទំហំនៃការផ្គត់ផ្គង់      អ៊ិនធឺណិតអន្តរជាតិ កាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនផ្គត់ផ្គងអ៊ិនធឺណិត និងបង្កើនចំនួនអ្នកប្រើអ៊ិនធឺណិត។ 

បើនិយាយចំពោះតំបនអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Facebook បានវិនិយោគទៅលើបណ្ដាញខ្សែកាប APG cable និង បណ្ដាញខ្សែកាប Southeast Asia Japan Cable 2 និងបណ្ដាញខ្សែកាប trans-Pacific cable ឆ្លងកាត់ មហាសមុទ្រប៉ាស៊ីហ្វិក ដែលគ្រោងធ្វើក្នុងរយៈពេល ពីរ បី ឆ្នាំខាងមុខ។

បណ្តាញទូរគមនាគមន៍ Edge Networks

ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ edge network  របស់ក្រុមហ៊ុន Facebook ដែលរួមមានទីតាំងកំណត់ប្រព័ន្ធ ចេញ-ចូលបណ្ដាញអ៊ិនធឺណិត(Points of Presence) និងកន្លែងរក្សាទុកទិន្នន័យផ្ទាល់  នឹងជួយចូលរួមគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធឺណិតអាចចូលទៅកាន់មាតិកា Facebook ពីទីតាំងដែលកាន់តែជិតនឹងបណ្ដាញរបស់ពួកគេ។ គម្រោងនេះកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធឺណិតពីក្រៅប្រទេស និងការចំណាយលើបណ្ដាញឆ្លងកាត់ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធឺណិតក្នុងស្រុក និងផ្ដល់បទពិសោធន៍កាន់តែប្រសើរឡើងដល់ប្រជាពលរដ្ឋ។

របាយការណ៍នេះក៏បានឲ្យដឹងដែរថា ការវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្តាញទូរគមនាគមន៍ edge network គួបផ្សំនិងបណ្ដាញផ្គត់ផ្គង់ពីអន្តរជាតិ នឹងធ្វើឱ្យការប្រើប្រាស់អ៊ិនធឺណិតកើនឡើង ៩ ភាគរយ នៅតាមបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។ 

បណ្ដាញទំនាក់ទំនង Open Transport Networks

ក្រុមហ៊ុន Facebook ក៏វិនិយោគលើបណ្តាញទំនាក់ទំនង Open Transport Networks (OTNx) ដែលមានបំពាក់ទៅដោយប្រព័ន្ធខ្សែកាបអុបទិកសម្រាប់ការចែកចាយបន្តពីបណ្ដាញកណ្ដាល (backhaul)  សម្រាប់ប្រតិបត្តិករចែកចាយបណ្ដាញបន្ត។ គម្រោង OTNx ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើន គុណភាពសេវាអ៊ិនធឺណិត បន្ថយតម្លៃសេវាអ៊ិនធឺណិតឱ្យកាន់តែសមរម្យ និងអនុញ្ញតឲ្យប្រជាពលរដ្ឋកាន់តែច្រើន មានលទ្ធភាពប្រើអ៉ីនធឺណិតបាន។

ក្រុមហ៊ុន Facebook កំពុងប្រើប្រាស់បច្ចេកវិទ្យាខ្សែកាបអុបទិក តាមរយៈបណ្តាញទំនាក់ទំនង OTNx ក្នុងប្រទេស    ឥណ្ឌូនេស៊ី ប្រទេសអ៊ុយហ្គង់ដា ប្រទេសនីហ្សេរីយ៉ា និងប្រទេសអាហ្វ្រិកខាងត្បូង។ នៅឥណ្ឌូនេស៊ី គេរំពឹងថា បណ្តាញទំនាក់ទំនង OTNx ជួយឲ្យប្រជាពលរដ្ឋចំនួន ៩ សែននាក់ អាចប្រើប្រាស់អ៊ិនធឺណិតនិង ផ្ដល់ចំនូលដល់សេដ្ឋកិច្ចជាតិឥណ្ឌូនេស៊ី ចំនួនជាង ៦ ពាន់លានដុល្លារ ពីចន្លោះឆ្នាំ ២០២០ និង ឆ្នាំ២០២៤។

លោក Robert Pepper ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងបណ្ដាញទំនាក់ទំនងជាសកល ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ «ប្រព័ន្ធអ៊ិនធឺណិតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ  គឺកាន់តែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងសម្របខ្លួនទៅនឹងរបៀបរស់នៅបែបថ្មី នាអំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩នេះ។ ការបំពេញនូវចន្លោះខ្វះខាតនៃប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឲ្យបានថា ប្រជាពលរដ្ឋទាំងឡាយ ទទួលបានព័ត៌មាន ការអប់រំ និងការថែទាំសុខភាព។»

លោក Pepper ក៏បានឲ្យដឹងទៀតថា៖ «នាអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Facebook បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ  និងភាពជាដៃគូជាច្រើន ដើម្បីដោះស្រាយឧបសគ្គមួយចំនួនដែលរារាំងដល់ ការពង្រីកបណ្ដាញអ៊ិនធឺណិត។ កាលពីពេលថ្មីៗនេះ យើងបានរៀបចំរបាយការណ៍ចំនួន ៣ ដើម្បីសិក្សាអំពី អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីគម្រោងវិនិយោគរបស់យើង នៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក តំបន់អាស៊ីអាគ្នេយ៍ និង តំបន់អាមេរិកឡាទីន។ របាយការណ៍ទាំងនេះបានរកឃើញថា គម្រោងរបស់ពួកយើង នឹងផ្ដល់ចំណូលសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងតំបន់ទាំងអស់នោះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើគិតជារួម។» 

របាយការណ៍ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ក៏បានចែកជូនដៃគូពាក់ព័ន្ធរបស់ក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជាផងដែរ ដែលរួមមានទាំងស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ ស្ថានទូតផងដែរ ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលជប៉ុននឹងចំណាយជាង ៥៣០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនខ្លួន​ឲ្យរើចេញពីប្រទេសចិន

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមចំណាយទៅលើក្រុមហ៊ុនជប៉ុនណាដែលរើរោងចក្រចេញពីប្រទេសចិន ត្រឡប់មកតាំងមូលដ្ឋាននៅប្រទេសកំណើតវិញ ឬប្រទេសក្នុង...

ផ្សារទំនើបដ៏ធំមួយទៀត នឹងបើក​ដំណើរការនៅតំបន់ផ្លូវវេងស្រេង-ភ្នំពេញ នៅឆ្នាំក្រោយនេះ

ព័ត៌មាន
K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះនឹងបើកជូនសាធារណជនជាល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ