
នៅក្នុងកម្មវីធីសន្និសិទសារព័ត៌មាន MADAMA BUTTERFLY នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ក្នុងនាមជាអ្នកគាំទ្រវិស័យសិល្បៈក្នុងប្រទេសកម្ពុជា យល់ឃើញថា ការរៀបចំព្រឹត្តិការណ៍ល្ខោនអូប៉េរ៉ា រឿង Madama Butterfly មានសារៈសំខាន់ណាស់ក្នុងការបង្កើននូវចំណាប់អារម្មណ៍ថ្មីរបស់ប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាដឹងកាន់តែច្បាស់ថាអ្វីទៅជាតន្ត្រី Opera ដ្បិតថា តន្ត្រីOpera មិនត្រឹមមានតែការច្រៀងនោះទេ ក៏មានការសម្តែងទស្សនីយភាពប្លែកៗប្រៀបបាននឹង ល្ខោនមួយ ដែលចូលរួមសម្តែងដោយសិល្បករជាច្រើនរួមគ្នា។ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី មានមោទនភាពជាខ្លាំងដែលប្រទេសកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ Opera Madama Butterfly ដ៏អស្ចារ្យ និងមានទ្រងទ្រាយធំបែបនេះកើតឡើងនៅកម្ពុជា។




លោក ឃួន សិទ្ធិសក្តិ អ្នកចម្រៀងអូប៉េរ៉ាដ៏ល្បីមួយរូបនៅកម្ពុជា យល់ឃើញថាតាមរយៈកម្មវិធី Opera Madama Butterfly ដែលរៀបចំឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ គឺនឹងអាចជួយបង្កើនចំណេះដឹងដល់សិល្បករកម្ពុជាមួយកម្រិតថែមទៀត ពោល គឺ Opera មិនត្រឹមតែជាការចេះច្រៀងមួយមុខនោះទេ តែត្រូវចេះសម្តែង និងចេះភាសាផងដែរ ដោយវាជាការសម្តែងលើសពីសិល្បៈទូទៅ និងជាតន្ត្រីដ៏អស្ចារ្យមួយនៅលើពិភពលោក ប្រៀបបានទៅនឹងទស្សនីយភាពដែលមានជីវិត ដែលធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តដិតអារម្មណ៍ជាមួយការសម្តែងនោះ។




លោក Tassilo Brinzer ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា យល់ឃើញថាការរៀបចំព្រឹត្តិការណ៍តន្ត្រី Opera Madama Butterfly នេះមានសារៈសំខាន់ណាស់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា ជាមួយសហភាពអឺរ៉ុប ជាក់ស្តែងដូចជាប្រទេសអ៊ីតាលី និងប្រទេសផ្សេងៗទៀតសុទ្ធសឹងតែជាប្រទេសនៃបណ្តុំមរតកនៃវប្បធម៌ ដែលគួរតែចែករំលែកទៅកាន់ពិភពលោក ហើយតាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវអន្តរជាតិមកកាន់កម្ពុជាផងដែរ។លោក Andy Hewson នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនរបស់លោកជ្រើសរើសឧបត្ថម្ភការរៀបចំ Madama Butterfly ក៏ដោយសារក្រុមហ៊ុនលោក តែងតែគាំទ្រដល់វិស័យសិល្បៈ និងសហគមន៍ក្នុងស្រុក ជាក់ស្តែងដូចជាការគាំទ្រដើម្បីបង្កើតឱ្យមាននូវតន្រ្តីដ៏អស្ចារ្យ Opera Madama Butterfly នេះឡើងនៅកម្ពុជា។ ជាងនេះទៅទៀត លោក Andy Hewson និង លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group ជឿជាក់ថា ការសហការគ្នារវាងអ្នកជំនួញ ជាមួយសិល្បករនិងតន្ត្រីករ វានឹងកាន់តែធ្វើឱ្យមានការបង្កើតនូវស្នាដៃថ្មីៗជាច្រើនទៀតនៅពេលអនាគត៕

